ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញសម្រុកនាំគោក្របី ឆ្លងដែន ទៅប្រទេស​វៀតណាម ក្នុង ១ថ្ងៃ ៤០០ ទៅ ៥០០ក្បាល នៅច្រករបៀងស្វាយអាង៉ោង ស្រុកកំពង់​ត្របែក

9 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង៖ មានឈ្មួញនាំសត្វគោក្របីរាប់រយក្បាល ឆ្លងដែនចេញទៅប្រទេសវៀតណាម តាមច្រករបៀងស្វាយអាង៉ោង ស្ថិតក្នុងភូមិស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៦…

ខេត្តព្រៃវែង៖ មានឈ្មួញនាំសត្វគោក្របីរាប់រយក្បាល ឆ្លងដែនចេញទៅប្រទេសវៀតណាម តាមច្រករបៀងស្វាយអាង៉ោង ស្ថិតក្នុងភូមិស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ នៅចំណុចច្រករបៀងស្វាយអាង៉ោង ព្រំដែន​កម្ពុជា-វៀតណាម។

បុរសម្នាក់ រស់នៅ​ឃុំកំពង់ត្របែក បានឲ្យដឹងថា គាត់ជាអ្នកចិញ្ចឹមគោក្តាម ក្នុង ១ក្បាល លក់បានតម្លៃ ៩០០,០០០រៀល។ គាត់ត្រូវបង់ឲ្យមន្ត្រីពេទ្យសត្វ ១ក្បាល ៤,០០០រៀល និងបង់ឲ្យ ក្រុមហ៊ុន នាំចេញ ១ក្បាល ៥០,០០០រៀល។ រីឯក្របី ០១ក្បាល លក់បាន ៤លាន ទៅ ៥លានរៀល។

ចំណែកបុរសម្នាក់ទៀត មកពីខេត្តកំពង់ធំ បានឲ្យដឹងថា គោកូនកាត់ ១ក្បាល លក់ដល់ដៃឈ្មួញ​វៀតណាម ១ក្បាល តម្លៃ ៤លានរៀល ទៅ ៤លាន ៤សែនរៀល។ ក្នុងនោះ ត្រូវបង់ពន្ធ១ក្បាល ១០ម៉ឺនរៀល បង់ឲ្យពេទ្យសត្វ ១ក្បាល ៨ពាន់រៀល និងបង់សមត្ថកិច្ច តាមផ្លូវពីខេត្តកំពង់ធំ មកដល់ព្រំដែនស្វាយអាង៉ោង អស់ ៥ម៉ឺនរៀល ចំណាយថ្លៃរថយន្តដឹកគោ ១០ក្បាលអស់ ៨០ម៉ឺនរៀល។

ទាក់ទិនករណីនេះ លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល​នៃមន្ទីរកសិកម្ម ខេត្តព្រៃវែង បានឲ្យដឹងថា ​ក្រុមហ៊ុន អង្គរសុខសែនជ័យ ឯ.ក ដែលមានម្ចាស់ក្រុមហ៊ុន គឺលោកឧកញ៉ា ជឹម សុខ ជាអ្នកនាំចេញគោក្របី ចេញទៅវៀតណាម ដោយក្រុមហ៊ុននេះ មានអាជ្ញាប័ណ្ណ ធ្វើអាជីវកម្មប្រមូលទិញ និងនាំចូលសត្វគោក្របីសេះ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣កញ្ញា ឆ្នាំ២០២៣ នេះ ដោយនាំចេញ​តាមច្រកអន្តរជាតិនិងច្រកផ្លូវការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល អនុញ្ញាត។

លោកប្រធានការិយាល័យ បន្តថា ក្នុងអាជ្ញាប័ណ្ណ គឺក្រុមហ៊ុន បានប្រមូលទិញសត្វគោក្របី ដើម្បីនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃ ចំនួន ២០០,០០០ក្បាល។ នាំសត្វគោក្របីពីប្រទេសថៃ និងប្រទេសវៀតណាម មកព្រះរាជាណាចក្រកម្ពុជា ចំនួន ២០០,០០០ក្បាល​។ នាំសត្វគោក្របីពីប្រទេសថៃ ទៅប្រទេសវៀតណាម ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា ចំនួន១០០,០០០ក្បាល។ នាំសត្វគោក្របី ពីប្រទេសអាហ្វ្រិកខាងត្បូង កេនយ៉ា បង់ក្លាដេស ប្រេស៊ីល កូឡាំប៊ី ទៅប្រទេសវៀតណាម ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា ចំនួន ១០០,០០០ក្បាល។

លោកបញ្ជាក់ថា ក្រុមហ៊ុនអង្គរសុខសែនជ័យ ឯ.ក និងក្រុមហ៊ុនយុវពាណិជ្ជ មានអាជ្ញាប័ណ្ណ នាំសត្វគោក្របីរស់ចេញពីកម្ពុជា ទៅប្រទេសវៀតណាម ក្នុង ១ខែ ចំនួន ៥ម៉ឺនក្បាល ហើយនៅច្រករបៀងស្វាយអាង៉ោង គឺមានមន្ត្រីពេទ្យសត្វប្រចាំការ និងគ្រាន់តែពិនិត្យ​មើលឯកសារ ដើម្បីកាត់ស្តុកប៉ុណ្ណោះ ពុំមានបង់សេវា នាំចេញនោះទេ។

