ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន ប្រកាស​ពី​ការ​ខាតបង់​ជាង​៨០​ពាន់​លាន​ដុល្លារ

9 ខែ មុន

ចិន ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ប្រទេស​ចិន Evergrande ដែល​បាន​រង​គ្រោះ​ដោយ​វិបត្តិ បាន​

ចិន ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​របស់​ប្រទេស​ចិន Evergrande ដែល​បាន​រង​គ្រោះ​ដោយ​វិបត្តិ បាន​លាតត្រដាង​របាយការណ៍​ក្នុង​ឆ្នាំ ២០២១ និង ២០២២ របស់​ខ្លួន ដែល​ខាតបង់​ប្រាក់​សរុប​ចំនួន ៨១.១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន Evergrande បាន​ជួប​បញ្ហា​ជាមួយនឹង​បំណុល​ប្រមាណ ៣០០​ពាន់​លាន​ដុល្លារ ដែល​ការ​ខាតបង់​ដ៏​ធំ​នេះ បង្ហាញ​ពី​ចំនួន​អ្នក​អភិវឌ្ឍន៍​ជួប​បញ្ហា​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយសារ​តែ​ព្យុះ​ភ្លៀង​នៃ​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ​នៅ​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក​។

ការ​ផ្សាយពាណិជ្ជកម្ម នៅ​ក្នុង​ការ​ដាក់​ពាក្យ​ទៅ​កាន់​ផ្សារ​ហ៊ុន​ហុងកុង កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ក្រុមហ៊ុន Evergrande បាន​ប្រកាស​ថា ខ្លួន​បាន​ខាតបង់​ប្រាក់​ប្រមាណ ៦៦​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០២១ និង​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ដោយ​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ក្នុង​រយៈពេល​២​ឆ្នាំ​។

ក្រុមហ៊ុន​បាន​បន្ត​ថា ការ​ខាតបង់​នេះ គឺ​ដោយសារ​តែ​ហេតុផល​មួយ​ចំនួន រួម​ទាំង​ការ​ធ្លាក់​ចុះ​តម្លៃ​អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត ក៏​ដូច​ជា​ការ​ចំណាយ​លើ​ការ​ខ្ចីប្រាក់​ខ្ពស់​ពេក​។ ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Evergrande ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​លក់ដាច់​បំផុត​របស់​ប្រទេស​ចិន ត្រូវ​បាន​ផ្អាក​ពី​ការ​ជួញដូរ ចាប់តាំងពី​ខែមីនា ឆ្នាំ​មុន​។

ឧស្សាហកម្ម​អចលនទ្រព្យ​របស់​ប្រទេស​ចិន បាន​រង្គោះរង្គើ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ច្បាប់​ថ្មី ដើម្បី​គ្រប់គ្រង​ចំនួន​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ៗ អាច​ខ្ចីប្រាក់ ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​ឆ្នាំ ២០២០​។ នៅ​ឆ្នាំ​បន្ទាប់ ក្រុមហ៊ុន Evergrande បាន​ខកខាន​ពេលវេលា​កំណត់​ដ៏​សំខាន់ ហើយ​មិន​បាន​សងការ​ប្រាក់​លើ​ប្រាក់​កម្ចី​អន្តរជាតិ​ប្រហែល ១.២​ពាន់​លាន​ដុល្លារ​។ បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Evergrande បាន​ពុះកញ្ជ្រោល​ពេញ​ឧស្សាហកម្ម​អចលនទ្រព្យ​របស់​ចិន ដោយ​មាន​អ្នក​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត បាន​ជំពាក់​បំណុល​គេ ហើយ​បាន​ចាក​ចេញពី​គម្រោង​សាងសង់ ដែល​មិន​ទាន់​រួចរាល់​នៅ​ទូ​ទាំង​ប្រទេស​។

កាលពីដើម​ឆ្នាំ​នេះ Evergrande បាន​ដាក់​ចេញ​នូវ​ផែនការ ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ នូវ​បំណុល​ក្រៅប្រទេស​ប្រហែល ២០​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន ដែល​កំពុង​ជាប់បំណុល ៣០០​ពាន់​លាន​ដុល្លារ​មួយ​នេះ បាន​ព្យាយាម​ពង្រីក​សកម្មភាព​របស់​ខ្លួន​យ៉ាង​ខ្លាំងក្លា ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​របស់​ចិន​។ នៅ​ក្នុង​រយៈពេល​ជាង​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ ការ​ពង្រីក​បាន​គ្របដណ្ដប់​លើ​ឧស្សាហកម្ម​ជា​ច្រើន ដែល​រួម​មាន​ទាំង​កីឡា ការ​កម្សាន្ត និង​ការ​ផលិត​រថយន្ត​អគ្គិសនី​។

ជាក់ស្តែង នៅ​ក្នុង​ឆ្នាំ ២០១០ ក្រុមហ៊ុន Evergrande បាន​កាន់កាប់​ក្លិប​បាល់ទាត់ Guangzhou FC ហើយ​បាន​សម្រេច​ប្តូរ​ឈ្មោះ​ទៅ​ជា Guangzhou Evergrande Taobao FC ។ ជាមួយនឹង​ការ​បោះទុន​ថ្មី ក្រុម​នេះ ត្រូវ​បាន​ពង្រឹង ហើយ​ភ្លាម​ៗ​នោះ បាន​ឈាន​ដល់​កម្រិត​កំពូល​នៃ​បាល់ទាត់​ចិន ដោយ​ចាប់ពី​ឆ្នាំ ២០១១ ពួក​គេ​បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​ចិន CSL ៨​សម័យកាល ។

យ៉ាងណាមិញ កាលពី​ឆ្នាំ​មុន ក្លឹ​ប​នេះ បាន​ធ្លាក់​ទៅ​លី​គ​លំដាប់​ទី​២​ចិន ខណៈ​ដែល​ផែនការ​របស់​ក្រុមហ៊ុន Evergrande សង់​កីឡដ្ឋាន​តម្លៃ ១.៨​ពាន់​លាន​ដុល្លារ ក៏​ត្រូវ​បាន​លុប​ចោល ហើយ​ក្លិប​ក៏​បាន​ប្ដូរ​ទៅ​ប្រើ​ឈ្មោះ​ចាស់​របស់​ខ្លួន​វិញ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