ប្រទេសសិង្ហបុរីមានទីតាំងភូមិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍ មានផ្ទៃដី៧២៨,៦គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង៥លាននាក់។ ប្រទេសនេះទទួលបានឯករាជ្យពីអាណានិគមអង់គ្លេសនៅឆ្នាំ១៩៦៥។ តទៅនេះយើងសូមលើកយកច្បាប់ប្លែកៗ១ចំនួននៅប្រទេសសិង្ហបុរី ដែលបន្តអនុវត្តរហូតដល់សព្វថ្ងៃ ហើយអនុវត្តយ៉ាងហ្មត់ចត់ថែមទៀតផង។

ទី១- ការអាក្រាតកាយឱ្យអ្នកដទៃឃើញជាអំពើខុសច្បាប់
យោងតាមក្រមព្រហ្មទណ្ឌសិង្ហបុរី, ត្រូវចាត់ទុកជាអំពើខុសច្បាប់ការអាក្រាតកាយ
– នៅទីសាធារណៈ ឬនៅទីឯកជន
– ទោះបីបុរស ឬស្ត្រី
– ទោះបីដោយចេតនា ឬអចេតនា
– និងទោះបីមើលឃើញនៅទីជិត ឬមើលឃើញពីចម្ងាយក្ដី ត្រូវតែមានទោស។

មានន័យថាទោះបីនៅក្នុងបន្ទប់ផ្ទះខ្លួនឯងក៏ដោយ បើសាមីខ្លួនភ្លេចបិទទ្វារ-បង្អួច បណ្ដោយឱ្យអ្នកដទៃមើលឃើញ កាលណាគេរត់ទៅប្ដឹងសមត្ថកិច្ចប្រាកដជាមានទោស។ កាលពីឆ្នាំ២០០៩ បុរសម្នាក់ត្រូវបង់ប្រាក់ពិន័យ២៦០០ដុល្លារពីបទអាក្រាតកាយនៅក្នុងបន្ទប់របស់គាត់។ កាលនោះ, គាត់មិនបានបិទបង្អួចឱ្យជិត ត្រូវអ្នកដទៃមើលឃើញ និងប្ដឹងសមត្ថកិច្ច។

ទី២- ការលួចប្រើប្រាស់វ៉ាយហ្វាយរបស់អ្នកដទៃជាអំពើខុសច្បាប់
យោងតាមក្រមព្រហ្មទណ្ឌសិង្ហបុរី, អ្នកដែលប្រើប្រាស់វ៉ាយហ្វាយរបស់អ្នកដទៃដោយម្ចាស់គេមិនបានដឹង និងមិនអនុញ្ញាតឱ្យប្រើ ត្រូវចាត់ទុកជាអំពើខុសច្បាប់។ ទង្វើនេះមានន័យស្មើនឹងហេក (hack)ចូលប្រព័ន្ធណិតវើក (network)របស់គេ។ ជនល្មើសត្រូវបង់ប្រាក់ពិន័យ១ម៉ឺនដុល្លារ។ ក្នុងករណីធ្ងន់ធ្ងរអាចជាប់ពន្ធនាគារបីឆ្នាំ។ ពេលខ្លះម្ចាស់គេភ្លេចដាក់លេខសម្ងាត់ដែលធ្វើឱ្យអ្នកដទៃអាចចូលប្រើវ៉ាយហ្វាយបាន។ ទោះបីដោយវិធីណាក៏ដោយឱ្យតែម្ចាស់គេមិនអនុញ្ញាតត្រូវតែមានទោស។

ទី៣- ការឱ្យចំណីសត្វព្រៃនៅទីសាធារណៈជាអំពើខុសច្បាប់
យោងតាមវិធានផ្ទៃក្នុងរបស់សួនសត្វសិង្ហបុរី, អ្នកឱ្យចំណីសត្វព្រៃអាចនឹងបង់ពិន័យរហូតដល់២ពាន់ដុល្លារសិង្ហបុរី។ ដូច្នេះ ភ្ញៀវទេសចរបរទេសដែលទៅកម្សាន្តនៅសួនសត្វសិង្ហបុរីសូមប្រុងប្រយ័ត្នចំពោះករណីនេះ។ យោងតាមការធ្វើបច្ចុប្បន្នភាពច្បាប់ចុងក្រោយ, កុំថាឡើយឱ្យចំណីសត្វនៅសួនសត្វ ឱ្យចំណីសត្វព្រៃដទៃទៀតក៏ជាអំពើខុសច្បាប់ដែរ។

