ខេត្តពោធិ៍សាត់ ៖ អនុវត្តដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ពីបទចោរកម្ម ។
លោកអនុសេនីយ៍ឯក គុយ ញឿន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា យុវជនជាប់ចោទពីរនាក់ ម្នាក់ឈ្មោះអ៊ុម សុវណ្ណរិទ្ធ អាយុ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះជុំ ចិត្រ អាយុ១៨ឆ្នាំ រស់នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ។ ជនទាំងពីរនាក់នេះ ជាមុខសញ្ញាចោរកម្មលួចមិនរើសមុខនៅស្រុកក្រគរ រួមជាមួយបក្សពួកមួយចំនួនទៀត ។ អនុវត្តតាមដីការបស់សាលាដំបូងខេត្តពោធិ៍សាត់ ទើបនៅថ្ងៃទី៩ ឧសភា ឆ្នាំ២០១១នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលស្រុកក្រគរ ធ្វើការឃាត់ខ្លួនជនទាំងពីរនាក់នេះដល់លំនៅឋាន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកគេរួមជាមួយបក្សពួក៥នាក់ទៀតចេះលួចតាំងពីឆ្នាំ២០០៥ មកម៉្លេះ ។ ការបន្តអាជីពលួចមកដល់សព្វថ្ងៃនេះ គឺដើម្បីបានលុយទិញបាយហូបប៉ុណ្ណោះ ដោយសារឪពុកម្តាយលែងឱ្យចូលផ្ទះ ព្រោះពួកគាត់ខឹងទូន្មានលែងស្តាប់ ។ កន្លងមក ពួកគេធ្វើសកម្មភាពលួចតែក្នុងស្រុកក្រគរ ទេ ហើយធ្លាប់បានលួចដូចជាមាន់ ទា ខោអាវ សាប៊ូ ក្បាល VCD ដែក លុយ ខ្សែភ្លើង និងបានលួចកុំព្យូទ័រយួរដៃមួយគ្រឿងទៅលក់ឱ្យហាងនៅម្តុំផ្លូវលេខ១ ក្នុងក្រុងពោធិ៍សាត់ បានតម្លៃ៣០ដុល្លារផងដែរ ។ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១០ ឧសភា ឆ្នាំ២០១១ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