ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! វៀតណាម ត្រៀម​បើក​ការដ្ឋាន​សង់រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី នៅ​អា​មេ​រិ​ក

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន VinFast ដែល​ត្រូវជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន VinFast ដែល​ត្រូវជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម Vingroup បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី (EV) នៅ​ក្នុង​រដ្ឋ​ការ៉ូ​លី​ណា​ភាគ​ខាងជើង (North Carolina) នៃ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

ជាមួយនឹង​ការ​ប្រកាស​នេះ វា​នឹង​ក្លាយជា​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​គេ នៅ​ក្នុង​រដ្ឋ​ការ៉ូ​លី​ណា​ភាគ​ខាងជើង និង​ជួយ​រួមចំណែក​ដល់​ការ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី នៅ​អា​មេ​រិ​ក​ខាងជើង ដើម្បី​ព​ន្លឿ​ន​បដិវត្តន៍​ចល័ត​បៃតង​សកល​។ គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ១,៨០០​ហិច​តា រោងចក្រ​របស់​ក្រុមហ៊ុន VinFast ត្រូវ​បាន​រចនា​ឡើង ដើម្បី​អាច​ផលិត​រថយន្ត​បាន ១៥​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​ដំណាក់កាល​ទី​១ ។ រោងចក្រ​នេះ នឹង​មាន​ផ្នែក​សំខាន់​ចំនួន ២ គឺ​ការ​ផលិត និង​ការ​ដំឡើង​។

គម្រោង​នេះ បាន​ទទួល​ការ​អនុញ្ញាត​ជា​មូលដ្ឋាន ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​ដំណាក់កាល​ទី​១ របស់​ខ្លួន​។ នៅ​ពេល​ដែល​ផលិតកម្ម​ចាប់ផ្តើម​ប្រតិបត្តិការ រោងចក្រ​របស់ VinFast នឹង​បង្កើត​ប្រព័ន្ធ​អេកូ​នៃ​អ្នក​ផ្គត់ផ្គង់ និង​ជា​ពិសេស​ជួយ​បង្កើត​ការងារ​ថ្មី​ៗ​រាប់​ពាន់​ផង​ដែរ​។

លោកស្រី Le Thi Thu Thuy នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VinFast Auto បាន​ថ្លែង​ថា រោងចក្រ​ផលិត​នៅ​រដ្ឋ​ការ៉ូ​លី​ណា​ភាគ​ខាងជើង គឺជា​គម្រោង​ដ៏​សំខាន់​មួយ​របស់ VinFast ។ នៅ​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ រោងចក្រ​នេះ នឹង​ជា​អ្នក​ផ្គត់ផ្គង់​ជា​ចម្បង​នៃ​ផលិតផល​រថយន្ត​អគ្គិសនី​របស់ VinFast ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ខាងជើង​»​។

លោកស្រី​បាន​បន្ថែម​ថា ក្រុមហ៊ុន​ក៏​សង្ឃឹមថា ការ​សាងសង់​រោងចក្រ​នៅ​ក្នុង​តំបន់ Chatham County នៃ​រដ្ឋ​ការ៉ូ​លី​ណា​ភាគ​ខាងជើង នឹង​រួមចំណែក​ដល់​ការ​ជំរុញ​សេដ្ឋកិច្ច​ថាមពល​ស្អាត​នៅ​សហរដ្ឋ​អាមេ​រិក និង​ជួយ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​បដិវត្តន៍​ចល័ត​បៃតង​របស់​រដ្ឋ​នេះ​ផង​ដែរ ខណៈ​ដែល​រោងចក្រ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​ក្នុង​ឆ្នាំ ២០២៥​។

កាលពី​ឆ្នាំ​មុន VinFast ទទួល​បាន​កញ្ចប់​លើកទឹកចិត្ត​ចំនួន ១.២​ពាន់​លាន​ដុល្លារ​ពី​រដ្ឋ​ការ៉ូ​លី​ណា​ភាគ​ខាងជើង សម្រាប់​គម្រោង​នេះ រួម​ជាមួយ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សំខាន់​ៗ​ពី​ទីក្រុង Sanford, Chatham County និង Golden Leaf ផង​ដែរ​។ បន្ថែម​ពីលើ​រោងចក្រ VinFast កំពុង​ព​ន្លឿ​ន​អាជីវកម្ម និង​ការ​ទទួលស្គាល់​ម៉ាក​យីហោ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក ដោយ​ពង្រីក​ហាង​លក់រាយ និង​ប្រព័ន្ធ​មជ្ឈ​មណ្ឌល​សេវាកម្ម រៀប​ចំការ​បើកបរ​សាកល្បង​ក្នុងស្រុក និង​ការ​បង្ហាញ​ព្រឹត្តិការណ៍​ផលិតផល​ទូ​ទាំង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ នឹង​ជួយ​ក្នុង​ការ​នាំ​យក​ឱកាស​សម្រាប់​អតិថិជន ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់​នូវ​រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន VinFast ៕ (​ប្រភព​ពី VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