ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​និង​ពលរដ្ឋ​លើកគ្នា​ទៅ​បណ្ដេញ​ក្រុម​ហ៊ុន​​​​ដែល​សំងំ​ដំឡើង​ម៉ាស៊ីន​បូម​ខ្សាច់​ក្នុង​អូរ

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​លើកគ្នា​ទៅ​ពិនិត្យ​ដល់ទី​តាំង​បូម​ខ្សាច់​នៅ​ក្នុង​អូរ​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នៅ​ចំណុច​អូរ​តា​ស្វាយ ស្ថិត​ក្នុងភូមិ​ច្រនាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង​ ៖ អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​លើកគ្នា​ទៅ​ពិនិត្យ​ដល់ទី​តាំង​បូម​ខ្សាច់​នៅ​ក្នុង​អូរ​មួយ​កន្លែង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នៅ​ចំណុច​អូរ​តា​ស្វាយ ស្ថិត​ក្នុងភូមិ​ច្រនាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ដែល​មាន​ក្រុមហ៊ុន​គ្រឿងចក្រ​មួយ បាន​និង​កំពុង​សំងំ​ដំឡើង​ម៉ាស៊ីន និង​ឧបករណ៍​បូម​ខ្សាច់​នៅ​ទីនោះ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ត្រូវ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​សម្រេច​បណ្ដេញ​ឲ្យ​ក្រុមហ៊ុន​អនាធិបតេយ្យ​មួយ​នេះ​រើ​រតោង​រើរ​ហឹ​ង​ចេញ​ឲ្យ​អស់ពី​ទីតាំង​នោះ​ដោយ​មិន​អនុញាត​ឲ្យ​ចូល​ទៅ​លួច​ធ្វើ​សកម្មភាព​ជា​លើក​ទី​ពីរ​ឡើយ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​បណ្ដេញ​ក្រុមហ៊ុន​គ្រឿងចក្រ​គ្មាន​ច្បាប់ទម្លាប់ ដែល​សំងំ​លួច​បំពាក់​សម្ភារ​បូម​ខ្សាច់​ឲ្យ​ចាក​ចេញពី​ទីតាំង​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ពល​រដ្ឋ​ជាង​៥០​នាក់ ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ និង​ច្រើន​ភូមិ​នៅ​តំបន់​នោះ​ប្ដឹង​តវ៉ា ព្រោះ​អ្នក​ភូមិ​រក​ឃើញ​ថា ក្រុមហ៊ុន​គ្មាន​អត្តសញ្ញាណ​មួយ​នេះ​ហាក់​បង្ហាញ​នូវ​គោលដៅ​មិន​ច្បាស់លាស់​ក្នុង​ការ​ពន្យល់​ពលរដ្ឋ ។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ក្រុម​គ្រឿងចក្រ​នេះ​បាន​ទៅ​ជួល​ដី​អ្នក​ភូមិ​មួយ​កន្លែង​នៅ​ក្បែរ​ទីតាំង​បូម​ខ្សាច់​នោះ អស់​រយៈ​ជិត​មួយ​ខែ​កន្លង​មក​ហើយ ដើម្បី​ដាក់​គ្រឿងចក្រ និង​ស្ដុក​សម្ភារ​នានា សម្រាប់​សាងសង់​ការដ្ឋាន​បូម​ខ្សាច់​នៅ​ក្នុង​អូរ ។ ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​ទៅ​សាកសួរ​អ្នក​គ្រប់គ្រង​គ្រឿងចក្រ​នេះ ម្ដង​ប្រាប់​ថា ក្រុមហ៊ុន​គាត់​ចូល​កាយ​ដី​ស្ដារ​អូរ​ធ្វើ​ផ្លូវ​សងខាង​អូរ​នោះ​ប្រវែង​៨០០​ម៉ែត្រ ម្ដង​ប្រាប់​ថា កាយ​រុករក​ខ្សាច់​ក្នុង​អូរ​ដើម្បី​ធ្វើតេស្ដ ។ ប៉ុន្តែ​មេការ​ដែល​ព្យាយាម​ផ្ដល់​ចម្លើយ​មិន​ច្បាស់លាស់​រូប​នេះ មិន​បាន​និយាយ ឬ​បង្ហាញ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ ឬ​ពី​មន្ទីរ​ជំនាញ​ឲ្យ​ពលរដ្ឋ​បានឃើញ​ទេ ។

