ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានទទួលការគោរព និងទំនុកចិត្តរបស់កងទ័ពអាមេរិកដោយសារការសម្រេចចិត្តដ៏ក្លាហាន របស់លោកប្រឆាំងអូសាម៉ា ប៊ីនឡាដេន ។ ៣ថ្ងៃក្រោយការវាយឆ្មក់មួយនៅប៉ាគីស្ថានដោយសម្លាប់មេដឹកនាំអាល់កៃដាអូសាម៉ា ប៊ីនឡាដេន លោកអូបាម៉ា បានជួបនៅសេតវិមានជាមួយបណ្តាអតីតយុទ្ធជនដែលត្រូវដាច់ជើងអង្គុយលើរទេះកង់ ឬកៅអីមានកង់រៀបចំចេញដំណើរសម្រាប់ធ្វើការប្រណាំងគ្នាតាមការផ្តល់សញ្ញារបស់ប្រធានាធិបតី ។
លោកអូសាម៉ា នាពេលនោះ បានសម្តែងការគោរពចំពោះសេចក្តីក្លាហានរបស់អតីតយុទ្ធជន ទាំងនេះ ។ ២ថ្ងៃបន្ទាប់ពីនោះទៀត លោកអូបាម៉ាបានមកជួបជាមួយកងទាហាននៅ FORT CAMPBELL ជួបជាមួយកងពលធំទី១០១ ដែលចូលរួមក្នុងការប្រយុទ្ធនៅអាហ្វហ្គានីស្ថានដោយលោកវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់ពួកគេ និងវិជ្ជាជីវៈរបស់ពួកគេ ។
លោកក៏បានទៅជួបជាឯកជនជាមួយក្រុម NAVY SEALS ដែលបានធ្វើប្រតិបត្តិការពិសេសតាមបញ្ជារបស់លោកវាយឆ្មក់នៅក្រុង ABBOTTABAD ប្រឆាំងអូសាម៉ា ប៊ីនឡា ដេន ។ កងទាហានអាេមរិកបានទះដៃអបអរសាទរយ៉ាងខ្លាំងចំពោះមេបញ្ជាការប្រមុខរបស់ពួកគេដែលទើបផ្តល់លទ្ធភាពឱ្យពួកគេដណ្តើមបានជោគជ័យជាប្រវត្តិសាស្ត្រ ប្រឆាំងនឹងមេដឹកនាំពួកភេរវករ ។
បរិយាកាសស្និទ្ធស្នាលបង្ហាញពីផ្លូវដែលលោកអូបាម៉ា បានដើរក្នុងទំនាក់ទំនងរបស់លោកជាមួយកងយោធាដើម្បីបង្កើនទំនាក់ទំនងដែលមានការជឿទុកចិត្ត ៕
ចែករំលែកព័តមាននេះ