ខេត្តស្វាយរៀង ៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមធ្វើការបញ្ជាក់ជូនសាធារណជន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ កាលពីល្ងាចថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែង មានមនុស្សជាច្រើនស្រែកឲ្យជួយ មិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ ជនបរទេសប្រមាណជា១០នាក់ ទម្លាយបង្អួចអគារស្រែកយំ និងសំពះសុំឲ្យជួយមហាជនជួយ(វីដេអូ)

លោកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីល្ងាច មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូប៉ារីសបូព៌ា វាយកញ្ចក់អគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការសម្របសម្រួលពីឯកឧត្ដមព្រះរាជអាជ្ញា សមត្ថកិច្ចយើង និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូជាជនជាតិវៀតណាមសរុបចំនួន៣៥នាក់ ស្រី១០នាក់ ប្រមូលផ្តុំគ្នាមិនធ្វើការនៅអគារជាន់ទី៦ និងឃើញមានការខូចខាត សម្ភារតុកៅអី និងកុំព្យូទ័រ របស់ក្រុមហ៊ុនមួយចំនួនផងដែរ ។

សមត្ថកិច្ចយើងបានអញ្ជើញបុគ្គលិកជាជនជាតិវៀតណាមទាំង៣៥នាក់ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ នៅព្រឹកថ្ងៃទី១៩ កក្កដា ២០២៣ ។ ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើ ពួកគាត់បានឆ្លើយប្រាប់សមត្ថកិច្ចយើងថា ពួកគេតវ៉ាសុំអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួនពុំមែនជាការបង្ខាំង ឬចាប់ជម្រឹតទារប្រាក់ទេ គឺជាការតវ៉ាទាមទារលក្ខខណ្ឌការងារ ។

បច្ចុប្បន្នបុគ្គលិកទាំង៣៥នាក់ រួមជាមួយរដ្ឋបាលក្រុមហ៊ុន០១នាក់ និងអ្នកគ្រប់គ្រង០១នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងបាវិត ។ អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាប ។



ចែករំលែកព័តមាននេះ