ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​តួ​ធ្វើ​ជា​កូន​ធម៌ និង​​ជា​ទី​ប្រឹក្សា​សម្តេច​គំរាម​ទារ​ប្រាក់​គេ​៣​ម៉ឺន​ដុល្លារ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​​ជា​អាជីវ​ករ​លក់​ដូរ​នៅ​ផ្សារ​កណ្តាល ​ដែល​បាន​អួត​​អាង​ថា ខ្លួន​ជា​កូន​ធម៌​សម្តេច និង​ជា​ទី​ប្រឹក្សា​ផង​នោះ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៦ ឧសភា​ បាន​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​​ការិយា​ល័យ​​គ្រប់​គ្រង​ និង​អនុ​​វត្តន៍​ដីកា​ក្រសួងមហា​​ផ្ទៃ​ឃាត់​ខ្លួន ខណៈ​ពេល​ចេញពីភោជនីយ​ដ្ឋាន​រតន​គិរី ស្ថិត​​នៅ​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​​​ជា​អាជីវ​ករ​លក់​ដូរ​នៅ​ផ្សារ​កណ្តាល ​ដែល​បាន​អួត​​អាង​ថា ខ្លួន​ជា​កូន​ធម៌​សម្តេច និង​ជា​ទី​ប្រឹក្សា​ផង​នោះ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៦ ឧសភា​ បាន​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​​ការិយា​ល័យ​​គ្រប់​គ្រង​ និង​អនុ​​វត្តន៍​ដីកា​ក្រសួងមហា​​ផ្ទៃ​ឃាត់​ខ្លួន ខណៈ​ពេល​ចេញពីភោជនីយ​ដ្ឋាន​រតន​គិរី ស្ថិត​​នៅ​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ ។ ស្ត្រី​​រូប​នេះ​​ឈ្មោះ​​ផាន់ ស្រី​ពៅ ​អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​លេខ​២៦Eo ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​ទី​២។

​ការ​ឃាត់​ខ្លួន​ស្ត្រី​ខាង​លើ​ សមត្ថ​កិច្ច​អះ​អាង​ថា ​ជា​ការ​ធ្វើឡើង​​តាម​ដីកា​ឱ្យ​នាំ​ខ្លួន​រ​បស់​លោក​ហៀង សុភ័ក្រ្ត ព្រះ​រាជ​អាជ្ញា​​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ហើយ​ការ​ចុះ​ដឹក​នាំ​កម្លាំង​អនុ​វត្តន៍​ដីកា​​នោះ គឺ​លោក​វរ​សេនីយ៍​ឯក ប៉ុល រតនា ​អនុ​ប្រធាន​នាយក​ដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ និង​ក្រោម​បទ​​បញ្ជា​ពី​​លោក​​ឧត្តម​សេនីយ៍​​ទោ អ៊ិន បូរា ​ប្រធាន​នាយក​ដ្ឋាន​​នគរបាល​​ព្រហ្ម​ទណ្ឌ​ ព្រម​ទាំង​មាន​ការ​ចង្អុល​បង្ហាញ​​ពី​លោក​ឧត្តម​សេនីយ៍​ឯក ​ម៉ត់ ជីតូ ប្រធាន​​នាយក​ដ្ឋាន​​កណ្តាល​នគរ​បាល​យុត្តិ​ធម៌ ។

