ខេត្តកណ្តាល ៖ យុវជនស្ទាវពីរនាក់ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលដេញតាមចាប់ខ្លួន ខណៈពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាបំពាក់ស៊ីរ៉ែនបើកបរក្នុងល្បឿនយ៉ាងលឿន និងបើកសំឡេងស៊ីរ៉ែនលាន់ឮយ៉ាងកងរំពងតាមដងផ្លូវបង្កការភ្ញាក់ផ្អើលដល់គេឯង កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៨ ឧសភា ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ។
ជនស្ទាវទាំងពីរនាក់នោះម្នាក់ឈ្មោះខន សុខខេង អាយុ២២ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះម៉ម ចាន់ណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-7437 បំពាក់ទៅដោយស៊ីរ៉ែន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ក្រុមជនស្ទាវទាំងនោះបានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន និងបានបើកសំឡេងស៊ីរ៉ែនបណ្តាលឱ្យលាន់ឮយ៉ាងកងរំពង ពេញផ្លូវ ។ ពេលនោះមានអ្នកដំណើរជាច្រើនបានភ្ញាក់ផ្អើល និងបាននាំគ្នាឈប់គ្រប់ៗគ្នា ជាពិសេសអ្នកធ្វើដំណើរស្របទិសគ្នា នឹកស្មានថា ជាក្បួនគណៈប្រតិភូទៀតផង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានជួបនឹងកម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល ដែលកំពុងបើកល្បាតតាមផ្លូវ ប៉ូលិសក៏បានដេញតាមទាន់នាំទៅកាន់អធិការដ្ឋានស្រុកដើម្បីសាកសួរ ។
ក្រោយពេលចាប់ខ្លួន ជនស្ទាវទាំងនោះបាននិយាយប្រាប់ប៉ូលិសថា ស៊ីរ៉ែននោះមានសំឡេង៣ប្រភេទ ដែលពួកគេទិញដាក់ក្នុងតម្លៃ១២ដុល្លារ ដើម្បីឱ្យអ្នកដទៃគេចចេញពេលធ្វើដំណើរកុំឱ្យចង្អៀតពេក ។ ប៉ូលិសនិយាយថា ពេលនេះការប្រើប្រាស់ស៊ីរ៉ែន មានកំណត់អាចប្រើបានតែ ថ្នាក់ដឹកនាំកំពូលៗប៉ុណ្ណោះ ដោយឡែកជនស្ទាវខាងលើមិនបានយល់អ្វីទាំងអស់ពួកគេធ្វើបែបនេះ នឹកស្មានថា គេខ្លាចញញើតមិនដឹងថា ខុសច្បាប់នោះឡើយ ពេលនេះប៉ូលិសបានសាកសួរ និងធ្វើការអប់រំ ៕
ចែករំលែកព័តមាននេះ