ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​៥០០​ថ្ងៃ​នៃ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈលោក​ហ្សេ​ឡេ​ន​ស្គី​ មក​កាន់​កោះពស់

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​៨​កក្កដា​ជា​ថ្ងៃ​និម្មិត្តរូប​ដែល​កំណត់​ពី​ខួប​គម្រប់​៥០០​ថ្ងៃ ដែល​អ៊ុយ​ក្រែ​ន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​៨​កក្កដា​ជា​ថ្ងៃ​និម្មិត្តរូប​ដែល​កំណត់​ពី​ខួប​គម្រប់​៥០០​ថ្ងៃ ដែល​អ៊ុយ​ក្រែ​ន ប្រឈម​មុខ​នឹង​សង្គ្រាម​ដែល​រុ​ស្ស៊ី​​បើក​ធ្វើ​ពី​ខែកុម្ភៈ​ឆ្នាំ​២០២២​មក​។

សម្រាប់​ឱកាស​នោះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រជុំ​កោះពស់ មាន​ទំហំ​ត្រឹម​១៧​ហិ​កតា​ក្នុង​សមុទ្រ​ខ្មៅ កន្លែង​ដែល​ក្រុង​គៀវ​ដណ្ដើម​បាន​ជ័យជម្នះ​ដំបូង យក​កោះ​នោះ​ពី​រុ​ស្ស៊ី​វិញ​។ ក្នុង​សារ​វី​ដេ​អូ​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៨​កក្កដា​តាម​បណ្ដាញ​សង្គម ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន​ថ្លែង​ថា ពេល​នេះ​យើង​ស្ថិត​នៅ​លើ​កោះពស់​ដែល​ដាច់ខាត​រុ​ស្ស៊ី​មិន​អាច​ដណ្ដើម​យក​បាន ដូច​គ្នា​នឹង​កន្លែង​ដទៃ​ទៀត​របស់​អ៊ុយ​ក្រែ​ន ព្រោះ​យើង​ជា​ប្រទេស​ដែល​អង់អាច​ក្លាហាន​។ ពី​កន្លែង​ជោគជ័យ​នេះ​ទៅ ខ្ញុំ​សូម​សម្ដែង​ការ​អរគុណ ដល់​ទាហាន​យើង​គ្រប់​គ្នា សម្រាប់​ខួប​៥០០​ថ្ងៃនេះ​នៃ​សង្គ្រាម​។

ក្នុង​វី​ដេ​អូ​គេ​ឃើញ​លោក​ហ្សេ​ឡេ​ន​ស្គី​មក​កាន់​កោះពស់​តាម​នាវា ហើយ​បាន​ដាក់​កម្រងផ្កា​នៅ​មុខ​ស្តូ​ប​គោរព​វិញ្ញាណក្ខន្ធ​មួយ​។ ក្រោយ​ការ​ចាប់ផ្ដើម​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​បន្តិច កងទ័ព​រុ​ស្ស៊ី​វាយ​ដណ្ដើម​យក​បាន​កោះ​យុទ្ធសាស្ត្រ​នេះ ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ពី​ឆ្នេរ​។ កោះ​នោះ​ការពារ​ដោយ​ទាហាន​អ៊ុយ​ក្រែ​ន​១​កង​តូច​។ ទាហាន​ត្រឹមតែ​១៣​នាក់​នៅ​ទីនោះ​អាច​វាយ​ទប់ទល់​ដ៏​ក្លាហាន រុញច្រាន​កង​ទាហាន​រុ​ស្ស៊ី​​២​លើក តែ​មិន​អាច​បន្ត​ប្រយុទ្ធ​​ព្រោះ​អស់​គ្រាប់រំសេវ​។ នាវាចម្បាំង​រុ​ស្ស៊ី​​ដែល​វាយប្រហារ​កោះ​នោះ បាន​ឲ្យ​ពួក​គេ​ចុះចូល​តែ​ពួក​គេ​បដិសេធ​។ ទីបំផុត​ពួក​គេ​ត្រូវ​ស្លា.ប់​ទាំងអស់ ដោយសារ​ការ​បាញ់​ផ្លោង​របស់​រុ​ស្ស៊ី​​។

ចំណែក​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន​រាយការណ៍​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​មួយ​កាលពី​ថ្ងៃ​ទី​៨​កក្កដា នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់ ចំ​ថ្ងៃ​ទី​៥០០​នៃ​សង្គ្រាម​។ តាម​តេ​ឡេ​ក្រាម​ក្រសួង​នោះ​គូសបញ្ជាក់​ថា នា​ថ្ងៃនេះ​យើង​ទទួល​ព័ត៌មាន​ពី​មនុស្ស​ស្លា.ប់​ច្រើន​នាក់ ក្រោយ​ការ​វាយប្រហារ​របស់​សត្រូវ​នា​ពេល​ព្រឹក​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​១៣​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ​នេះ​លើ​ក្រុង​លី​ម៉ា​ន​។ ទីក្រុង​នោះ​ជា​កន្លែង​ប្រសប់​សំខាន់​នៃ​ផ្លូវដែក នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ ក្រុង​នោះ​ត្រូវ​បាន​កងទ័ព​អ៊ុយ​ក្រែ​ន​វាយ​ដណ្ដើម​យក​បាន​ពី​រុ​ស្ស៊ី​ កាលពី​ខែតុលា​ឆ្នាំទៅ​មិ​ញ​។ កាលពី​ស​ប្ដា​ហ៍​មុន​កងទ័ព​រុ​ស្ស៊ី​បាន​ធ្វើការ​វាយលុក​លើ​តំបន់​នោះ​ប៉ង​ដណ្ដើម​យក​វិញ​។

ពេល​ឈាន​ដល់​ថ្ងៃ​ទី​៥០០​នៃ​សង្គ្រាម ដោយ​មើលឃើញ​កងទ័ព​អ៊ុយ​ក្រែ​ន​ហាក់​មិន​អាច​វាយបក​ដណ្ដើម​ដែនដី​ដែល​រុ​ស្ស៊ី​កាន់កាប់​បាន​ច្រើន ដូច​ការ​រំពឹង​ទុក ហើយ​ថែម​ទាំង​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ ក៏​ទោះបី​មានការ​ហាមឃាត់​ជា​អន្តរជាតិ អា​មេ​រិ​ក​នា​ថ្ងៃ​ទី​៧​កក្កដា​អះអាង​ថា ខ្លួន​នឹង​ផ្ដល់​គ្រាប់បែក​ចង្កោម​ហៅ​គ្រាប់បែក​ឃ្លី​ដល់​អ៊ុយ​ក្រែ​ន ក្នុង​ក្រប​ខណ្ឌ​នៃ​ជំនួយ​យោធា​ថ្មី​៨០០​លាន​ដុល្លារ​។ អាវុធ​នោះ​ពិត​ណាស់​បង្ក​គ្រោះថ្នាក់​ខ្លាំង​និង​យូរ​ទៀត​ផង​ដល់​ជន​ស៊ី​​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