ប្រុសៗច្រើននាំគ្នានិយាយថា បើមិនចេះផឹកស្រាទេ គឺគ្មានមិត្តទេ ។ តើការផឹកពិតជាបង្កើតមិត្ត ឬក៏បង្កើតបញ្ហាក្នុងសង្គមជាតិរបស់យើង ?

ជាការពិតអ្នកនិពន្ធសៀវភៅផ្នែកទំនាក់ទំនងច្រើនមានយោបល់ថា មនុស្សសេពគប់មនុស្សដែលមានចរិតដូចគ្នា ។ នេះអាចមានន័យថា បើមិត្តភក្តិរបស់យើងជាអ្នកផឹកយើងនឹងក្លាយជាអ្នកផឹកដែរនៅពេលណាមួយ ទោះបីជាយើងមិនចេះផឹកក្តី ។ ប៉ុន្តែវាមិនមានន័យថា យើងត្រូវតែផឹក ដើម្បីបង្កើតមិត្តឡើយ ។ យើងត្រូវនឹកដល់ឃ្លាមួយដែលនិយាយថា មិត្តផឹកស៊ីច្រើនឃើញមុខនៅពេលមានការផឹកស៊ី ប៉ុន្តែពេលយើងត្រូវការ ដើម្បីរកជំនួយ ឬយោបល់ មិត្តផឹកស៊ីនោះមិនបានលេចមុខឡើយ ។ ដូច្នេះយើងមិនត្រូវបណ្តុះទម្លាប់ផឹកស៊ីស្រវឹងនាំដល់ខូចសុខភាព និងអាចបង្កគ្រោះថ្នាក់សម្រាប់ខ្លួន និងអ្នកដទៃផងដែរ។
ជាប្រទេសតូច ក្រ ហើយពលរដ្ឋមានចំណូលទាប ពលរដ្ឋមានចំនួនតិច តែប្រទេសកម្ពុជា បានឈរនៅលេខរៀងទី៣ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន និងលេខរៀងទី៣៦ ក្នុងចំណោមប្រទេស១៨០ នៅលើពិភពលោកដែលមានប្រជាជនផឹកស្រាច្រើនជាងគេ ។ គេបានរកឃើញថា ជាមធ្យមមនុស្សម្នាក់អាចផឹកស្រាបាន២១.៧លីត្រ ។ ប្រទេសឡាវ និងវៀតណាម ជាប់របងកម្ពុជា ស្ថិតនៅពីលើកម្ពុជាក្នុងរាតានិយាយពីអ្នកទទួលទាន គ្រឿងស្រវឹងនោះ ។ ប្រទេសឡាវ បានឈរនៅលេខរៀងទី១ ក្នុងតំបន់អាស៊ាន និង១៨ លើពិភពលោក ខណៈវៀតណាមបានឈរនៅលេខរៀងទី២ ក្នុងតំបន់អាស៊ាន និង២៨នៅ លើពិភពលោក ដែលមានអ្នកផឹកស្រាច្រើនជាងគេ ។ នេះបើយោងតាមរបាយការណ៍របស់ Wisevoter ។

ទោះមិនមានភស្តុតាងបង្ហាញថា របាយការណ៍ខាងលើវាសុក្រិត្យត្រឹមត្រូវកម្រិតណា តែអ្នកឃ្លាំមើលសង្គមកម្ពុជាមួយចំនួនលើកឡើងថា របាយការណ៍អាចឆ្លុះបញ្ចាំងពីឥរិយាបថ នៃការទទួលទានគ្រឿងស្រវឹងនៅកម្ពុជានាពេលបច្ចុប្បន្ន ។ គ្រឿងស្រវឹងមានលក់ដោយ សេរីនៅកម្ពុជា ។ ចំណែកការផ្សាយពាណិជ្ជកម្មក៏បានបើកចំហរមិនថា មនុស្សចាស់ ក្មេង មនុស្សប្រុស មនុស្សស្រី អាចឃើញពីការផ្សាយពាណិជ្ជកម្មពីគ្រឿងស្រវឹងនៅកម្ពុជា ដោយសេរីនៅតាមទីសាធារណតាមកញ្ចក់ទូរទស្សន៍ ឬតាមវិទ្យុផ្សាយសំឡេង និងតាមបណ្តាញសង្គម ។ ការផ្សាយពាណិជ្ជមានលក្ខណៈអូសទាញឱ្យពលរដ្ឋទទួលទានគ្រឿងស្រវឹង ដូចជា ការឈ្នះរង្វាន់ជារបស់របរមានតម្លៃដូចជាផ្ទះ ឡាន ម៉ូតូជាដើម នៅពេលគេទទួលទានផឹកស្រាបៀកាន់តែច្រើននោះនឹងមានឱកាសឈ្នះរង្វាន់ទាំងនោះកាន់តែច្រើន ។

