ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​​មិន​រៀប​រយ​ចំនួនពីរខ្នង​​ក្នុង​​តំបន់​ការពារ​រមណីយដ្ឋាន​​អង្គរត្រូវ​​​បាន​រុះរើ​

14 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ សំណង់​មិន​រៀបរយ​ចំនួន​ពី​រខ្នង​នៅ​ក្នុងភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ​ក្នុងតំបន់់១ និង២នៃ​ឧទ្យាន​អង្គរដែល​ជា​តំបន់​ការពារកម្រិត​​ខ្ពស់​ក្នុង​ក្របខ​ណ្ឌបេតិកភណ្ឌ​ពិភពលោក បាន​ត្រូវ​កម្លាំង​​សហ​ប្រ​តិ​បត្ដិការ​របស់​អា​ជា្ញ​ធរ​អប្សរា​ធ្វើការ​រុះរើ​ជា​បន្ដបន្ទាប់​កាលពី​សបា្ដហ៍​មុន​ បន្ទាប់ពី​ម្ចាស់​សំណង់​មិន​បាន​រុះរើ​តាម​

ខេត្ត​សៀមរាប ៖ សំណង់​មិន​រៀបរយ​ចំនួន​ពី​រខ្នង​នៅ​ក្នុងភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ​ក្នុងតំបន់់១ និង២នៃ​ឧទ្យាន​អង្គរដែល​ជា​តំបន់​ការពារកម្រិត​​ខ្ពស់​ក្នុង​ក្របខ​ណ្ឌបេតិកភណ្ឌ​ពិភពលោក បាន​ត្រូវ​កម្លាំង​​សហ​ប្រ​តិ​បត្ដិការ​របស់​អា​ជា្ញ​ធរ​អប្សរា​ធ្វើការ​រុះរើ​ជា​បន្ដបន្ទាប់​កាលពី​សបា្ដហ៍​មុន​ បន្ទាប់ពី​ម្ចាស់​សំណង់​មិន​បាន​រុះរើ​តាម​កិច្ចសន្យា​អស់​ជា​ច្រើន​ខែ ។

​ប្រធាន​ស្ដីទី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហ​ប្រតិបត្តិ​ការ​នៃ​អាជ្ញាធរ​អប្សរា​ លោកព្រំ ករុណា បាន​ថ្លែង​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ ឧសភាថា ប្រតិបត្ដិ​ការរុះរើ​សំណង់​មិន​រៀប​រយ​​ទាំង​​២​ខ្នង​ដែលសង់​រំលោភ​តំបន់​ការពារ​ រ​មណី​យ​ដ្ឋា​ន​អង្គរ​នេះ​ធ្វើ​ឡើងជា​ពីរ​ដំណាក់កាល​ដាច់​ពី​គ្នា គឺ​លើក​ទីមួយ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី៥​ខែឧសភា ឆ្នាំ២០១១​ ដែល​ជា​ការ​អនុវត្ដ​សាល​ដីកាតុលាការខេត្ដ​សៀមរាប​ទៅ​លើ​សំណង់​មួយ​ខ្នង ទំហំ៣,៥០​ម៉ែត្រ×៤​ម៉ែត្រ​​កម្ពស់​៣,៥ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំងស្លឹក ស្ថិត​នៅ​ក្នុងភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង​ ដែល​ជា​តំបន់​ការពារ​កម្រិតខ្ពស់​នៃរ​មណីយ​ដ្ឋា​នអង្គរ​របស់​ឈ្មោះ​ញ៉ែ​ម មរកត ភេទ​ស្រី ។ ប្រតិបត្ដិ​ការទី២ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី៦ ខែឧសភា ឆ្នាំ២០១១ ដែល​ជា​ប្រតិបត្ដិការ​រួម​គ្នា​រវាង​កម្លាំង​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិបត្ដិ​ការ​​នៃ​អាជ្ញាធរ​អប្សរា ជាមួយ​អា​ជា្ញ​ធរ​មូលដ្ឋាន ទៅ​លើ​សំណង់​មួយ​ខ្នង​សង់​ពី​ឈើ​ប្រក់ស្បូវ ទំហំ​៦ម៉ែត្រ×១៥ម៉ែត្រ កម្ពស់​៤ម៉ែត្រ របស់គ្រួសារ​​ ប្ដី​ឈ្មោះជ័យ រ​ដ្ឋា​ អាយុ៤០ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ម៉ៅ ស៊ី​ថា អាយុ៣៥ឆ្នាំ​ ក្នុងភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទ​បាគង​​ដូច​គ្នា ។

