ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ចិន​ម្នាក់ ​សិក្សា​នៅ​ជប៉ុន ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន ឲ្យ​មក​កម្ពុជា បង្គាប់​ធ្វើ​ដូច​គេ​ចាប់ជំរិត ហើយ​ទារប្រាក់​ពី​គ្រួសារ ១,៤​លាន​ដុល្លារ​អា​មេ​រិ​ក

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កម្ពុជា បាន​ជួយ​សង្គ្រោះ​ក្មេង​ស្រី​ជនជាតិ​ចិន​ម្នាក់ រស់នៅ​ប្រទេស​ជប៉ុន ដែល​បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ក្លែងបន្លំ​ជា​នគរបាល​នៃ​ប្រទេស​ចិន ហើយ​បាន​ណែនាំ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក​ប្រទេស​កម្ពុជា ដើម្បី​ថតរូប និង​ធ្វើ​វី​ដេ​អូ​សម្ដែង​ថា រង​គ្រោះ​ដោយ​អំពើ​បង្ខាំង…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កម្ពុជា បាន​ជួយ​សង្គ្រោះ​ក្មេង​ស្រី​ជនជាតិ​ចិន​ម្នាក់ រស់នៅ​ប្រទេស​ជប៉ុន ដែល​បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ក្លែងបន្លំ​ជា​នគរបាល​នៃ​ប្រទេស​ចិន ហើយ​បាន​ណែនាំ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក​ប្រទេស​កម្ពុជា ដើម្បី​ថតរូប និង​ធ្វើ​វី​ដេ​អូ​សម្ដែង​ថា រង​គ្រោះ​ដោយ​អំពើ​បង្ខាំង និង​ចាប់ជំរិត​នៅ​កម្ពុជា ដោយ​ក្រុម​ឧក្រិដ្ឋជន​បាន​ជម្រិត​ទារប្រាក់​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​២០០​លាន​យ៉េន ប្រមាណ ១,៤​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ឧត្តមសេនីយ៍ត្រី គី វ​ណ្ណា​រ៉ា សមាជិក​ក្រុមការងារ​ឆ្លើយ​តប​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា​នេះ​ថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ នគរបាល​ជាតិ​កម្ពុជា បាន​ទទួល​ព័ត៌មាន​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ស្ត្រី​ម្នាក់​ឈ្មោះ YI ជា​ជនជាតិ​ចិន រស់នៅ​ប្រទេស​ជប៉ុន បាន​ស្នើ​សុំ​សមត្ថកិច្ច​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក និង​សង្គ្រោះ​កូនស្រី​របស់​គាត់​ឈ្មោះ LAN អាយុ​១៩​ឆ្នាំ ជា​និស្សិត នៃ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​ជប៉ុន ថា កំពុង​ត្រូវ​បាន​រង​ការ​ចាប់ជំរិត​នៅ​កម្ពុជា ។

ការ​ប្ដឹង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ស្វែងរក និង​សង្គ្រោះ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ត្រី​ជា​ម្ដាយ​បាន​បាត់​ទំនាក់ទំនង​ជាមួយ​កូនស្រី​របស់​គាត់​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ដដែល មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទូរ​សព្ទ​ប្រាប់​ថា កូនស្រី​គាត់​កំពុង​ស្ថិត ក្នុង​ដៃ​របស់​ពួក​គេ​នៅ​ប្រទេស​កម្ពុជា អម​ជាមួយ​រូបថត និង​វី​ដេ​អូ ហើយ​បាន​ជំរិត​ទារប្រាក់​២០០​លាន​យ៉េន បន្ទាប់​មក​មានការ​ចរចា​តម្លៃ​ត្រឹម​៣០​លាន​យ៉េន (​ប្រមាណ ២១​ម៉ឺន​ដុល្លារ​) ។

ក្រោយ​ទទួល​បាន​ប្ដឹង​របស់​ស្ត្រី​ខាងលើ កម្លាំង​សមត្ថកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​គ្នា​ស្រាវជ្រាវ ហើយ​ជា​លទ្ធផល ក្នុង​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ដដែល យើង​បាន​ស្វែងរក​ឃើញ​ក្មេង​ស្រី នៅ​ទីតាំង​សណ្ឋាគារ​មួយ​កន្លែង ដោយ​ស្នាក់​នៅ​ម្នាក់ឯង និង​ពុំ​មាន​ស្ថានភាព​រង​គ្រោះ នៃ​អំពី​ចាប់ជំរិត​អ្វី​ឡើយ ។

លោក​ឧត្តមសេនីយ៍ត្រី គី វ​ណ្ណា​រ៉ា បន្ត​ថា តាម​ការ​សាកសួរ​ដោយ​សមត្ថកិច្ច ក្មេង​ស្រី​នេះ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ចូល​ប្រាប់​ថា គេ​ជា​សមត្ថកិច្ច​នគរបាល នៃ​ប្រទេស​ចិន កំពុង​ស៊ើបអង្កេត​បទល្មើស​លើ​នាង ព្រោះ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់ ហើយ​ប្រាក់​ដែល​ឆបោក​នោះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​គណនី​របស់​ក្មេង​ស្រី​រូប​នេះ​។ នាង​ត្រូវ​បាន​គេ​គំរាម​ឲ្យ​រក្សា​ការ​សម្ងាត់ ដោយ​មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ឡើយ និង​ត្រូវ​សហការ​ធ្វើ​តាម​ការ​ណែនាំ​នានា បើ​ពុំនោះ​ទេ នឹង​ត្រូវ​ចាប់ខ្លួន ហើយ​មាន​បញ្ហា​ដល់​គ្រួសារ​ទាំងមូល​តែ​ម្ដង ។

