ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនខ្លួន​អភិបាលរង​ស្រុក​ប្រាសាទ​សំបូរ​រើស​ទ័ព​អាកាស​ទៅ​ពន្ធ​នាគារ​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ អភិបាលរងស្រុកមួយ​រូប​ និងប្រជាពលរដ្ឋម្នាក់ បានត្រូវ​សមត្ថកិច្ច​ស្រុក​ប្រាសាទសំបូរឃាត់ខ្លួន តាមបញ្ជារបស់​លោក​ព្រះ​រាជអាជ្ញា បញ្ជូនទៅសាលាដំបូងខេត្ត​ បន្ទាប់​ពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា មាន​ជាប់​ពាក់​ព័ន្ធនឹងករណីជ្រើសរើសកងទ័ពដោយខុស​ច្បាប់ នៅស្រុកប្រាសាទសំបូរ កាលពីខែ​​មេសា​​កន្លង​មក​

ខេត្ត​កំពង់​ធំ ៖ អភិបាលរងស្រុកមួយ​រូប​ និងប្រជាពលរដ្ឋម្នាក់ បានត្រូវ​សមត្ថកិច្ច​ស្រុក​ប្រាសាទសំបូរឃាត់ខ្លួន តាមបញ្ជារបស់​លោក​ព្រះ​រាជអាជ្ញា បញ្ជូនទៅសាលាដំបូងខេត្ត​ បន្ទាប់​ពីសមត្ថកិច្ចស្រាវជ្រាវរកឃើញថា មាន​ជាប់​ពាក់​ព័ន្ធនឹងករណីជ្រើសរើសកងទ័ពដោយខុស​ច្បាប់ នៅស្រុកប្រាសាទសំបូរ កាលពីខែ​​មេសា​​កន្លង​មក​ ។

ពាក់ព័ន្ធ​នឹង​ករណីខាងលើនេះសមត្ថកិច្ចស្រុក​ប្រាសាទសំបូរបានឱ្យដឹងថា ដោយមាន​បញ្ជា​ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត និងប្រធានគណៈបញ្ជាការឯកភាពខេត្ត​កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ នគរបាល​បាន​ឃាត់ខ្លួនមនុស្សពីរនាក់ គឺឈ្មោះធន់ សារ៉ន ភេទ​ប្រុស អាយុ៤២ឆ្នាំ ជា​អភិបាលរងស្រុក​ប្រាសាទ​សំបូរ និងឈ្មោះធន ធី ភេទប្រុស អាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋ​នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុក​ប្រាសាទសំបូរ ។ ការឃាត់ខ្លួននេះគឺធ្វើឡើង​បន្ទាប់សមត្ថកិច្ចស្រាវជ្រាវរកឃើញថា អ្នកទាំង​ពីរមាន​ជាប់ពាក់ព័ន្ធនឹង​ករណីជ្រើសរើសកងទ័ព​អាកាសដោយខុសច្បាប់​ចំនួន៧នាក់ នៅក្នុង​ស្រុក​កាលពីខែមេសាកន្លងមក ។

ការឈានដល់ការឃាត់ខ្លួនអភិបាល​រងស្រុក​រូបនេះ​តាម​ប្រភពព័ត៌មានបានឱ្យដឹង​ថា កាលពី​ថ្ងៃទី៣ មេសា ឆ្នាំ២០១១ មាន​ឈ្មោះតុង ពៅ ដែលអះអាងថា មានឋានៈជា​មេ​បញ្ជាការទ័ព​ឆត្រ​យោងនៅកំបូល បានមកជួប​ទាក់ទង​ជា​មួយ​លោក​ធន់ សារ៉ន ជាអភិ​បាល​រងស្រុក និង​ឈ្មោះធន ធី នៅភូមិអូរគ្រូ​កែឱ្យជួយជ្រើសរើស​កងទ័ពក្នុងរយៈ​ពេលមួយសប្ដាហ៍ ហើយបើសិន​ជាជ្រើសរើសបានអភិបាលរងរូបនេះអាច​ទទួល​បានកម្រៃច្រើន ​ហើយ​ចំពោះអ្នកដែល​ចង់ចូល​ធ្វើទាហាន និងមាន​ឋានៈស្រាប់ត្រូវបង់ប្រាក់​ចំនួន១០០ដុល្លារ ។ ​បន្ទាប់ពីទទួលបានផែន​ការ​រួចហើយ អភិបាលរងស្រុករូបនេះក៏ចាត់ចែង​ធ្វើការជ្រើសរើសទាហានបានចំនួន៧នាក់ គឺមក​ពី​ឃុំឈូកចំនួន៣នាក់ និងឃុំ​សំបូរចំនួន៤នាក់។   

បើតាមបុរសម្នាក់ក្នុងចំណោម៧​នាក់បាន​និយាយថា កាលពីថ្ងៃទី៦ ខែឧសភា អ្នក​ដែល​បានជ្រើសរើសទាំងអស់ត្រូវបាន​ឈ្មោះ​តុង ពៅ ហៅឱ្យទៅធ្វើការពិនិត្យ​សុខ​ភាពនៅ​ភ្នំពេញ។  ដោយ​ឃើញដូច្នេះ សមត្ថ​កិច្ចមាន​ការសង្ស័យ​ក៏បានហៅមកធ្វើការសាកសួរ គឺពិនិត្យឃើញថា​ការជ្រើសរើសកងទ័ពនេះពុំមានលិខិតស្នាម ឬគោលការណ៍អ្វី​ស្របច្បាប់នោះ​ឡើយ ទើប​សមត្ថកិច្ចសុំបញ្ជាពីលោកព្រះរាជអាជ្ញាដើម្បី​ឃាត់ខ្លួនអ្នកពាក់ព័ន្ធ។ ដោយឡែក​ទាហាន​បំរុង​ទាំង៧នាក់ត្រូវបានឱ្យវិល​ត្រឡប់​ទៅផ្ទះវិញ ។ បើតាមព័ត៌មានពីប្រជាពល​រដ្ឋ​នៅក្នុងស្រុកបាន​ឱ្យដឹងថា កន្លងមកមានប្រជា​ពលរដ្ឋជាច្រើន​បាននាំគ្នាចាកចេញពីស្រុកតាម​ការសន្យារបស់​មេខ្យល់នាំយកទៅធ្វើការ​នៅ​ប្រទេសផ្សេងៗ ព្រោះ​ប្រជាពលរដ្ឋនៅជន​បទ​ទំាងនោះមាន​ការ​ជឿជាក់លើមេខ្យល់ខ្លាំងណាស់ ។

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ ឈ្មោះធន់ សារ៉ន និងឈ្មោះធន ធី ត្រូវបាន​នគរបាលបញ្ជូនទៅសាលាដំបូងខេត្តហើយ​បន្ទាប់ពីគេឃើញមានមេធាវីម្នាក់ និង​សមាជិក​សកម្មក្នុងជួរក្រុមប្រឹក្សាខេត្តម្នាក់កំពុងរត់ការ​ជាមួយលោកព្រះរាជអាជ្ញា ។ សូមបញ្ជាក់ថា អភិបាលរងស្រុកប្រាសាទសំបូររូបនេះ​មកពី​គណបក្ស​ហ្វ៊ីនស៊ិនប៉ិច ៕