រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងដោយសារតែបុរសម្នាក់ទៀតដែលត្រូវជាបងថ្លៃ វាយនឹងឈើជ្រុង ខណៈកំពុងដេកនៅលើផ្ទះ បន្ទាប់ពីពួកគេផឹកស៊ីជាមួយគ្នា ហើយមានទំនាស់ពាក្យសម្តីបន្តិចបន្តួចប៉ុណ្ណោះ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ ឧសភា ២០១១ នៅចំណុចភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះកែវ សាវ៉ាង អាយុ២៥ឆ្នាំ ជាជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១១៥E ផ្លូវលេខ៥E បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ត្រូវបងថ្លៃ របស់ខ្លួនវាយនឹងឈើជ្រុងបែកក្បាលស្លាប់ភ្លាមៗតែម្តង ។ ចំណែកឯបងថ្លៃជាឃាតកឈ្មោះចូវ ចាន់ថន អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា មានស្រុកកំណើតភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ពេលនេះកំពុងរត់គេចខ្លួន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះ និងជនជាឃាតកដែលត្រូវជាបងថ្លៃនោះ បានផឹកស៊ីច្រៀងខារ៉ាអូខេ ជាមួយគ្នានៅក្នុងបុរីសន្តិភាព ២យ៉ាងសប្បាយ ។ លុះក្រោយមកក៏ស្រាប់តែមានទំនាស់ពាក្យសម្តីបន្តិចបន្តួច ប៉ុន្តែពុំដឹងថា ទំនាស់រឿងអ្វីនោះឡើយ ពេលនោះជនរងគ្រោះបានគេចទៅដេកនៅលើផ្ទះឪពុកក្មេករបស់បងថ្លៃស្រាប់តែជននោះនៅតែបានតាមទៅវាយសម្លាប់ដល់លើផ្ទះទាល់តែបាន ៕
ចែករំលែកព័តមាននេះ