ដោយសារ​តែ​ការ​បារម្ភ​ខ្លាំង​ពី​សកម្មភាព​ក្រុមហ៊ុន​បូម​ខ្សាច់​នេះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព និង​ការ​រស់នៅ​របស់​អ្នក​ភូមិ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ក្រុម​អ្នក​ភូមិ​ប្រមាណ​៥០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាស្រុក​ថ្មគោល ដើម្បី​សុំ​អន្តរាគមន៍​ពី​អាជ្ញារ​ស្រុក​ឲ្យ​ជួយ​រក​ដោះស្រាយ ចំពោះ​ក្រុមហ៊ុន​បូម​ខ្សាច់​ដែល​គេ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ដំឡើង​គ្រឿងចក្រ និង​បំពាក់​សម្ភារ​បូម​ខ្សាច់​នៅ​ក្នុង​អូរ​ខាងលើនេះ ។

ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា មូលហេតុ​ដែល​អ្នក​ភូមិ​លើកគ្នា​ទៅ​តវ៉ា​នេះ ព្រោះ​អ្នក​ភូមិ​បារម្ភ​មិន​ឈប់​ឈរ​ថា បើ​ក្រុមហ៊ុន​គ្រឿងចក្រ​នេះ ពិតជា​ដំឡើង​ម៉ាស៊ីន​បូម​យក​ខ្សាច់​ក្នុង​អូរ​នេះ​មែន អ្នក​ភូមិ​ដែល​រស់នៅ​តាម​ដងអូរ​ប្រាកដជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ។ អ្នក​ភូមិ​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ដូច្នេះ​ថា «​សកម្មភាព​បូម​ខ្សាច់​យូរ​ៗ​អាច​នឹង​បាក់​ដី​មាត់​អូរ​ប៉ះពាល់​ដល់​លំនៅ​ឋាន​ប៉ះពាល់​ផលដំណាំ ស្រែ​ចម្ការ និង​បង្ក​ការ​លំបាក​ដល់​ការ​ប្រើប្រាស​ទឹកអូរ ដើម្បី​ស្រោច​ស្រប​ដំណាំ​កសិ​កម្ម​ផ្សេង​ៗ​នៅ​តាម​ដងអូរ​នោះ​» ។ ដូច្នេះ​ហើយ ទើប​ពួក​គេ​សូម​ឲ្យ​អាជ្ញាធរ​ជួយ​រក​វិធានការ​ទប់ស្កាត់ ឬ​ដោះស្រាយ ។

ក្រោយ​បញ្ចប់​ការ​សួរនាំ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ និង​ច្រើន​ភូមិ​លើកគ្នា​តវ៉ា​ដល់​សាលាស្រុក​ថ្មគោល លោក​ភួង ស៊ី​ល្យា អភិបាលរង​ស្រុក​ថ្មគោល​ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​រួម​ដំណើរ​ជាមួយ​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​ផង បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​បូម​ខ្សាច់​នៅ​ចំណុច​អូរ​តា​ស្វាយ​នោះ​ភ្លាម​ៗ​ដែរ នៅ​ព្រឹក​ថ្ងៃ​ដដែល ដើម្បី​សួរនាំ​អំពី​គោលបំណង និង​ច្បាប់ទម្លាប់​របស់​ក្រុមហ៊ុន​គ្រឿងចក្រ​នោះ ។