យោងតាមកាសែតដឹស្ទ្រែតថាមស៍ (The Strait Times) មានមនុស្សយ៉ាងតិច១៩នាក់បានប្រព្រឹត្តល្មើសនឹងមាត្រានេះ។ ៤នាក់ទទួលស្គាល់ទោសកំហុស និងយល់ព្រមបង់ប្រាក់ពិន័យម្នាក់២៥០០ដុល្លារ។ អ្នកដទៃទៀតមិនព្រមសារភាពទោសកំហុស និងមិនព្រមបង់ប្រាក់ពិន័យ ត្រូវបាននាំខ្លួនឡើងតុលាការ។

ទី៤- ការឱ្យចំណីសត្វព្រាបនៅទីសាធារណៈត្រូវចាត់ទុកជាអំពើខុសច្បាប់
អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យ៥រយដុល្លារ។ មូលហេតុដែលសិង្ហបុរីចាត់ទុកការឱ្យចំណីព្រាបជាអំពើខុសច្បាប់ព្រោះពាក់ព័ន្ធនឹងការខូចសណ្ដាប់ធ្នាប់បរិស្ថាន។ កាលណាមនុស្សបោះចោលចំណីឱ្យសត្វស៊ីបែបនេះទី១- ធ្វើឱ្យកាកសំណល់ចំណីអាហារនោះធ្លាក់រាត់រាយនៅកន្លែងសាធារណៈ។ ទី២- ធ្វើឱ្យសត្វព្រាបបន្ទោបង់ពាសវាលពាសកាល។ កាលណាមានព្រាបកាន់តែច្រើន, កណ្ដុរ និងកន្លាតក៏មានកាន់តែច្រើន។

ប៉ុន្មានថ្ងៃមុននេះ, បុរសម្នាក់ត្រូវឡើងតុលាការដោយសារការឱ្យចំណីព្រាប។ តុលាការបង្គាប់ឱ្យគាត់បង់ប្រាក់ពិន័យជាង៤ពាន់ដុល្លារពីបទឱ្យចំណីព្រាប១៩ដងក្រោយពេលសមត្ថកិច្ចនិយាយដាស់តឿនគាត់ជាច្រើនលើកច្រើនសា។ នេះបើយោងតាមគេហទំព័រ Channel News Asia។
ទី៥- ហាមដាច់ខាតចិញ្ចឹមឆ្មានៅក្នុងផ្ទះល្វែងប្រភេទអេចឌីប៊ី (HDB)
នៅប្រទេសសិង្ហបុរីមានប្រភេទផ្ទះល្វែងអេចឌីប៊ី (HDB) ដែលគេសាងសង់សម្រាប់ជួលឱ្យស្នាក់នៅ។ ការចិញ្ចឹមឆ្មានៅក្នុងផ្ទះល្វែងប្រភេទនេះត្រូវចាត់ទុកជាអំពើខុសច្បាប់។ អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យ៤ពាន់ដុល្លារ។

ទី៦- ស្ករកៅស៊ូត្រូវចាត់ទុកជាអំពើខុសច្បាប់
– ប្រទេសសិង្ហបុរីហាមឃាត់ការលក់ ការកាន់កាប់ ឬការទំពារស្ករកៅស៊ូ។ យោងតាមច្បាប់សិង្ហបុរី, អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យ១ពាន់ដុល្លារ។ ក្នុងករណីមិនរាងចាល, ត្រូវបង់២ពាន់ដុល្លារ។ ហាង ឬឱសថស្ថានដែលលក់ស្ករកៅស៊ូក៏មានទោសផងដែរ។

ដូច្នេះ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅសិង្ហបុរី តិចលោច្រឡំដាក់ស្ករកៅស៊ូតាមខ្លួន ឬទំពារស្ករកៅស៊ូ បើសមត្ថកិច្ចចាប់បានត្រូវមានទោសដូចគ្នា។ ការខាកស្ដោះពាសវាលពាសកាលក៏ជាអំពើខុសច្បាប់ផងដែរ។

