ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្ទាវ​​២នាក់​​លួច​កាបូប​លុយ​មន្ត្រី​យោធា៣​ថ្ងៃ​ក្រោយ​ត្រូវ​ចាប់​ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ ជន​សង្ស័យ​​​២​នាក់​​​ ត្រូវ​បាន​មន្ត្រី​​​យោធា​​ការពារ​ព្រំដែន​​គោក​ ឈរជើង​ក្នុង​ភូមិសាស្ត្រ​​ភូមិ​ចំការគ ឃុំ​​ស្វាយ​ចេក ស្រុកក​ស្វាយ​ចេក​ ​សហការ​ជាមួយ​​​មេភូមិ​ចំការ​គ ចាប់​ខ្លួន​​នៅ​វេលា​ម៉ោង​​១០​និង​៥០​នាទី​ព្រឹក​​ថ្ងៃទី​៨ ខែឧសភា ​ឆ្នាំ​​២០១១ រួច​នាំ​យក​​មក​ប្រគល់​​ឱ្យ​កម្លាំង​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​​ឃុំ​ស្វាយ​​ចេក ដើម្បី​បំពេញ​សំណុំ​រឿង

ខេត្ត​បន្ទាយ​មានជ័យ ៖ ជន​សង្ស័យ​​​២​នាក់​​​ ត្រូវ​បាន​មន្ត្រី​​​យោធា​​ការពារ​ព្រំដែន​​គោក​ ឈរជើង​ក្នុង​ភូមិសាស្ត្រ​​ភូមិ​ចំការគ ឃុំ​​ស្វាយ​ចេក ស្រុកក​ស្វាយ​ចេក​ ​សហការ​ជាមួយ​​​មេភូមិ​ចំការ​គ ចាប់​ខ្លួន​​នៅ​វេលា​ម៉ោង​​១០​និង​៥០​នាទី​ព្រឹក​​ថ្ងៃទី​៨ ខែឧសភា ​ឆ្នាំ​​២០១១ រួច​នាំ​យក​​មក​ប្រគល់​​ឱ្យ​កម្លាំង​​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​​​ឃុំ​ស្វាយ​​ចេក ដើម្បី​បំពេញ​សំណុំ​រឿង​​បញ្ជូន​​​បន្ត​​​ទៅ​កាន់​​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​​ស្វាយ​ចេក ។

លោក​​វរសេនីយ៍​ត្រីស៊ី ឌី អធិការ​នគរ​បាល​ស្រុក​ស្វាយ​ចេក​​ បាន​ឱ្យ​ដឹងថា ជនសង្ស័យ​​​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ឆឿន ថៃ ភេទ​ប្រុស អាយុ​​​១៨ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សៅ ថ្លើម​ ភេទ​​ប្រុស អាយុ​១៨​ឆ្នាំដូចគ្នា​ ពួកគេ​រស់​​​នៅភូមិ​ចំការ​​គ ឃុំ​ស្វាយ​ចេក​ ស្រុក​ស្វាយ​ចេក ។ ជន​​ទាំង​២​នាក់​បាន​​ធ្វើ​​សកម្មភាព​លួច​យក​​កាបូប​លុយដែល​​ក្នុង​​នោះ​មាន​​លុយ​ចំនួន​៣.០៦០​បាត​ ទូរស័ព្ទដៃ​​១គ្រឿង និង​នាឡិកា​ដៃ១គ្រឿង​ ​របស់​​មន្ត្រីយោធា​​ការពារ​ព្រំ​ដែន​​គោក ដែល​ឈរជើង​ក្នុង​​ភូមិ​សាស្ត្រ​​​ភូមិចំការ​គ ។

