ខេត្តក្រចេះ ៖ យុវជនទំនើងម្នាក់ដែលស្រវឹងស្រាបង្កការអុកឡុកពេលចូលច្រៀងខារ៉ាអូខេ មិនឱ្យលុយ ត្រូវម្ចាស់ហាងប្តឹងប៉េអឹមឱ្យចាប់ឃាត់ខ្លួនមកធ្វើការអប់រំណែនាំរួចប្រគល់ទៅក្រុមគ្រួសារវិញ ។ ជនទំនើងនេះឈ្មោះទុយ ធី មានទីលំនៅភូមិកោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះ បានទៅធ្វើសកម្មភាពអុកឡុកហាងខារ៉ាអូខេមួយកន្លែង យីហោមហាហេង មានទីតាំងនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីយប់ថ្ងៃទី៧ ឧសភា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់កើតហេតុ យុវជនទំនើងម្នាក់នេះ បានផឹកស្រាស្រវឹង និងបានទៅច្រៀងខារ៉ាអូខេ ក្នុងបន្ទប់ខារ៉ាអូខេ ម៉ាស៊ីនត្រជាក់ តែមិនឱ្យលុយ ព្រមទាំងបង្កការអុកឡុក ហើយក៏ត្រូវកម្លាំងប៉េអឹមឃាត់ខ្លួនមកកាន់ទីបញ្ជាការដ្ឋានអស់មួយយប់ ។ ប្រភពដដែលបន្តថា នៅយប់នោះជនទំនើងរូបនេះបានច្រៀងខារ៉ាអូខេអស់ប្រាក់ចំនួន១៨ម៉ឺនរៀល តែមិនមានលុយឱ្យម្ចាស់គេ ថែមទាំងចេញក្បាច់គុនដាក់គេឯងទៀតផង ។
ពេលនោះម្ចាស់ហាងបានប្តឹងទៅកម្លាំងប៉េអឹមឱ្យឃាត់ខ្លួនជននោះ និងបានធ្វើការអប់រំណែនាំ ហើយប្រគល់ទៅឱ្យក្រុមគ្រួសារវិញនៅថ្ងៃបន្ទាប់ដើម្បីជួយធ្វើការអប់រំបន្ត និងឱ្យក្រុមគ្រួសារយកប្រាក់ទៅឱ្យម្ចាស់ហាងថ្លៃការច្រៀងសប្បាយរបស់ជនកំហូចនេះផងដែរ ៕
ចែករំលែកព័តមាននេះ