ខេត្តកែប ៖ ឯកឧត្តមសោម ពិសិដ្ឋ អភិបាលខេត្តកែប បានជួបសំណោះសំណាលជាមួយអ្នកកាសែតចំនួន៧៦នាក់ដែលមកពីអង្គភាពផ្សេងៗគ្នា ក្នុងនោះក៏មានវត្តមានលោកប្រធានមន្ទីរជុំវិញខេត្ត, លោកស្នងការរង រួមទាំងលោកមេបញ្ជាការរង និងកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ2023 ស្ថិតនៅសាលប្រជុំសាលាខេត្តកែប ។

នៅក្នុងពិធីនោះ ឯកឧត្តម សោម ពិសិដ្ឋ បានមានប្រសាសន៍ទៅកាន់អ្នកកាសែតថា រដ្ឋបាលខេត្តកែប បានត្រៀមរួចជាស្រេចហើយ ដោយមានលោកប៊ុន យោង ជាអភិបាលរងខេត្តម្នាក់ និងជាអ្នកនាំពាក្យនិងឆ្លើយតបជាមួយអ្នកកាសែត «កុំឱ្យចោរលួចមាន់បាត់50ក្បាល ស្រាប់តែអ្នកកាសែតមកសួរអភិបាលខេត្តរឿងករណីចោរលួចមាន់ដែរ»នោះពិតជាមិនត្រឹមត្រូវទេ ។

ឯកឧត្តមអភិបាលខេត្តកែបមានប្រសាសន៍ថា បើមានករណីចោរលួចមាន់ អ្នកកាសែតត្រូវសួរទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងព្រហ្មទណ្ឌ ឬក៏សួរលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធមន្ទីរផ្សេងៗ គឺអ្នកកាសែតត្រូវសួរទៅលោកប្រធានមន្ទីរ ។ តែត្រង់ថា លោកប្រធានមន្ទីរឆ្លើយឬមិនឆ្លើយយ៉ាងណានោះ គឺលោកមិនដឹងទេ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បែបនេះ គឺចង់ឱ្យមន្ត្រីរាជការ និងអ្នកកាសែតប្រៀបបានអណ្ដាតនិងធ្មេញឱ្យមើលឃើញគ្នាកាន់តែច្បាស់ ។ ឯកឧត្តមថា លោកក្នុងនាមជាអ្នកដឹកនាំ មិនបានយកសត្រូវជាមួយអ្នកកាសែតទេ ប៉ុន្តែអ្នកកាសែត បើសរសេរព័ត៌មាន កុំសរសេរតែមួយជ្រុង និងអ្នកសរសេរព័ត៌មានត្រូវទទួលខុសត្រូវដោយខ្លួនឯង។ កុំសរសេរព័ត៌មានប្រឌិតខ្លួនឯង។ កុំមានសិទ្ធិជាអ្នកកាសែត មន្ត្រីរាជការក៏គេមានសិទ្ធិដែរ ។

ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអរគុណដល់អ្នកកាសែត ដែលបានចុះផ្សាយពីការអភិវឌ្ឍន៍ខេត្តកែប និងរីកចំរើនលើវិស្ស័យផ្សេងៗខេត្តជាប់មាត់សមុទ្រ ។

ចែករំលែកព័តមាននេះ