រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា តាមការសារភាពរបស់មន្ត្រីជាន់ខ្ពស់ របស់គណបក្សភ្លើងទៀន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បង្ហាញថា គណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធ និងការធ្វើតាមការបញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលបញ្ជាឲ្យគូសបំផ្លាញសន្លឹកឆ្នោត។
លោក ជិនម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេលើបណ្តាញសង្គមតេឡេក្រាម នៅល្ងាចថ្ងៃទី១៨កក្កដា ឆ្នាំ២០២៣ ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាព្រឹត្តិការណ៍ជាតិដ៏ធំ និងដ៏សំខាន់ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅរៀងរាល់ ៥ ឆ្នាំម្តង ប្រើសិទ្ធិរបស់ខ្លួន ជាម្ចាស់អំណាច តាមបែបប្រជាធិបតេយ្យ ចេញទៅធ្វើការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដើម្បីបន្តដឹកនាំប្រទេសជាតិ សម្រាប់អាណត្តិរយៈពេល ៥ ឆ្នាំ។
លោក បានបញ្ជាក់ថា “បន្ទាប់ពីបានតាមដោយយកចិត្តទុកដាក់នូវសភាពការណ៍នយោបាយមួយរយៈចុងក្រោយនេះ ថ្ងៃនេះ ខ្ញុំសូមបង្ហាញជូននូវទិដ្ឋភាពច្បាប់ ទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតអំពីទណ្ឌកម្ម ទាក់ទងនឹងការញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៉ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (PEC) សម្រេចពិន័យជាប្រាក់ចំនួន ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល ២៥ ឆ្នាំ។ ជាមួយគ្នានេះ ជនល្មើសចំនួន ១៦រូបផ្សេងទៀត ក៏ត្រូវបានផាកពិន័យជាប្រាក់ ពី១០ ទៅ ២០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ពី២០-២៥ឆ្នាំ។ ការសម្រេចផ្ទន្តាទោសនេះ កើតឡើងបន្ទាប់ពីជនល្មើសទាំង១៧រូបនេះ បានធ្វើការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោត ដែលនេះជាអំពើល្មើស ទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌផ្សេងៗទៀត។ ផ្អែកតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោត បំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវចាត់ទុកជាបទល្មើស ដែលត្រូវរងទោសផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកហូតជាបណ្តោះអាសន្ននូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេលយ៉ាងតិច ៥ ឆ្នាំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បន្ថែមពីលើនេះ អ្នកដែលប្រព្រឹត្តអំពើល្មើសនេះ ក៏អាចនឹងទទួលខុសត្រូវព្រហ្មទណ្ឌផ្សេងៗទៀតផងដែរ ទៅតាមបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌដែលមានជាធរមាន។
លោកលើកឡើងបន្តថា ជាទិដ្ឋភាពច្បាប់ ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេសការសម្រេចដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺមានអានុភាពជាស្ថាពរ ហើយពុំមានយន្តការច្បាប់ណាមួយ ដែលអនុញ្ញាតឱ្យមានការលើកលែងទោសបាននោះឡើយ ដែលខុសពីការផ្តន្ទាទោស ដោយសេចក្តីសម្រេចរបស់តុលាការ ដែលអាចស្នើសុំឱ្យមានការលើកលែងទោសបាន តាមរយៈព្រះរាជក្រឹត្យលើកលែងទោស ឬដោយយន្តការផ្សេង។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងអំពីចំណងផ្លូវច្បាប់ ទាក់ទងនឹងគណបក្សភ្លើងទៀន ដែលមានការពាក់ព័ន្ធនឹងទណ្ឌិត៖ យោងតាមចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស។ នេះបញ្ជាក់ឱ្យឃើញថា គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលនេះ ជាអំពើល្មើសទៅនឹងច្បាប់ ស្តីពី គណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សភ្លើងទៀននេះ ប្រឈមមុខនឹងទោសទណ្ឌ តាមបញ្ញត្តិច្បាប់ ស្តីពី គណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