ទាក់​ទិន​នឹង​​ការ​ឃាត់​ខ្លួន​ស្ត្រី​​ឈ្មោះ​ផាន់ ស្រី ​ពៅ ​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ឱ្យ​ដឹង​ថា ​ដើម​ចម គឺ​ផ្តើម​ចេញពី​ការ​គំរាម​ទារ​ប្រាក់​​ចំនួន​៣​ម៉ឺន​ដុល្លារ ពី​ឈ្មោះ​ម៉ី រដ្ឋា និង​ប្រពន្ធ​​ឈ្មោះ​ឌី លីណា ​ហើយ​រឿង​នេះ​​​បាន​ត្រូវ​អ្នក​ស្រី​​ឌី​ លីណា ​ដាក់​ពាក្យ​ប្តឹង​សមត្ថ​កិច្ច​។ ​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា ​កាល​ពី​អំឡុង​ពេល​​ចុង​ឆ្នាំ​២០១០ ស្ត្រី​ឈ្មោះ​ផាន់ ​ស្រី​ពៅ ​បាន​ដឹង​រឿង​លោក​ម៉ី រដ្ឋា ​និង​ភរិយា​ឈ្មោះ​ឌី លីណា មាន​បញ្ហា​ប្តឹង​ប្តល់​​គ្នា​ជា​មួយ​អ្នក​ដទៃ ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រឿង​លុយ​កាក់​ពាក់​ព័ន្ធ​​នឹង​ដីធ្លី​​ រហូត​ថា តុលា​ការ​មាន​ចេញដីកា​​ឱ្យ​ប្តី​ប្រពន្ធ​​ទាំង​២​នាក់​ចូល​ខ្លួន​ទៀត​ផង ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ឈ្មោះ​ផាន់ ស្រី​ពៅ បាន​​អួត​អាង​ថា ខ្លួន​ជា​កូន​ធម៌ និង​ជាទី​ប្រឹក្សា​​សម្តេច ដូច្នេះ​កុំ​ឱ្យ​ពាក់ព័ន្ធ​រឿង​នេះ ខ្លួន​​ធានា​រត់​ការ​​ទៅ​សម្តេច​ និង​ប្រធាន​សាលា​ដំបូង​​រាជ​ធានី ដើម្បី​លុប​ចោល​ដីកា​ឱ្យ​ចាប់ខ្លួន តែ​​ខ្លួន​ត្រូវ​ការ​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ មុន ។

​មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹ​ងទៀត​ថា ​ដើម​បណ្តឹង​​​ទំនង​មិន​ចង់​ឱ្យ​មាន​រឿង​រ៉ាវឡើង​តុលា​ការ​នោះ​ទេ គេ​ក៏​បាន​ពឹង​ពាក់​​ឈ្មោះ​ផាន់ ស្រី​ពៅ ​​ដែល​​អួត​អាង​ថា ជា​កូន​ធម៌​សម្តេច​ និង​ជា​ទី​ប្រឹក្សា​​ផង​ដោយ​ប្រគល់​ប្រាក់​​ឱ្យ​២​ម៉ឺន​ដុល្លារ នៅចុង​ខែ​វិច្ឆិកា ​​ឆ្នាំ​២០១០។ ក្រោយ​ពី​​ប្រគល់​​ប្រាក់​​ឱ្យ​ហើយ​ដើម​បណ្តឹង​​គឺ​អ្នក​ស្រី​ ឌី​​លីណា​ និង​ស្វា​មី​នៅ​​តែ​ជាប់​​មាន​ដីកា​ឱ្យចូលខ្លួន​នោះ​ដដែល ។ ​ពេល​អស់​​ប្រាក់​ហើយ ​រឿង​នៅតែ​មិន​ទាន់​បាន​បញ្ចប់​ ដើម​បណ្តឹង​បាន​សួរ​នាំ​​ឈ្មោះ​ផាន់ ស្រី​ពៅ ពេល​នោះ​​​ស្ត្រី​នោះ​បាន​ទារ​ប្រាក់​​បន្ថែម​ទៀត​ គឺ​ម​្តង​២.៥០០​ដុល្លារ​ ម្តង​៣.៥០០​ដុល្លារ ​និង​ចុង​ក្រោយ​ទារ​៧.៥០០​ដុល្លារ​សម្រាប់​​យក​ទៅ​ឱ្យ​ប៉ូលិស​​ និង​ប៉េអឹម​​​​ដើម្បី​​កុំ​ឱ្យ​ចាប់​ខ្លួន។ ប៉ុន្តែ​​ប្រាក់​ទាំង​អស់​ដែល​ឈ្មោះ​​ផាន់ ស្រី​ពៅ ​ទាម​ទារ​ប៉ុន្មាន​​លើក​នេះ​ ដើម​បណ្តឹង​មិន​បាន​​ប្រគល់​ឱ្យ​ទេ គឺ​ឱ្យ​តែ​គ្រឿង​អលង្ការ​​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ​ឆ្លង​ផុត​ឆ្នាំ​២០១០ ចូល​ដល់​ជិត​ពាក់​កណ្តាល​ឆ្នាំ​២០១១ ស្រាប់​តែ​ឈ្មោះ​ផាន់ ស្រីពៅ ​បាន​ទាក់​ទង​​ទារប្រាក់​​ពី​ដើម​បណ្តឹង​ចំនួន​៣​ម៉ឺន​ដុល្លារ ​ដោយ​គេ​សន្យា​ថា ​បើ​ប្រគល់​​ប្រាក់​ឱ្យគេ​​ដូច​ការ​ទាម​ទារនោះ គឺ​ការងារ​ទាំង​អស់​ពិត​ជា​បាន​​សម្រេច​ដោយ​ជោគ​ជ័យ ​ពោលគឺ​​បញ្ចប់​រឿង​នៅតុលា​ការ ។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ដោយ​សារ​ការ​ទាម​ទារ​​ប្រាក់​​ញឹក​ញាប់​ និង​ផល​​ប្រយោជន៍​មិន​ឃើញ​មាន​ជា​​ផ្លែ​ផ្កា​​ ទោះ​បី​ជា​អ្នក​នោះ​​ជា​​កូន​ធម៌​សម្តេច​ក្តី ត្រូវតែ​ប្តឹង​​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន ។ ​នៅវេលា​ម៉ោង​​ប្រមាណ​១២​​​ថ្ងៃ​ត្រង់ ​​ថ្ងៃ​ទី​៦ ឧសភា ​ដើម​បណ្តឹង​បាន​​យក​មូល​ប្ប​ទាន​ប័ត្រ​ (សែក) ​ដែល​មាន​សាច់​ប្រាក់​​ចំនួន​២.៩០០​ដុល្លារ​ ​និង​ប្រាក់​សុទ្ធ​​១.០០០​ដុល្លារ ​ទៅ​ប្រគល់​ឱ្យ​ឈ្មោះ​ផាន់ ​ស្រីពៅ ​នៅ​ភោជនីយ​ដ្ឋាន​​រតន​គិរី ក្បែរ​ផ្សារ​ទំនើប​សូរិយា ​រួចក៏​បាន​ចេញ​ទៅ​វិញ ហើយ​​មិន​បាន​ប៉ុន្មាន​នាទី​​ផង​ សមត្ថ​កិច្ច​​បាន​ចាប់​ខ្លួន​ស្ត្រី​​ឈ្មោះ​ផាន់ ស្រីពៅ ​នាំទៅ​កាន់​ក្រសួង​មហា​​ផ្ទៃ ។

​នៅ​ក្រសួង​មហា​ផ្ទៃ​​ស្ត្រីឈ្មោះ​​ផាន់ ស្រីពៅ ​នៅតែ​ឆ្លើយ​ប្រាប់​​សមត្ថ​កិច្ច​ថា ខ្លួន​ជា​កូន​ធម៌​សម្តេច និង​ជា​ទី​ប្រឹក្សា​​ ចំណែក​​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ​ ដែល​ខ្លួន​បាន​យក​ពី​ឈ្មោះ​ឌី​ លីណា ​កន្លង​មក ពិត​ជា​បាន​យក​មែន រីឯ​សែក​​ដែល​មាន​ទឹក​ប្រាក់​​២.៩០០​ដុល្លារ ​និង​ប្រាក់​សុទ្ធ ១.០០០​ដុល្លារ ​នេះ ត្រូវសមត្ថ​កិច្ច​ដក​ហូត​យក​ទៅវិញ​អស់​ហើយ ។ ​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​ការ​អួត​អាង​​ពី​សំណាក់​​ស្ត្រី​​ឈ្មោះ​​ផាន់ ស្រីពៅ ថា ជា​កូន​ធម៌​សម្តេច​ត្រូវ​​បាន​សួរ​ទៅ​ខុទ្ទ​កាល័យ​​សម្តេច ​ហើយ​ឈ្មោះ​នេះ​ពិត​ជា​គ្មាន​ដូច​ការ​​អួត​អាង​​នោះទេ ខុទ្ទ​កាល័យ​​សុំ​បដិ​សេធ​ ។ ដោយ​ការ​ទទួល​ស្គាល់​​កំហុស ​សមត្ថ​កិច្ច​បាន​តម្រូវ​ឱ្យ​ស្ត្រី​ឈ្មោះ​ផាន់ ស្រីពៅ យក​ប្រាក់​២​ម៉ឺន​ដុល្លារ​​សង​ដើម​បណ្តឹង​វិញ ដែល​ពេល​នោះ​មាន​លោក​អ៊ុន សុផល ជា​មេធាវី​ដើម​បណ្តឹង​ដឹង​ឮ ។ ​ប៉ុន្តែ​ទោះ​បី​​​ជា​ស្ត្រី​ឈ្មោះ​​​ផាន់ ស្រីពៅ ​យក​ប្រាក់​មក​សង​​ដើម​បណ្តឹង​​វិញ ហើយ​ដើម​​បណ្តឹង​​បាន​ដក​ពាក្យ​បណ្តឹង​យា៉ង​​ណា​ក៏​ដោយ ក៏​​ស្ត្រី​ឈ្មោះ​ផាន់ ស្រីពៅ នៅ​ជាប់​បណ្តឹង​​អាជ្ញា​មួយ​ទៀត ដូច្នេះ​​នគរបាល​ក្រសួង​មហា​ផ្ទៃ​​បាន​កសាង​សំណុំរឿង​​បញ្ជូន​ខ្លួន​ស្ត្រី​ជាប់​​​សង្ស័យ​រូប​នេះ​​​ទៅ​កាន់​សាលា​ដំបូងរាជធានី​ភ្នំពេញ នៅថ្ងៃ​ទី​៩ ឧសភា ​​ដើម្បី​ទុក​ពេល​ឱ្យ​តំណាង​​អយ្យ​ការ​ជា​អ្នក​សម្រេច៕