*ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បច្ចុប្បន្នមានក្តីសោមនស្សរីករាយដែល UEFA ទ្រទ្រង់នៅជាប្រធាន FIFA បន្ត
តាមទីភ្នាក់ងារបរទេសផ្សាយថា ការបោះឆ្នោតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១ មិថុនា ខាងមុខ ដោយរហូតមកដល់ពេលបច្ចុប្បន្នបានមើលឃើញតំរុយប្រធាន FIFA យ៉ាងសន្សឹមៗ ដោយផ្នែកសមាគមបាល់ទាត់អឺរ៉ុប (UEFA) បញ្ជាក់ថា នៅទ្រទ្រង់លោកសេប ប៊្លែតធ័រ ប្រធាន FIFA បច្ចុប្បន្នឱ្យបំពេញតួនាទីបន្ថែមមួយអាណត្តិទៀត ឬជាអាណត្តិទី៤ បន្តបន្ទាប់គ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ UEFA បញ្ជាក់ថា «គណៈកម្មការគ្រប់គ្រងរបស់ UEFA ធ្វើការសម្រេចថា នឹងគាំទ្រយ៉ាងពេញទំហឹងដល់លោកសេប ប៊្លែតធ័រ ក្នុងការបោះឆ្នោតប្រធាន FIFA ហើយយើងបានណែនាំទៅប្រទេសជាសមាជិករបស់ UEFA ត្រូវដំណើរការតាមទិសដៅដូចគ្នា» ។
ស្របពេលជាមួយគ្នានេះ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ បានធ្វើឱ្យស្ថានការណ៍របស់អ្នកប្រកួតប្រជែងដូចជា លោកម៉ូហាម៉េដ ប៊ីន ហាមណាម ប្រធានបាល់ទាត់អាស៊ី (AFC) កាន់តែមានផលវិបាករឹតតែខ្លាំង ព្រោះ UEFA មានសំឡេងឆ្នោតនៃប្រទេសជាសមាជិកដល់ទៅ៥៣ ពី ចំនួនសរុបនៅទូទាំងពិភពលោកដល់ទៅ២០៨សំឡេង ។
កាលពីពេលមុននេះ នៅទ្វីបអាមេរិកខាងត្បូង មាន១០សំឡេងក៏ប្រកាសគាំទ្រលោកប៊្លែតធ័រ ជាប្រធាន FIFA ដូចគ្នា ។
*ប្រធានបាល់ទាត់ក្រូអាទី បានរួចផុតពីការមានទោសក្រោយពីតុលាការប្រកាសឈប់ប្តឹងស្តីពីការជាន់ឈ្លីលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (ខ្ទើយ)
លោកវ៉ាឡាេតហ្គោ ម៉ាកូវិច ប្រធានបាល់ទាត់ក្រូអាទីបានរួចផុតពីការចោទប្រកាន់ បន្ទាប់ពីតុលាការលុបចោលបណ្តឹងមួយក្នុងរឿងក្តីទាក់ទិននឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះសាមីខ្លួនធ្លាប់ផ្តល់បទសម្ភាសន៍រារាំងអ្នកដែលស្រឡាញ់ភេទដូចគ្នាកាលពីឆ្នាំ២០១០។
ក្នុងឆ្នាំ២០១០ លោកម៉ាកូវិច ថ្លែងឱ្យដឹងថា ក្រុមជម្រើសជាតិបាល់ទាត់ក្រូអាទី នឹងគ្មានកីឡាករណាម្នាក់ជាអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងក្រុម និងត្រូវបានប្តឹងព្រោះតែមានវាចាថា «មានតែមនុស្សដ៏ពេញលេញជាលក្ខណៈបុរសប៉ុណ្ណោះដែលលេងបាល់បាន» ។
តំណាងរបស់តុលាការក្រុងហ្សាក្រេប ប្រទេសក្រូអាទីបង្ហើបឱ្យដឹងកាលពីថ្ងៃទី៥ ឧសភា កន្លងមកថា តុលាការបានលុបចោលបណ្តឹងមួយក្នុងចំណោម២រឿងក្តីរបស់លោកម៉ាកូវិច រួចរាល់កាលពីសប្តាហ៍មុន។ ចំណែកការបើកសវនាការរឿងក្តីបន្តនឹងចាប់ផ្តើមឡើងនៅក្នុងខែមិថុនាខាងមុខ ។ ស្របពេលជាមួយ គ្នានេះ សមាគមបាល់ទាត់អឺរ៉ុប (UEFA) ក៏បានធ្វើការសាកសួរលោកម៉ាកូវិច ចំពោះករណីខាលើដែរ។
*គ្រូបង្វឹក Real Madrid ត្រូវបានដាក់បំរាម៥លើកពីសមាគមបាល់ទាត់អឺរ៉ុប UEFA
សមាគមបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចចិត្តដាក់បំរាមដឹកនាំក្លឹបនៅក្បែរទីលានប្រកួតចំនួន៥លើក ទៅលើលោកចូសេ មូរីនញ៉ូ គ្រូបង្វឹក Real Madrid ពីបទល្មើសច្បាប់ស្តីពីឥរិយាបថគ្មានទឹកចិត្តជាកីឡាករ ក្នុងករណីផ្តល់បទសម្ភាសន៍ «មិនសមរម្យ» ក្រោយពេលប្រកួតដែលក្លឹប Read Madrid ចាញ់ក្លឹប Bacelona លទ្ធផល ០-២ កាលពីថ្ងៃទី២៧ មេសា កន្លងមក និងត្រូវពិន័យជាប្រាក់៥០.០០០យូរ៉ូបន្ថែមទៀត ។
ការដាក់ទោសខាងលើ UEFA បានដាក់បំរាមចំនួន១លើករួចមកហើយ ក្នុងពេលប្រកួតយូហ្វាឆេមពានលីក ជុំពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកទី២ ដែល Real Madrid លេងត្រឹមស្មើជាមួយ Barcelona ១-១ កាលពីថ្ងៃទី៣ ឧសភា ចំណែក១លើកទៀត រំពឹងថា នឹងដាក់បំរាមក្នុងអំឡុងពេល៣រដូវកាលយូហ្វាឆេមពានលីកខាងមុខ។
រីឯ៣លើកទៀត លោកមូរីនញ៉ូ នឹងមិនបានដឹកនាំក្លឹបនៅក្បែរទីលានប្រកួត៣លើកដំបូងនៃបាល់ទាត់អឺរ៉ុបនៅរដូវកាលក្រោយ។ទោះជាយ៉ាងណាក៏ដោយ ក្លឹប Real Madrid ឱ្យដឹងថា នឹងដាក់សំណើប្តឹងឧទ្ធរណ៍បន្ត។
សម្រាប់ពាក្យនៅក្នុងការផ្តល់បទ សម្ភាសន៍របស់គ្រូបង្វឹកមូរីនញ៉ូ មានខ្លឹមសារថា «ប្រសិនបើក្លឹបណាមួយជួបនឹងក្លឹប Bace-lona ពួកគេគ្មានផ្លូវឈ្នះឡើយ ខ្ញុំមិនដឹងថា តើវាជាអំណាចរបស់លោកអង់ខេល វីយ៉ា ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនៅក្នុងសមាគមបាល់ទាត់អឺរ៉ុប (UEFA) ឬ UNICEF ដែរឬអត់?
ចែករំលែកព័តមាននេះ