រាជធានីភ្នំពេញ ៖ ការឱ្យទានគប្បីឱ្យដោយចិត្តស្មោះចំពោះទាន ដោយគ្មានបំណងចង់បានការតបស្នងអំពីគេវិញឡើយ តែបើបុគ្គលឱ្យរបស់អ្វីម្យ៉ាងទៅអ្នកណា ហើយរំពឹងចង់បានការតបស្នងវិញ បុគ្គលនោះមិនមែនជាអ្នកធ្វើទានដោយចិត្តបរិសុទ្ធទេ គឺជាអ្នកធ្វើទានបែបវិនិយោគ ។

ជាក់ស្តែង កាលពីកន្លងមកនេះ លោកម្ចាស់គ្រូ សាន សុជា (កាលលោកគ្រូ គង់នៅភេទជាសង្ឃ) ធ្លាប់បានមានសង្ឃដីកាថា សេចក្តីបរិសុទ្ធបុណ្យច្រើន ឬតិច ញាតិញោមស្តាប់យូរទៅៗញាតិញោមធ្វើបុណ្យស្រឡះចិត្ត ហើយទៅវត្តឈប់ខ្មាសគេហើយ ហើយក៏ឈប់គិតថា វត្តអ្នកមានបានទៅ អ្នកក្របានទៅក៏ឈប់គិតដែរ ។ នៅពេលដែលយើងមិនទាន់យល់បុណ្យ យើងទៅឃើញគេចូលច្រើន ឯងអត់អីចូល ខ្មាសគេដល់ហើយ (មានអ្នកខ្លះអ៊ីចឹង) បើមានក៏ចូលដែរ តែឯងអត់មាន គេចូល១ម៉ឺន ឯងចូល១ពាន់រៀលដូចមិនសម ញាតិញោមធ្លាប់អ៊ីចឹងដែរទេ? អ៊ីចឹងប្រឹងឲ្យបាន១ម៉ឺនគេដែរទៅ អាប្រឹងហ្នឹងគ្រាន់តែកុំឲ្យខ្មាសគេទេ មិនមែនយកបុណ្យទេ ។ នៅពេលដែលញាតិញោមយល់បុណ្យពិតប្រាកដ ធ្វើប៉ុន្មានបានប៉ុណ្ណឹង ធ្វើប៉ុណ្ណា បានប៉ុណ្ណឹង បុណ្យ គឺពេញទឹកល្អ ។

លោកគ្រូ សាន សុជា កាលនៅភេទជាសង្ឃ បានបន្តនៅក្នុងវីដេអូយូធូបលោកគ្រូថា ៖ ញាតិញោមអាត្មាសួរថា មកធ្វើបុណ្យហ្នឹងចង់បានបុណ្យច្រើនទេ? ហើយដឹងបុណ្យច្រើនហ្នឹងម៉េចទេ? បុណ្យច្រើនទាល់តែចូលលុយច្រើន អ៊ីចឹងអី? ពាក្យថា ច្រើនក្នុងទីនេះ មិនមែនចំនួនច្រើនទេ គឺច្រើនក្នុងចិត្តរបស់យើង ។ ឧទាហរណ៍ ៖ ច្រើនបំផុតរបស់យើងប៉ុន្មាន យើងមាន១០០០ អ៊ីចឹងច្រើនរបស់យើងបំផុតគឺ១០០០ មិនមែនអ្នកដទៃថាច្រើនទេ គឺច្រើនក្នុងចិត្តរបស់យើង ហើយតិចក្នុងចិត្តរបស់យើងហ្មាន ១០០ ច្រើនក្នុងចិត្តរបស់យើងគឺ១០០០ ហ្នឹងគឺ ច្រើនបំផុតហើយក្នុងហោប៉ាវរបស់យើង ៥០០គឺមធ្យម ១០០តិច ១០០០គឺច្រើន ។ ចុះអ្នកមានលុយ១ម៉ឺនក្នុងហោប៉ាវ ច្រើនបំផុតរបស់គាត់គឺហ្មាន? គឺ១ម៉ឺន ។ ចុះអ្នកមានលុយក្នុងហោប៉ាវ១០ម៉ឺន មានលុយច្រើនបំផុតរបស់គាត់ហ្មាន ?គឺ១០ម៉ឺន ធម្យមរបស់គាត់ហ្មានគឺ៥ម៉ឺន តិចរបស់គាត់ហ្មាន គឺ១០០០ ។ អ៊ីចឹងម្នាក់មានលុយ១០០០ ម្នាក់មានលុយម៉ឺន ម្នាក់មានលុយ១០ម៉ឺន យើងសួរថា ឲ្យអ្នកទាំងអស់គ្នាហ្នឹង ចូលឲ្យច្រើនបំផុតរបស់ពួកគាត់ហ្នឹងស្មើគ្នាទេ? ចំនួនលុយស្មើគ្នាទេ? ប៉ុន្តែខាងក្នុងអាចស្មើគ្នាបាន ។ អ៊ីចឹងបានអាត្មារៀនសម្រួលប្រភាគ ១ភាគ១ និង២ភាគ២ ណាធំជាង? គឺប៉ុនគ្នា ។ ២ភាគ២ និង១០ភាគ១០ គឺស្មើគ្នា ។