- អ្នកនាំចូលស្ករកៅស៊ូ ឬលក់ស្ករកៅស៊ូត្រូវបង់ប្រាក់ពិន័យ១សែនដុល្លារ ឬក្នុងករណីធ្ងន់ធ្ងរអាចជាប់ពន្ធនាគារ២ឆ្នាំ។ លើកលែងតែពួកគេមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវទើបអាចរួចខ្លួន។ អ្នកនាំចូលបារី ឬដាក់បារីតាមខ្លួនដើម្បីទុកជក់នៅប្រទេសសិង្ហបុរីក៏ខុសច្បាប់ដែរ។ បើសមត្ថកិច្ចឆែកឃើញ, អ្នកប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យពី២-៤ពាន់ដុល្លារ។

– មូលហេតុនៃការហាមឃាត់ស្ករកៅស៊ូ, បារី និងការខាកស្ដោះពាសវាលពាសកាល ដើម្បីរក្សាអនាម័យឱ្យបានគ្រប់ទីកន្លែងនៅប្រទេសសិង្ហបុរី។ បើមិនដូច្នេះទេ, មនុស្សអាចខ្ជាក់ស្ករកៅស៊ូ, បោះចោលកន្ទុយបារី និងខាកស្ដោះយ៉ាងអនាធិបតេយ្យ។

ទី៧- អ្នកដែលទុកដាក់សំរាមគ្មានសណ្ដាប់ធ្នាប់ ឬចោលសំរាមពាសវាលពាសកាលត្រូវបង់ពិន័យ១ពាន់ដុល្លារ។

ទី៨- អ្នកដែលមិនព្រមយកកូនទៅចុះឈ្មោះចូលរៀនត្រូវចាត់ទុកជាអំពើខុសច្បាប់
នៅពេលកូនគ្រប់៦ឆ្នាំត្រូវតែយកទៅចុះឈ្មោះចូលរៀនថ្នាក់ទី១។ អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យ៥ពាន់ដុល្លារ។ ក្នុងករណីធ្ងន់ធ្ងរអាចជាប់ពន្ធនាគាររហូតដល់១២ខែ។ អាចមានជម្រើស១ទៀត។ ឪពុកម្ដាយអាចបង្រៀនកូននៅផ្ទះ ឬជួលគ្រូឯកជនទៅបង្រៀនដល់ផ្ទះក៏បានដែរ។

ច្បាប់ចង់ផ្ដោតសំខាន់ទៅលើសិទ្ធិទទួលបានការសិក្សារៀនសូត្រសម្រាប់កុមារគ្រប់រូប។ ប្រទេសសិង្ហបុរីឱ្យតម្លៃខ្ពស់ចំពោះវិស័យអប់រំ ព្រោះប្រទេសនេះខ្សត់ធនធានធម្មជាតិ និងមានទំហំដីតូច។ ដូច្នេះ ពលរដ្ឋនៅប្រទេសនេះត្រូវតែមានតម្រិះវិជ្ជាជ្រៅជ្រះ ទើបអាចមានការងារល្អធ្វើ និងមានមុខរបរសមរម្យ។

ទី៩- អ្នកដែលច្រៀងបទចម្រៀងមានលក្ខណៈស្រើបស្រាល ឬអាសអាភាស បើឮដល់អ្នកដទៃ ត្រូវជាប់ពិន័យជាប្រាក់ និងជាប់ពន្ធនាគារ៣ខែ។

ទី១០- ការនាំយកគ្រឿងស្រវឹងគ្រប់ប្រភេទចូលទៅក្នុងមន្ទីរពេទ្យជាអំពើខុសច្បាប់។ អ្នកដែលល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យ១ពាន់ដុល្លារ។

ទី១១- ការចូលបង្គន់បត់ជើងមិនបានចុចទឹក ឬចាក់ទឹក ត្រូវចាត់ទុកជាអំពើខុសច្បាប់
នៅប្រទេសសិង្ហបុរី អ្នកដែលចូលបង្គន់សាធារណៈដើម្បីបត់ជើងតូចក្ដី ធំក្ដីត្រូវតែចាក់ទឹក ឬចុចទឹកបង្គន់ឱ្យបានត្រឹមត្រូវ។ ក្នុងករណីមិនបានធ្វើបែបនេះដោយចេតនាក្ដី ឬដោយភ្លេចភ្លាំងក្ដី ត្រូវចាត់ទុកជាអំពើខុសច្បាប់។ អ្នកប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវបង់ប្រាក់ពិន័យ១៥០ដុល្លារ។