លោក​ភួង ស៊ី​ល្យា ត្រូវ​បាន​គេ​ស្រង់​សំដី​ដែល​លោក​បាន​និយាយ​នៅ​ទីតាំង​បូម​ខ្សាច់​ថា បើ​តាម​ប្រវត្តិ​អូរ​មួយ​នេះ​ជា​អូរ​បុរាណ​មាន​អាយុកាល​ច្រើន​ឆ្នាំ ដែល​សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​ច្រើន​ភូមិ​បាន​អាស្រ័យ​ផល និង​ប្រើប្រាស់​ទឹកអូរ​នេះ ។ ដោយឡែក បើ​និយាយ​ពី​វត្តមាន​ក្រុមហ៊ុន​សំងំ​បំពាក់​សម្ភារ​បូម​ខ្សាច់​ខាងលើ​នេះ​វិញ បើ​តាម​លោក ភួង ស៊ី​ល្យា បាន​និយាយ​ថា ពាក់ព័ន្ធ​នឹង​ការ​រុករក​ខ្សាច់​ក្នុង​អូរ​នេះ កន្លង​មក បើ​តាម​លោក​ដឹង​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​រដ្ឋបាល​ខេត្ត និង​ទៅ​មន្ទីរ​ជំនាញ​ដែរ​ហើយ ដើម្បី​សុំ​ការ​ច្បាប់​អនុញ្ញាត ហើយ​ខាង​តំណាង​ខេត្ត និង​មន្ត្រី​ជំនាញ​ក៏​ធ្លាប់​បាន​ចុះ​ពិនិត្យ​ទីតាំង​នេះ​ផ្ទាល់​ទៀត​ផង ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ខាង​សាលាខេត្ត និង​ខាង​មន្ទីរ​ជំនាញ មិន​ទាន់​មានការ​សម្រេច​បែប​ណា ឬ​ចេញ​ច្បាប់​អនុញ្ញាត​នៅឡើយ​ទេ តែ​បែរ​ក្រុមហ៊ុន​នេះ​ដឹក​គ្រឿងចក្រ​ចូល​បោះទីតាំង​យ៉ាង​ធំដុំ​សំងំ​រៀបចំ​បំពាក់​ម៉ាស៊ីន​បូម​ខ្សាច់​ពេញ​ទឹក​ពេញ​ដី​ទៅ​ហើយ ។

នៅ​លើ​ទីតាំង​ការដ្ឋាន​បូម​ខ្សាច់​នោះ គេ​ឃើញ​បុរស​ម្នាក់​ដែល​គាត់​អះអាង​ថា គាត់​ជា​ឪពុកក្មេក​ម្ចាស់​ក្រុមហ៊ុន​គ្រឿងចក្រ​នេះ​។ កូនប្រសារ​គាត់​បាន​ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ​នៅ​ការដ្ឋាន​នេះ និង​គ្រឿងចក្រ​ផង​។ បុរស​នេះ​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ក្រុមហ៊ុន កូនប្រសារ​គាត់​ទេ ហើយ​ក៏​មិន​បាន​និយាយ​ពី​ច្បាប់ទម្លាប់​អនុញ្ញាត​អ្វី​ដែរ ។ ប៉ុន្តែ​គាត់​បាន​បញ្ជាក់​ប្រាប់​ថា កូនប្រសារ​គាត់ ប្រាប់​ឲ្យ​គាត់​នៅ​គ្រប់គ្រង មើល​ការ​ខុស​ត្រូវ​គ្រឿងចក្រ និង​រៀបចំ​តម្លើង​ម៉ាស៊ីន​បូម​ខ្សាច់ ។

