ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រដោយសារតែភ្លើងឆាបឆេះសម្លៀកបំពាក់ល្អៗក្នុងតូបនៅផ្សារចក្រី បណ្តាលឱ្យខាតបង់ប្រាក់រាប់ម៉ឺនបាត ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯកកែវ ប៊ុនយឿន អធិការប៉ូលិសស្រុកព្រះនេត្រព្រះឱ្យដឹងថា តូបលក់សម្លៀកបំពាក់មួយនោះមាន២ម្ចាស់ទំហំ៤ម៉ែត្រគុណ៤ម៉ែត្រ គឺម្ចាស់ទី១-ឈ្មោះយ៉ាំ មុយ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វ៉ារី និងម្នាក់ទៀតឈ្មោះហ៊ីង គឹមមួយ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ ម្ចាស់តូបទី១ប្រាប់ថា ខ្លួនខាតបង់អស់ប្រាក់២០ម៉ឺនបាត និងម្ចាស់តូបទី២ប្រាប់ថា ខ្លួនខាតបង់អស់ប្រហែល២ម៉ឺនដុល្លារ ។
លោកអធិការនគរបាលស្រុកបន្តឱ្យដឹងទៀតថា អគ្គីភ័យនេះផ្តើមចេញពីទុស្សេខ្សែភ្លើងនៅតូបរបស់ឈ្មោះយ៉ាំ មុយ ដែលបើកភ្លើងបំភ្លឺក្នុងតូប ។ ការឆាបឆេះនោះពុំបានរាលដាលឆ្លងទៅតូបដទៃក្នុងផ្សារទេ ព្រោះប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជួយពន្លត់អស់រយៈពេលជាងកន្លះម៉ោងរលត់ទាំងស្រុង ៕
ចែករំលែកព័តមាននេះ