ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ ៤​​​នាក់ ត្រូវចាប់ខ្លួន ក្រោយ​​​លួច​​កាត់​ខ្សែ​​ភ្លើង ​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌ​ដង្កោ បានធ្វើការស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ ចំនួន ៤នាក់ ក្រោយពីទទួលពាក្យបណ្ដឹងរបស់មន្រ្តីអគ្គិសនីកម្ពុជា បន្ទាប់ពីក្រុម​​ជន​សង្ស័យខា​ង​លើ ធ្វើ​សកម្មភាពលួច​កាត់ខ្សែភ្លើងបណ្តាញមេ (LV) និងលួចនាឡិកាស្ទង់​របស់​អគ្គិសនី​កម្ពុជា នៅទីតាំង P-1056-F2 កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុង​ភូមិ​ស្រុក​ចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០៤នាក់ខាងលើនោះ រួមមាន៖ ១/ឈ្មោះ ដាច់ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មាន​ទីលំនៅភូមិស្រុកចេក  សង្កាត់ជើងឯក ខណ្ឌដង្កោ ២/ឈ្មោះ មាស ទូច ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។ ៣/ឈ្មោះ យ៉ាន់ វណ្ណះ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ​ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ៤/ឈ្មោះ អ៊ឹម សុខាខៃ ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ​។

កម្លាំងកងរាជអាវុធហត្ថដកហូត បានវត្ថុតាងមួយចំនួន មានដូចជា ឧបករណ៍​សម្រាប់កាច់​សោម៉ូតូមួយចំនួន, សោរាងអក្សរ T២ដើម , ដង្កាប់ ១ដើម , ដាវ ១ដើម , ទួនណាវ៉ីស ១ដើម។ ដោយឡែក អ្នកដាក់ពាក្យប្ដឹងឈ្មោះ ណុប ថន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមន្ត្រី​អគ្គិសនី​កម្ពុជា  មានទីលំនៅផ្ទះលេខ ១៦៥A ផ្លូវលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

មន្រ្តីកងរាជអាវុធហត្ថខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបាននូវពាក្យបណ្តឹងពី​មន្រ្តីអគ្គិសនី​កម្ពុជា​ខាងលើនោះ រួចកម្លាំងកងរាជអាវុធហត្ថ​ខណ្ឌ​ដង្កោ បានចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​កំណត់មុខសញ្ញាក្រុមជនសង្ស័យ ១ក្រុមនេះ។ បន្ទាប់មក នៅវេលាម៉ោងប្រមាណជាង ៩ព្រឹក​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក៏បានចុះទៅធ្វើការឃាត់ខ្លួន បានជាបន្តបន្ទាប់ នៅក្នុងភូមិស្រុក​ចេក សង្កាត់ជើងឯក រួចបាននាំយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោមួយ​ជំហ៊ាន បន្ទាប់មក បញ្ជូនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់តែម្ដង៕ យន់ ស៊ីថា