​លោក ព្រំ ករុណា បាន​បន្ថែម​ទៀត​ថា​សំណង់​មិន​រៀបរយ​ទាំង​ពីរ​ខ្នង​ដែល​បាន​រុះរើ​កាលពី​សបា្ដហ៍មុន​នោះ​សាងសង់​ឡើង​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​អា​ជា្ញ​ធរ​អប្សរា​ទេ ​ដែល​ហេតុ​ធ្វើ​ឱ្យ​បាត់បង់សោ​ភ័ណភាព​ដើម​របស់រ​មណី​យ​ដ្ឋា​ន​អង្គរ ហើយ​យើង​បាន​ចុះ​ធ្វើ​​ការ​ណែនាំ​ពន្យល់​ម្ចាស់​សំណង់ និង​ធ្វើ​កិច្ចសន្យា​ឱ្យគាត់​រុះរើ​ដោយ​ខ្លួនឯង ​ប៉ុន្ដែគាត់​មិន​ព្រម​ទើប​អា​ជា្ញ​ធរ​សម្រេច​ឈាន​ទៅ​ដល់​អនុវត្ដការ​រុះរើ​បែប​នេះ​ ។
​ប្រាសាទ​អង្គរ​ត្រូវ​បាន​ដាក់​ប​ញ្ចូល​​ទៅ​ក្នុង​បញ្ជី​បេ​តិកភ​ណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​១៩៩២​ ហើយ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិ​ភព​លោក​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​នោះ​ ការ​កំណត់​តំបន់​ការពារ​នៃ​រមណីយ​ដ្ឋា​ន​អង្គរ គឺជា​លក្ខខណ្ឌ​មួយ​ចាំបាច់មាន​ផ្ទៃដី​ទំហំ៤០១គីឡូ​ម៉ែត្រ​ក្រឡា គ្រប​ដណ្ដប​់លើ​ភូមិ​ចំនួន​១១២ ឃុំ​ចំនួន​២១ ក្នុងស្រុក​ចំនួន​៥ ចែក​ចេញ​ជា​ឧទ្យាន​ចំនួន៣​រួម​មាន​ ឧទ្យាន​បន្ទាយស្រី​ទំហំ៤គីឡូម៉ែត្រ​គុណ៥​គីឡូម៉ែត្រ ឧទ្យាន​កណ្ដាល​«​អង្គរ» ​ទំហំ​១៣​​គីឡូម៉ែត្រ​គុណ២៧គីឡូ​មែ​ត្រ និង​ឧទ្យាន​រលួស​ទំ​ហំ​៦​គីឡូម៉ែត្រ​គុណ៥​គីឡូម៉ែត្រ ។ ជាមួយ​នេះ​​កំណត់​ជា​តំបន់​ការពារ​០១​ និង​០២ ដោយ​មាន​ប្រជា​ពលរ​ដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​តំបន់​នោះ ប៉ុន្ដែ​មិន​ត្រូវ​បាន​អនុញាត​ឱ្យ​ប្រជា​ពលរ​ដ្ធ​បង្កើន​ចំនួន​ខ្នង​ផ្ទះ​ថ្មី​លើ​តំបន់​នោះ​ឡើយ ។

ការ​រឹតបន្តឹង​មិន​ឱ្យ​មានការ​សាងសង់​លំនៅ​ឋាន​ថ្មី​នៅ​លើ​ផ្ទៃដី៤០១គីឡូម៉ែត្រ​ក្រឡា​​ ដែល​ជា​តំបន់​ការពារ​នៃ​ឧទ្យា​ន​អង្គរ ​បាន​នាំ​មក​នូវ​ភាពចម្រូង​​ចម្រាសយ៉ាង​ខ្លាំង​​រវាង​អ្នក​ភូមិ​ជាមួយ​អាជ្ញា​ធរ​អប្សរា ហើយក៏​បាន​ក្លាយទៅជា​ឱកាស​​ឱ្យ​អ្នកនយោបាយ​មួយ​ចំនួន​ក្នុង​ការ​ទាញ​យក​ប្រជា​ប្រិយភាពរបស់​ខ្លួន​​ផងដែរ ។

អគ្គ​នាយ​កអា​ជា្ញ​ធរ​អប្សរាលោកប៊ុ​ន ណា​រិ​ទ្ធ​ ធ្លាប់​បាន​ប្រសា​ស​ន៍ថា ការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​អាប់អួតាម​បែប​នយោបាយ​នៅ​ក្នុង​តំបន់​ រម​ណីយ​ដ្ឋាន​វប្ប​ធ​ម៌អង្គរ​បេតិកភណ្ឌ​ពិភព​លោក​ដែល​មានច្បាប់​ជា​គោល​ក្នុង​ការ​គ្រប់គ្រង​នោះ​ វា​ជា​រឿង​អាក្រក់មួយ​មាន​ភាព​អាត្មា​និយម​ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រ​យោ​ជ​ន៍​រួម​របស់​ជាតិ​ ដូច្នេះ​គួរតែ​អ្នកនយោ​បាយ​​ទាំង​នោះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ហើយ​ងាក​មក​ជួយ​គ្នា​ដោះ​ស្រាយ​បញ្ហា​ដើម្បី​ឧត្ដមភាព​ជាតិ​យើង​រុងរឿង​ទើប​ប្រសើរ​ ។

លោក​បាន​បន្ដ​ថា ប្រតិបត្ដិ​ការដែល​អា​ជា្ញ​​ធរ​អប្សរា​កំពុងធ្វើ​សកម្មភាព​នេះ​មិន​មាន​បំណង​ណា​មួយ​ធ្វើ​ទុក្ខទោស​ទៅ​លើ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ​ទេ ប៉ុន្ដែ​វា​ជា​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ដរក្សា​ឱ្យបាន​នូវ​ចំនួន​ខ្នង​ផ្ទះ​នៅ​ក្នុង​តំបន់់​ការពារ​របស់រ​មណី​យ​ដ្ឋា​ន​អង្គរ​តាម​លក្ខ​ខណ្ឌ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក ។ ដូច្នេះ​ រាល់​ការ​ហាមឃាត់ឬ​រុះរើ​សំណង់​ឥត​ច្បាប់​ក្នុង​ដែន​គ្រប់គ្រង​របស់​អា​ជា្ញ​ធរ​អប្សរា គឺជា​ការ​អនុវត្ដច្បាប់ ការពារ​ផលប្រយោជន៍​ជាតិ អត់​មាន​ធ្វើ​ដើម្បី​​ផល​ប្រយោជន៍​បុគ្គលទេ ៕