រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១០ ឧសភា លោកឃុន លាង ម៉េង ចៅក្រមសាលាឧទ្ធរណ៍បានប្រកាសពន្យារពេលសវនាការបណ្តឹងឧទ្ធរណ៍របស់លោកសម រង្ស៊ី ទាក់ទងនឹងរឿងផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំឯកសារស្តីពីបញ្ហាព្រំដែនដែលតាមការគ្រោងទុកនឹងបើកធ្វើនៅព្រឹកថ្ងៃទី១០ ឧសភា ២០១១ នេះតែត្រូវពន្យារពេលវិញ ដោយសារតែភាគីលោកសម រង្ស៊ី គ្មានមេធាវីការពារក្តី ហើយបានទុកពេលឱ្យជនជាប់ចោទសម រង្ស៊ី រយៈពេល៣០ថ្ងៃក្នុងការស្វែងរកមេធាវីការពារក្តី។
ទោះបីជាយ៉ាងណា មេធាវីរបស់រដ្ឋាភិបាលគឺលោកគី តិច បានអញ្ជើញចូលរួមសវនាការតាមការគ្រោងទុក។ គេក៏បានឃើញលោកជួង ជូងី ដែលធ្លាប់ជាមេធាវីការពារក្តីឱ្យលោកសម រង្ស៊ី មានវត្តមាននៅសាលាឧទ្ធរណ៍ផងដែរ តែចៅក្រមបានអះអាងថា លោកសម រង្ស៊ី មិនបានដាក់ពាក្យទៅសាលាឧទ្ធរណ៍ថា មានមេធាវីការពារក្តីទេ ដែលជាហេតុធ្វើឱ្យតុលាការពន្យារពេលសវនាការលើសំណុំរឿងព្រហ្មទណ្ឌនេះ។
លោកចៅក្រមឃុន លាងម៉េង នៃសាលាឧទ្ធរណ៍បានប្រកាសលើកពេលសនាវការ និងប្រកាសទុកពេលឱ្យលោកសម រង្ស៊ី ៣០ថ្ងៃ ដើម្បីរកមេធាវី បើមិនដូច្នោះទេ សាលាឧទ្ធរណ៍នឹងស្នើទៅគណៈមេធាវីដើម្បីរកមេធាវីឱ្យលោក សម រង្ស៊ី ។ លោកជួង ជូងី ដែលធ្លាប់ការពារក្តីឱ្យលោកសម រង្ស៊ី ជាច្រើនដងមកហើយនោះមិនត្រូវបានលោកសម រង្ស៊ី ពឹងពាក់ជាផ្លូវការឱ្យមកការពារក្តីទៀតទេ តែលោកជួង ជូងី បានបង្ហាញខ្លួននៅឯអង្គសវនាការក្នុងនាមជាអ្នកបង្ហាញឯកសារដើម្បីដោះបន្ទុកលោកសម រង្ស៊ី ៕
ចែករំលែកព័តមាននេះ