ទី១២- ការបាញ់នោមដាក់ជណ្ដើរយន្តត្រូវចាត់ទុកជាអំពើខុសច្បាប់
នៅប្រទេសសិង្ហបុរី, ជណ្ដើរយន្តខ្លះមានបំពាក់កាមេរ៉ា និងបំពាក់ឧបករណ៍ត្រួតពិនិត្យទឹកនោម។ ដូច្នេះ, បើនរណាម្នាក់កំពុងជិះជណ្ដើរយន្តសុខៗ ហើយរាន់នោមខ្លាំង ត្រូវតែបង្ខំចិត្តបាញ់នោមនៅក្នុងជណ្ដើរ បើសមត្ថកិច្ចចាប់បានត្រូវបង់ប្រាក់ពិន័យជាច្រើនពាន់ដុល្លារ។ អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះត្រូវសមត្ថកិច្ចឡើងទៅចាប់ដល់ក្នុងជណ្ដើរតែម្ដង។ សមត្ថកិច្ចត្រូវចុចកុកតាក់បិទដំណើរការជណ្ដើរយន្ត និងបិទទ្វារជណ្ដើរជាបណ្ដោះអាសន្នសិនដើម្បីកុំឱ្យជនល្មើសរត់គេចខ្លួន។

ទី១៣- ការប៉ុនប៉ងធ្វើអត្តឃាតមិនបានសម្រេចត្រូវចាត់ទុកជាអំពើខុសច្បាប់
ការប៉ុនប៉ងធ្វើអត្តឃាតមិនបានសម្រេចត្រូវចាត់ទុកជាអំពើខុសច្បាប់គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩រាប់ថយក្រោយវិញ។ អ្នកដែលប្រព្រឹត្តល្មើសនឹងច្បាប់នេះផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ ឬពិន័យជាប្រាក់។ ប៉ុន្តែជាក់ស្ដែង, ច្បាប់នេះកម្រនឹងអនុវត្តឱ្យបានជោគជ័យណាស់។ គេច្រើនយកអ្នកដែលប៉ុនប៉ងធ្វើអត្តឃាតទៅកន្លែងពិគ្រោះផ្លូវចិត្ត ឬទៅជួបគ្រូពេទ្យព្យាបាលជំងឺផ្លូវចិត្តជំនួសវិញ។

គេគិតថាមនុស្សដែលកំពុងមានវិបត្តិផ្លូវចិត្តដល់ថ្នាក់ចង់ធ្វើអត្តឃាត បើយកទៅដាក់គុកទៅក៏គ្មានបានប្រយោជន៍អ្វីដែរ។ លើកលែងតែអ្នកនោះប៉ុនប៉ងធ្វើអត្តឃាតជាច្រើនលើកច្រើនសា សមត្ថកិច្ចអាចនឹងមានវិធានការក្ដៅ។ ក្រោយមកចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩, សិង្ហបុរីកែសម្រួលច្បាប់នេះឡើងវិញ និងមិនយកទោសពៃរ៍អ្នកដែលប៉ុនប៉ងធ្វើអត្តឃាតទេ៕
ប្រភព៖ ទស្សនាវដ្ដី Business Insider, កាសែត The Strait Times និងប្រភពដទៃទៀត
https://www.straitstimes.com/singapore/many-welcome-move-to-decriminalise-attempted-suicide-but-say-more-needs-to-be-done-for
https://singaporelegaladvice.com/appearing-naked-in-public-view/
https://www.businessinsider.com/things-that-are-illegal-in-singapore-2015-7
https://www.straitstimes.com/singapore/feeding-wildlife-in-singapore-is-a-lose-lose-situation-experts
អត្ថបទដែលពាក់ព័ន្ធដទៃទៀត
ច្បាប់ប្លែកៗនៅប្រទេសឥណ្ឌូណេស៊ី ដែលលោកអ្នកគួរស្វែងយល់



ចែករំលែកព័តមាននេះ