ខេត្តកំពង់ឆ្នាំង ៖ កុមារីអាយុឆ្នាំម្នាក់បានស្លា-ប់ ក្រោយពីអ្នកគ្រូពេទ្យឯកជនគ្មានច្បាប់អនុញ្ញាត ចាក់ថ្នាំ២ម្ជុល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។

សាក្សីដែលត្រូវជាសាច់ញាតិកុមារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប៉ុន្មាន៣រសៀលថ្ងៃទី២២ ខែកក្កដា ឪពុកកុមារីរងគ្រោះឈ្មោះ មី សុខគា អាយុ៤១ ឆ្នាំ ប្រពន្ធឈ្មោះ ម៉ុន ចន្ទី អាយុ២៩ឆ្នាំ មានទីលំនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គា ស្រុកទឹកផុស បានយកកូនស្រីរបស់ខ្លួនឈ្មោះ គឹម ចាន់តី អាយុ៥ឆ្នាំ ទៅព្យាបាលជំងឺនៅផ្ទះអ្នកគ្រូពេទ្យឈ្មោះ ហូ ថុង នៅភូមិឃុំកើតហេតុខាងលើ ។

ពេលទៅដល់ អ្នកគ្រូពេទ្យបានធ្វើការវាស់កម្ដៅ ហើយក៏បានចាក់ថ្នាំ២ម្ជុល ស្រាប់តែកុមារីមានអាការៈបញ្ឈរភ្នែកមុខឡើងខ្មៅ ឃើញដូច្នោះ អ្នកគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូម ហើយឲ្យឪពុកម្ដាយកុមារីរងគ្រោះបញ្ជូនកូនរបស់ខ្លួនមកមន្ទីរពេទ្យ តែជាអកុសលមុនពេលមកដល់មន្ទីរពេទ្យកុមារីគ្រប់គ្រោះបានស្លាប់ទៅហើយ ។

ជុំវិញករណីនេះ ប្រភពមួយបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៣ ខែកក្កដា គឺមានការសម្របសម្រួលជាមួយគ្រួសារកុមារីរងគ្រោះ ដើម្បីបញ្ចប់រឿង ដោយភាគី ខាងអ្នកគ្រូពេទ្យ សុំសងសំណង២ពាន់ដុល្លារ ។ ប៉ុន្តែយ៉ាងនេះក្តី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ មានកម្លាំងសមត្ថកិច្ចនគរបាលស្រុក និងខេត្ត បានហៅអ្នកគ្រូពេទ្យមកសាកសួរ ធ្វើកំណត់ហេតុតាមផ្លូវច្បាប់ ហើយការងារនេះសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវបន្ថែម ។

ព័ត៌មាននេះ ក៏ជាសារមួយសម្រាប់បងប្អូនដែលមានក្រុមគ្រួសារ ឬកូនចៅមានជំងឺ សូមកុំទៅព្យាបាលនៅគ្លីនិកឯកជនណាដែលគ្មានជំនាញច្បាស់លាស់ សូមទៅកាន់មន្ទីរពេទ្យដើម្បីចៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ ។
ចែករំលែកព័តមាននេះ