*អ្នកគាំទ្រក្លឹបបិសាចក្រហម Man Utd ខឹងម្ចាស់ក្លឹបដំឡើងថ្លៃសំបុត្រចូលទស្សនា
ក្រុមអ្នកគាំទ្រក្លឹប Man Utd សម្តែងការមិនពេញចិត្តចំពោះម្ចាស់ក្លឹបដែលត្រៀមដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួតមួយលើកចំនួន១ផោន ឬប្រហែល១,៥ដុល្លារនៅរដូវកាលក្រោយ (២០១១-២០១២) ។ ការត្រៀមដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់របស់ក្លឹប Man Utd នឹងធ្វើឱ្យសំបុត្រចូលទស្សនាប្រចាំឆ្នាំដែលថ្លៃបំផុតរបស់ក្លឹបមានតម្លៃ៩៥០ផោន សម្រាប់ទស្សនាការប្រកួតនៅក្នុងផ្ទះចំនួន១៩លើក រួមទាំងការប្រកួតក្របខណ្ឌបាល់ទាត់យូហ្វាឆេមពានលីក និង FA Cup ។
បិសាចក្រហម Man Utd បានលើកហេតុផលក្នុងការដំឡើងថ្លៃសំបុត្រថា បណ្តាលមកពីពន្ធលើប្រាក់ចំណូលមានការឡើងចាប់តាំងពីខែមករា កន្លងមក ពី១៧,៥% ដល់២០% ។ ស្របពេលជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ក្នុងរយៈពេល៦ឆ្នាំ ចាប់ពីត្រកូលគ្លេស័រ ចូលទិញក្លឹបគឺមានការដំឡើងថ្លៃសំបុត្រចូលទស្សនាជាមធ្យម៥,៨% បើធៀបនឹងរយៈពេល៦ឆ្នាំមុន ។
ចំណែកអ្នកគាំទ្រក្លឹបបិសាចក្រហម Man Utd ដែលមានទំនាស់នឹងត្រកូលគ្លេស័រ បានសម្តែងការមិនយល់ស្របនឹងការដំឡើងថ្លៃសំបុត្រនេះឡើយ។
*សមាគមបាល់ទាត់អង់គ្លេស (FA) បញ្ជាក់ថា ក្លឹប QPR នឹងរំកិលឡើងទៅលេងនៅក្របខណ្ឌបាល់ទាត់ប្រឺមីញេលីក
FA បានសម្រេចចិត្តមិនកាត់ពិន្ទុក្លឹប QPR ពីបទចោទប្រកាន់ទិញកីឡាករអាឡេសានដ្រូ ហ្វាអ៊ូលីន មកលេងឱ្យក្លឹបដោយខុសច្បាប់កាលពីឆ្នាំ២០០៩ មានន័យថា ក្លឹបនឹងបានរំកិលឡើងទៅប្រកួតក្នុងក្របខណ្ឌបាល់ទាត់កំពូលប្រឺមីញេលីក ។ កាលពីមុននេះ FA បានចោទប្រកាន់ក្លឹប QPR ដល់ទៅ៧ករណី ជាហេតុធ្វើឱ្យក្លឹបអាចទទួលរងការកាត់ពិន្ទុដល់ទៅ១៥ពិន្ទុ បញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការរំកិលឡើងទៅលេងក្នុងលីកកំពូល ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលការសម្រេចរបស់ FA បានដំណើរការ លទ្ធផលបង្ហាញថា QPR ត្រូវបានពិចារណាថា មានកំហុសតែ២ករណី និងមិនប៉ះពាល់ដល់ការកាត់ពិន្ទុឡើយ ។
លទ្ធផលការសម្រេចខាងលើ ធ្វើឱ្យ QPR បានឡើងទៅលេងក្នុងក្របខណ្ឌប្រឺមីញេលីកជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៦ ក្នុងនាមជាជើងឯកក្របខណ្ឌឆេមពានស៊ើប៕
ចែករំលែកព័តមាននេះ