នៅកម្ពុជាគ្មានច្បាប់កំណត់អាយុប្រជាពលរដ្ឋ ដែលអាចទៅទិញស្រា ឬគ្រឿងស្រវឹងនោះទេ ។ ឪពុកម្តាយអាចប្រើកូនតូចឱ្យទៅទិញសុរា និងគ្រឿងស្រវឹងពីកន្លែងលក់បាន ។ ខុសពីកម្ពុជាប្រទេសជាច្រើនគេមានច្បាប់ហាមមិនអនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹងទៅឱ្យកុមារក្រោមអាយុ១៨ឆ្នាំនោះទេ ។ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ និងកន្លែងលក់ស្រា ត្រូវគេដឹងថាមាននៅជិតៗសាលារៀន ។

ក្រៅសកម្មភាពអូសទាញដូចរៀបរាប់ខាងលើ ទស្សនមួយចំនួនដូចជាថា បើមិនចេះផឹក ស៊ីគ្មានមិត្ត ឬមិនចេះផឹកស៊ី ការងារមិនរីកចម្រើន ចេះផឹកចេះស៊ី ដើម្បីបង្កើតទំនាក់ទំនង ជាដើម ។ សុទ្ធសឹងជាទស្សន:មួយដែលបានលើកទឹកចិត្តឱ្យមនុស្សទទួលទានគ្រឿងស្រវឹង ដោយភ្លេចគិតពីផលលំបាករបស់វាដូចជាថា គ្រឿងស្រវឹងបង្កហានិភ័.យដល់សុខភាព និងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្លាប់សង្គមជាដើមនោះ ។ ផលលំបាកពីគ្រឿងស្រវឹងត្រូវបានគេរកឃើញថា មានច្រើន ។ ក្រៅពីការខាតបង់ថវិកា បំផ្លាញសុខភាពគ្រឿងស្រវឹងបង្កជាអំពើហិ.ង្សានៅគ្រួសារ និងសង្គមបង្កឱ្យមានគ្រោះថ្នាក់លើដងផ្លូវ បណ្តោលឱ្យពលរដ្ឋស្លា.ប់បាត់អាយុជីវិតស្ទើររាល់ថ្ងៃជាដើម ។
ពលរដ្ឋកម្ពុជាពិសេសយុវជន គួរមានការថ្លឹងថ្លែងឱ្យបានច្បាស់ពីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងស្រវឹង និងមិនគួរយកគ្រឿងស្រវឹងជាធំនោះទេ ។ ការជាប់ឈ្មោះជាអ្នកផឹកច្រើនជាងគេមិនល្អដូចជា ការជាប់ឈ្មោះប្រទេសដែលស្អាត ប្រទេសដែលមានស្មាមញញឹម ឬប្រទេសដែលមានពលរដ្ឋសិក្សាបានខ្ពង់ខ្ពស់នោះទេ ។

ជាងនេះទៅទៀត ទស្សនបុរាណមួយដូចបានលើកឡើងខាងលើ មិនគួរណាប្រើប្រាស់ជាការលើកទឹកចិត្តឱ្យយុវជនសេពគ្រឿងស្រវឹងនោះឡើយ។ គេគួរនាំគ្នានិយាយពីផលអាក្រក់របស់គ្រឿងស្រវឹង ដើម្បីកាត់បន្ថយ និងលុបបំបាត់គ្រឿងស្រវឹងពីសង្គមដូចជា គ្រឿងស្រវឹងធ្វើឱ្យយុវជនមានអនាគតមិនល្អ គ្រឿងស្រវឹងនាំឱ្យខ្លីវិជ្ជា និងអាយុខ្លីជាដើម ។
រដ្ឋអំណាចក៏គួរបង្កើតច្បាប់ និងវិធានការជាច្រើនទៀត ដើម្បីគ្រប់គ្រងគ្រឿងស្រវឹងនៅលើទីផ្សារធ្វើយ៉ាងណាកុំឱ្យមានលក្ខណៈទូលំទូលាយជ្រុលប៉ះពាល់ដល់យុវជនដែលជាសសរទ្រង់របស់ប្រទេសជាតិនោះ៕
ចែករំលែកព័តមាននេះ