ក្មេង​ស្រី​នេះ​ត្រូវ​បាន​ជនល្មើស ណែនាំ​ឲ្យ​ធ្វើ​តាម​មួយ​ចំនួន​រួម​មាន ផ្ដល់​គណនី​បណ្ដាញ​ទំនាក់ទំនង LINE ដែល​ប្រើ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ម្ដាយ​ឲ្យ​ទៅ​ពួក​គេ ហើយ​គណនី​នេះ​ក្រោយមក​ត្រូវ​បាន​ជនល្មើស​ប្រើ​បញ្ជូន​រូបថត វី​ដេ​អូ និង​ជំរិត​ទារប្រាក់​ពី​ស្ត្រី​ជា​ម្ដាយ​។ រាល់​ទំនាក់ទំនង​ជាមួយ​ពួក​គេ ត្រូវធ្វើ​តាម​ប្រព័ន្ធ YiChat (​បណ្ដាញ​ទំនាក់ទំនង​គ្មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​) ហើយ​ត្រូវ​លុប​សារ​ទាក់ទង​ចោល​រៀងរាល់ថ្ងៃ​។ ឲ្យ​ធ្វើការ​វេរ​ប្រាក់​ទាំងអស់ ក្នុង​គណនី​ចេញ​ទៅ​ឲ្យ​ពួក​គេ ដោយ​អះអាង​ថា ដើម្បី​ពិនិត្យ​ភាព​ត្រឹមត្រូវ ហើយ​ក្មេង​ស្រី​រូប​នេះ​បាន​វេរ​ប្រាក់​អស់​ចំនួន ៧៥​ម៉ឹ​ន​យ៉េន ប្រមាណ​ជា ៥​ពាន់​ដុល្លារ ។ តម្រូវ​ឲ្យ​នាង​រក​លុយ​បន្ថែម ៥​លាន​យ៉េន ប្រមាណ ៣​ម៉ឺន ៥​ពាន់​ដុល្លារ ដើម្បី​ដាក់​ក្នុង​គណនី​ហើយ​ផ្ទេរ​ទៅ​ឲ្យ​ពួក​គេ ដើម្បី​ផ្ទៀង​ផ្ទាល់​ភាព​ស្អាតស្អំ និង​បញ្ចប់​បញ្ហា​។ ដោយសារ​មិន​អាច​រក​ប្រាក់​តាម​កំណត់​បាន ជនល្មើស​បាន​ណែនាំ​ឲ្យ​នាង​ធ្វើ​ដំណើរ​មក​កម្ពុជា ដោយ​រក​កន្លែង​ស្នាក់​នៅ ទិញ​ថ្នាំលាបក្រចក ពណ៌​ក្រហម កន្ត្រៃ ស្គុ​តរុំ រួច​គូស​ធ្វើ​ស្លាកស្នាម​រង​របួស បន្ទាប់​មក​រៀបចំ​ថត​វី​ដេ​អូ ដោយ​ខ្លួនឯង សម្ដែង​ជា​សកម្មភាព​រង​ការ​បង្ខាំង​ចាប់ជំរិត ហើយ​បញ្ជូន​វី​ដេ​អូ​ទាំងនោះ ឲ្យ​ទៅ​ពួក​គេ ដែល​ជា​ជនល្មើស​។

តាម​រយៈ​លទ្ធផល​ស្រាវជ្រាវ និង​ស្វែងរក​ក្មេង​ស្រី​ក្នុង​ករណី​នេះ សមត្ថកិច្ច​កម្ពុជា​សម្រេច​បាន​ដោយ​ជោគជ័យ និង​បាន​ប្រគល់​ក្មេង​ស្រី​រង​គ្រោះ​ជូន​ឲ្យ​ទៅ​ម្ដាយ និង​ក្រុម​គ្រួសារ​វិញ​ដោយ​សុវត្ថិភាព​។

លោក​ឧត្តមសេនីយ៍ត្រី គី វ​ណ្ណា​រ៉ា បាន​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស ដោយ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​ធ្វើ​សកម្មភាព​តាមតែ​អំពើ​ចិត្ត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​សុំ​ឲ្យ​បញ្ឈប់ និង​លះបង់​គំនិត ក្នុង​ការ​ប្រើប្រាស់​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​របស់​ពួក​អ្នក​។ ទន្ទឹម​នេះ សមត្ថកិច្ច​កម្ពុជា ក៏​កំពុង​សហការ​ជាមួយ​ភាគី​បរទេស ដើម្បី​ស៊ើបអង្កេត​បន្ត​រក​ជនល្មើស ដែល​នៅ​ពីក្រោយ​ករណី​នេះ​ផង​ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រគល់​នាង​ទៅ​គ្រួសារ​វិញ ហើយ​ក៏​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ ៕

អត្ថបទសរសេរ ដោយ