លោកអធិការ​​នគរ​បាល​​​ស្រុក​​បាន​​​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​​លោក​ឡោ គង់ អាយុ​៣២ឆ្នាំ ជា​មន្ត្រី​​យោធា​​និង​ជា​ម្ចាស់​កាបូប​​និយាយ​ថា នៅ​វេលា​ម៉ោង​​៧​និង​៣០​នាទី​​​យប់​ថ្ងៃទី​៥​ ខែឧសភា ឆ្នាំ២០១១ គាត់បាន​​ចុះ​​ងូតទឹក​អាង​ចំការ​គ ដោយ​ដោះ​សម្លៀក​បំពាក់​​ទុក​លើ​គោក​ ដែល​ពេល​ចុះ​ងូតទឹក​ក៏​បាន​​ឃើញ​​ជន​សង្ស័យ​​ទាំង​២​នាក់​ដើរ​កាត់​ទីនោះ​ដែរ​ ប៉ុន្តែ​​ពុំ​បាន​ចាប់អារម្មណ៍​​​ទេ ​។  លុះ​ពេល​ងូតទឹក​​រួច​​ឡើង​យក​​សម្លៀក​បំពាក់​​មក​ស្លៀក​​ពាក់​ត្រួតពិនិត្យ​មើល​ទើប​ដឹងថា បាត់​កាបូប​លុយ​ដែល​ក្នុង​នោះ​​មាន​​លុយ​៣.០៦០​​​បាត​ ​ទូរស័ព្ទ​ដៃ​១គ្រឿង និង​នាឡិកា​ដៃ១គ្រឿង​ ព្រម​ទាំង​អត្ត​សញ្ញាណ​​ប័ណ្ណ​១​សន្លឹក​​ផងដែរ ។ ​

លុះ​នៅ​វេលា​​ម៉ោង​​​១០​និង​​៥០​នាទីព្រឹក​ថ្ងៃទី​​៨ ខែឧសភា ​ទើប​​ចាប់​ខ្លួន​​ជន​ទាំង​២នាក់​​​​​​​ដោយ​សហការ​ជាមួយ​លោក​មេភូមិ​​ចំការគ​រួច​ហើយ ប្រគល់​ឱ្យ​សមត្ថ​កិច្ច​​នគរ​បាល​​ចាត់​ការ​​បន្ត​​ រួម​ទាំង​​វត្ថុតាង​​ផង ។ លោក​វរេសនីយ៍​​ត្រី​​ស៊ី ឌី ​បាន​បញ្ជាក់​ថា វត្ថុតាង​​ដែល​​ដក​ហូត​បានពីជន​សង្ស័យ​រួម​មាន​​ទូរស័ព្ទ​​ដៃ​១គ្រឿង​ នាឡិកា​ដៃ​១​គ្រឿង​ និង​អត្ត​សញ្ញាណ​១សន្លឹក​ ។ នៅ​ចំពោះ​​មុខ​​សមត្ថ​កិច្ច​​ពួកគេទាំង២​នាក់​​បាន​​សារភាព​ថា ពួកគេ​ពិត​ជា​​បាន​លួច​យក​កាបូប​លុយ​ ទូរស័ព្ទ​ដៃ ​និង​នាឡិកា​ដៃ​មែន ​តែចំពោះ​​លុយ​ទាំង​ ៣.០​​៦០បាត ក្រោយ​​ពីលួច​បាន​​​គឺ​យក​ទៅ​ទិញ​​ថ្នាំ​​ញៀន​​​ជក់​អស់​ហើយ​ នៅយប់​នោះ​តែម្តង ។ លោក​​អធិការ​បន្ត​ទៀត​ថា ​ផ្អែក​តាម​​ចម្លើយ​​សារភាព​​របស់​ពួកគេ​និងដក​ហូត​​​បាន​វត្ថុ​តាង​​​ ជាក់​ស្តែង​ ជន​​ទាំង​២​នាក់​​ត្រូវ​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​ខេត្ត​​ដើម្បី​មាន​វិធាន​ការ​បន្ត​​តាម​​នីតិវិធីច្បាប់​ ៕