ទន្ទឹមនោះដែរ លោកគ្រូ សាន សុជា មានសង្ឃដីកាថា ៖ ឥឡូវពាក្យថា ចូលច្រើនបានច្រើន អ៊ីចឹងអ្នកមានលុយ១០០០គេចូល១០០០ ហ្នឹងគាត់ចូលទាំងអស់របស់គាត់ គឺច្រើនសម្រាប់គាត់ ដល់អ្នកមាន១ម៉ឺន គាត់ចូល១ម៉ឺនហ្នឹងតែម្តង អាហ្នឹងគឺច្រើនសម្រាប់គាត់ ហើយអ្នកមាន១លានដាក់១លានបានច្រើនសម្រាប់គាត់ បើអ្នកមាន១លានចូលតែ៥០ បានតែមធ្យមទេចឹង? អ៊ីចឹងច្រើន ឬតិចនៅក្នុងកម្លាំងលះបង់ញាតិញោម ខ្លះគេចូល១ម៉ឺនពិតមែន តែគេសល់១០ម៉ឺន ២០ម៉ឺនទៀតនោះ ។ អ្វីដែលសំខាន់ គឺនៅក្នុងចិត្តឯនេះ អ៊ីចឹងពាក្យថា ចូលច្រើន បានច្រើន ចូលតិចបានតិច ត្រូវវែកញែកឲ្យច្បាស់កន្លែងហ្នឹង មិនមែនយកលុយមកវាស់គ្នានោះទេ ។ ច្រើនបានច្រើន អ៊ីចឹងបើ១លានត្រូវចូល១លានទេ វាមិនមែនទេ បើគ្នាមានតែ១០ម៉ឺនឲ្យចូល១លានម៉េច? ។

បន្ថែមពីនេះទៀត លោកគ្រូ សាន សុជា បានមានសង្ឃដីកាបន្តថា បុណ្យនៅក្នុងចិត្ត ញាតិញោមចាំថា នឹងយកទៅគិត បុណ្យមិនអាចអ្នកណាកម្ទេចបានឡើយ សីម៉ា គេកម្ទេចបាន ឬក៏និមិត្តសញ្ញាដែលសង្ឃសូត្រចងហ្នឹង ដែលស្ថិតថេររហូតដល់អស់ពុទ្ធសាសន៍កក៏នៅតែអស់ តែបុណ្យមិនចេះសាបសូន្យទេ លើកលែងតែអស់អំណាចរបស់វា ។ ប្រសិនបើយើងមិនធ្វើហេតុនាំឲ្យអស់បុណ្យទេ បុណ្យនៅតែមិនចេះអស់ទេ មានតែចម្រើនឡើងៗរហូដល់មានពេលមួយយើងចេញពីលោកនេះទៅកាន់ព្រះនិព្វាន ។ បុណ្យមិនមែនដូចលុយទៀត ចាយច្រើនចម្រើនឡើង បុណ្យមិនខុសពីចំណេះដឹងទេ ជាធម្មជាតិនៅក្នុងចិត្ត មិនខុសពីចំណេះដឹងទេ ចំណេះដឹងកាន់តែប្រើកាន់តែស្ទាត់ ហៅថាទេព្យកោសល្យ ។ បុណ្យក៏អ៊ីចឹងដែរ កើតឡើងពីការសន្សំ សន្សំហើយសន្សំទៀត ៕
ចែករំលែកព័តមាននេះ