លោក ចិន វិសាល បានបញ្ជាក់ទៀតថា មន្ត្រីពេទ្យសត្វ ដែលឈរជើងនៅច្រកស្វាយអាង៉ោងដែលជាទីតាំងនាំចេញសត្វគោក្របីនោះ គ្រាន់តែពិនិត្យឯកសារ និងសុខភាពសត្វគោក្របី មុននាំចេញទៅបរទេសទេ គឺពុំមានបង់ថ្លៃសេវាពីក្រុមហ៊ុនឡើយ។ ចំពោះប្រជាពលរដ្ឋដែលរកស៊ីនាំសត្វគោក្របី​ ជ្រកក្រោមអាជ្ញាប័ណ្ណ ហើយក្រុមហ៊ុន តម្រូវឱ្យប្រជាពលរដ្ឋ បង់ប្រាក់យ៉ាងណានោះ គឺលោក មិនបានដឹងទេ។

យ៉ាងណាក៏ដោយ អ្នកភូមិ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរខាងលើ បានធ្វើក្រោលគោ ក្រោលក្របី ចំណតក្រោលគោ ក្រោលក្របី «ស្វាយអាង៉ោង» នៅខាងជើងច្រករបៀងស្វាយអាង៉ោង​ចម្ងាយ ១០០ម៉ែត្រ ស្ថិតនៅភូមិស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពបន្តថា នៅជិតប៉ុស្តិ៍នគរបាលច្រក​ព្រំដែនស្វាយអាង៉ោង គឺមានក្រោលគោ ក្រោលក្របី និងមានដឹក តាមរថយន្តធុនយក្ស និងដឹកតាមរថយន្តខ្នាត ២តោនកន្លះ ហើយក៏មានគោក្នុងស្រុក ដឹកតាមរ៉ឺម៉កម៉ូតូ។

​ទាក់ទិនករណីនេះ​ លោកឧកញ៉ា ជឹម សុខ ដែលជាម្ចាស់ក្រុមហ៊ុន មានអាជ្ញាប័ណ្ណ នាំគោក្របី ចេញទៅប្រទេសវៀតណាម បានប្រាប់កោះសន្តិភាពថា ការនាំចេញសត្វគោក្របី ទៅក្រៅប្រទេស បានច្រើន​កាលណា គឺកាន់តែប្រសើរដល់ជីវភាពប្រជាពលរដ្ឋអ្នកចិញ្ចឹម គោ ក្របី និងជ្រូក មានទីផ្សារនាំចេញ។

លោកឧញ៉ា ជឹម សុខ បន្តថា ក្រុមហ៊ុនលោក បានប្រមូលទិញសត្វគោក្របី តាមបណ្តាខេត្តទូទាំង​ប្រទេស ហើយការនាំចេញ គឺថ្ងៃខ្លះ បាន ១០០ក្បាល ទៅ ១៥០ក្បាល គឺតាមឈ្មួញវៀតណាម គេមកទិញ។ ដូច្នេះបើឈ្មួញវៀតណាម មិនទិញ ត្រូវដាក់នៅក្នុងក្រោលសិន ទើបគោក្របី នៅសល់ក្នុងក្រោលច្រើន ហើយការនាំចេញសត្វគោក្របី នៅពេលយប់ តាមច្រករបៀង ដោយភាគីវៀតណាម គេមិនឲ្យនាំចេញតាមផ្លូវត្រង់នៃច្រកព្រំដែននោះទេ​ ទើបដឹកទៅចុះ តាមព្រែកព្រំដែន។

លោកឧកញ៉ា ជឹម សុខ បានបញ្ជាក់ថា ចំពោះការលើកឡើងថា មានឈ្មួញដេញក្របីបន្លំក្របី​គោអ្នកស្រុក រួចដេញចុះព្រែកឆ្លងដែន ទៅប្រទេសវៀតណាមនោះ គឺលោកមិនដឹងថា ជាក្រុមហ៊ុន​ណាដែរ។

ទាក់ទិនករណីខាងលើនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានមានប្រសាសន៍ថា ចំពោះការនាំចេញសត្វគោក្របី ទៅប្រទេសវៀតណាម គឺក្រុមហ៊ុន មានច្បាប់អនុញ្ញាតពីក្រសួង។ ដូច្នេះលោក និងមន្ត្រីពេទ្យសត្វ មិនប៉ះពាល់ទេ ហើយចំពោះប្រជាពលរដ្ឋ ក្នុងស្រុក រកស៊ីប្រមូលទិញនាំចេញ ហើយត្រូវក្រុមហ៊ុន មានច្បាប់នាំចេញ តម្រូវឱ្យ​បង់ប្រាក់នោះ ក៏លោកមិនដឹងដែរ។

​​​មន្ត្រី​ពេទ្យសត្វម្នាក់ សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា មានឈ្មួញរកស៊ីនាំសត្វគោក្របី ឆ្លងដែនទៅប្រទេសវៀតណាម នៅច្រករបៀងស្វាយអាង៉ោង និងក្រសាំងជ្រំ ទាំងមានច្បាប់ និងអត់ច្បាប់ មានរហូតដល់ ២០ក្រុមហ៊ុន។ ក៏ប៉ុន្តែគេត្រូវបង់លុយ​ឲ្យក្រុមហ៊ុន ដែលមានច្បាប់ ដោយគោក្តាម ១ក្បាល ៥ម៉ឺនរៀល គោកូនកាត់ ១០ម៉ឺនរៀល ក្របី ១ក្បាល ១០ម៉ឺនរៀល​។ ចំណែក​ក្រុមហ៊ុនមានអាជ្ញាប័ណ្ណនោះ បានយកលុយ ទៅបែងចែកឲ្យសមត្ថកិច្ចជំនាញ តាមស្ថាប័ន ដែលឈរជើង នៅព្រំដែននោះ៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