ខេត្តសៀមរាប ៖ តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី បានរងការជន់លិច ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ហើយរូបភាពទឹកលិចភូមិឋាននេះក៏ត្រូវគេបង្ហោះតាមបណ្ដាញសង្គមផងដែរ ។
តំបន់អភិវឌ្ឍន៍រុនតាឯក គឺជាភូមិឋានថ្មីរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ដែលរដ្ឋបានបែងចែកជាដីឡូត៍មានទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនស្របច្បាប់ ។

ក្រោយពីទទួលបានព័ត៌មានពីការជន់លិច ដោយជំនន់ទឹកភ្លៀងនៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ក្រុមកងវិស្វកម្មសម្ដេចតេជោសៀមរាប ក៏បានយកគ្រឿងចក្រទៅកាយបើកផ្លូវទឹកភ្លាមដែរ ដើម្បីកុំឲ្យលិចលង់ផ្ទះសម្បែងនិងដំណាំដាំដុះរបស់ប្រជាពលរដ្ឋតទៅទៀត។
តាមការចុះពិនិត្យមើលស្ថានភាព ដែលភ្នាក់ងារកោះសន្តិភាព បានទៅដល់ទីនោះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានប្រជាពលរដ្ឋប្រាប់ថា រាល់ពេលដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃនោះ គឺតែងតែមានការជន់លិច ឬទឹកដក់នៅតាមទំនាប ដោយសារទឹកហូរតាមប្រឡាយមិនទាន់ ឬក៏ជ្រាបចូលទៅក្នុងដីមិនទាន់ ។ ចំណែកក្រុមមន្ត្រីនិយាយថា ការជន់លិចនេះ ដោយសារក្រុមការងាររៀបចំមិនទាន់ហើយលើហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹក ។

កន្លងមកនេះ មានការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យជន់លិចផ្ទះរបស់ប្រជាពលរដ្ឋ គឺមានន័យថា ការបង្ហោះនោះពួកគេមិនបានគិតគូរឱ្យគ្រប់ជ្រុងជ្រោយឡើយ ។ ដោយសារតំបន់អភិវឌ្ឍន៍រុនតាឯកនេះ គឺជាទីតាំងភូមិថ្មីដែលបងប្អូនបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ។ ម្យ៉ាងទៀត ទីតាំងនោះ កម្លាំងកងវិស្វកម្មសម្តេចតេជោសៀមរាប កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងដាក់ប្រព័ន្ធលូ មិនទាន់រួចរាល់ ទើបធ្វើឱ្យមានការប៉ះពាល់ដល់ភូមិឋានរបស់បងប្អូន ។
នៅថ្ងៃទី២៦ ខែកក្កដា ២០២៣ កម្លាំងកងវិស្វកម្ម បាននាំយកគ្រឿងចក្រទៅជួយអន្តរាគមន៍ភ្លាមៗដែរ ក្នុងគោលបំណងបើកផ្លូវទឹកឱ្យចរន្តទឹកហូរបានលឿន បញ្ចៀសការលិចលង់បន្តទៀតនៅតាមតំបន់មួយចំនួន ក្នុងភូមិឋានរបស់បងប្អូន ។

ស្ត្រីម្នាក់ដែលជាអ្នកស្ម័ត្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មកពីភូមិខ្វៀន មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ និយាយថា ករណីទឹកលិចភូមិឋាននៅតំបន់នេះ ច្រើនតែលិចផ្ទះបងប្អូនដែលមានដីឡូត៍នៅក្នុងទីទំនាបកណ្តាល តែចំពោះដីឡូត៍នៅតាមដងផ្លូវធំៗ មិនលិចលង់អ្វីឡើយ ។
គាត់បន្តថា នៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារាល់ថ្ងៃ ដូចកាលពីថ្ងៃទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ធ្វើឱ្យតំបន់មួយចំនួនលិចរយៈពេលមួយអាទិត្យក៏មានឯកន្លែងខ្លះ២ថ្ងៃ កន្លែងខ្លះទៀតតែមួយយប់ក៏ស្រកអស់ទៅវិញ ។

ចំណែកក្រុមមន្ត្រីនិយាយថា ករណីទាំងនេះគឺមកពីយើងមិនទាន់មានប្រព័ន្ធលូទឹកគ្រប់គ្រាន់ ដែលអាជ្ញាធរកំពុងរៀបចំនៅឡើយ ៕








ចែករំលែកព័តមាននេះ