អ្នកគ្រប់គ្រង​ការដ្ឋាន​បូម​ខ្សាច់​រូប​នេះ បាន​និយាយ​ទៅ​កាន់​ក្រុមការងារ​ចុះ​ត្រូ​ត​ពិនិត្យ​ថា កូន​ប្រសារ​​គាត់​បាន​ដំឡើង​ម៉ាស៊ីន​បូម​ខ្សាច់​ពី​ក្នុង​អូរ ដើម្បី​គ្រាន់តែ​ជា​ការ​ធ្វើតេស្ដ​លើក​ដំបូង​ប៉ុណ្ណោះ ។ ប៉ុន្តែ​គាត់​បាន​ព្រលយ​និយាយ​ពី​បរិមាណ​ខ្សាច់​នៅ​ក្នុង​អូរ​នេះ​យ៉ាង​ដូច្នេះ​ថា «​តាម​ពិត ខ្សាច់​នៅ​ក្នុង​អូរ​នេះ មិន​មាន​១០០%​ទេ អាច​មាន​ចន្លោះ​ពី​៦០​ទៅ​៧០% ប៉ុណ្ណោះ តែ​អាច​រែង​ធ្វើ​អាជីវកម្ម​បាន​» ។

យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​ចុះ​ពិនិត្យ​និង​សួរនាំ​រក​ច្បាប់ទម្លាប់​ផ្ទាល់​ពី​សំណាក់​លោក​អភិ​បាលរង​ស្រុក​ថ្មគោល ដែល​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង​៥០​នាក់​ផង​នេះ អាជ្ញាធរ​មិន​បាន​អនុញាត​ឲ្យ​ក្រុមហ៊ុន​នេះ​បន្តសកម្មភាព​របស់​ខ្លួន​ទៀត​ទេ បើ​ទោះជា​តំណាង​ក្រុមហ៊ុន​អនាធិប​តេយ្យ​មួយ​នេះ​បាន​ព្យាយាម​លើក​ហេតុផល​មក​ពន្យល់​អាជ្ញាធរ និង​ក្រុម​អ្នក​តវ៉ា​យ៉ាងណា​ក្ដី ។

នៅ​ក្នុង​កំណត់ហេតុ​ចុះ​សួរនាំ និង​ត្រួតពិនិត្យ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា អាជ្ញាធរ​ស្រុក​ថ្មគោល បាន​សម្រេច និង​កំណត់​ឲ្យ​តំណាង​ក្រុមហ៊ុន​គ្មាន​ច្បាប់ទម្លាប់​មួយ​នេះ រុះរើ​ដក​គ្រឿងចក្រ និង​សម្ភារ​នានា ចេញ​ពីលើ​ទីតាំង​នោះ​ឲ្យ​អស់​ចាប់ពី​ថ្ងៃនេះ​តទៅ (​ថ្ងៃ​ចុះ​ពិនិត្យ​) ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ដឹក​គ្រឿងចក្រ​ចូល​ធ្វើ​សកម្មភាព​ជា​លើក​ទី​២​ឡើយ បើ​គ្មាន​ច្បាប់​អនុញ្ញាត ។ ជាមួយនឹង​លក្ខខណ្ឌ​ដ៏​ប្រថុចញ៉ុច​បែប​នេះ អ្នក​មើល​ការ​ខុស​ត្រូវ​គ្រឿងចក្រ​ដែល​អះអាង​ថា ជា​ឪពុកក្មេក​ថៅកែ​ក្រុមហ៊ុន​បាន​យល់ព្រម​រើ​តោក​រើ​ហឹ​ង​ចេញពី​ការដ្ឋាន​ដែល​ត្រៀម​បូម​ខ្សាច់ តែ​មេកា​រូប​នេះ​សុំ​ពេល​០៣​ថ្ងៃ ដើម្បី​រុះរើ​សម្ភារ និង ដឹក​គ្រឿងចក្រ​ចេញពី​លើ​ទីតាំង​នេះ​ឲ្យ​អស់ ។

ប៉ុន្តែ​យ៉ាងណា មុន​នឹង​ក្រុមការងារ​ចាកចេញ អាជ្ញារ​ធរ​បាន​ផ្ដែរ​ផ្ដាំ​ជា​លើក​ចុង​ក្រោយ​ថា «​ប្រសិនបើ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ ថ្ងៃក្រោយ​ហាម​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​នេះ ចូល​ធ្វើ​សកម្មភាព​ដាច់ខាត​លើ​ដី​អូរ​នេះ​ឡើយ​» ។

អត្ថបទសរសេរ ដោយ