ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេងផ្ញើជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយនានា ដែលចូលរួមការបោះឆ្នោតនាពេលនេះ។ សម្តេចតេជោ បានប្រកាសថា មានអ្នកតាំងខ្លួនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានបង្រៀនប្រជាពលរដ្ឋ ឱ្យគូសសន្លឹកឆ្នោតខុស។ នោះគឺពួកគេ បានប្រាប់ឱ្យប្រជាជន គូសសន្លឹកឆ្នោត លើសពី១គណបក្ស ឬក៏សរសេរលេខ នៅលើសន្លឹកឆ្នោត ដែលនាំឱ្យសន្លឹកឆ្នោតទាំងនោះ ក្លាយជាសន្លឹកឆ្នោត មិនបានការ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កន្លងទៅនេះ យើងបានរកឃើញជនក្លែងបន្លំថាជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានទៅណែនាំចំពោះអ្នកបោះឆ្នោត ឱ្យគូសដូចអ្វីដែលបានកើតឡើងនៅក្នុងសន្លឹកឆ្នោតជាគំរូនេះ។ គឺយើងបានរកឃើញថា ការគូសរបៀបនេះ គឺមិនមែនមានតែនៅក្នុងគណបក្សប្រជាជនកម្ពុជាទេ មាននៅក្នុងគណបក្សដទៃទៀតដែរ គឺគូសធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យសន្លឹកឆ្នោតនោះ បានការ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា «ទង្វើបែបនេះ ទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួន ឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីឱ្យទៅជាសន្លឹកឆ្នោតបានការ។ ពួកគេ បានទៅពន្យល់ប្រជាពលរដ្ឋថា ការគូសច្រើនដង លើសពីមួយ ពីរឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជន ដែលធ្វើឱ្យប្រជាជន ស្រឡាញ់គណបក្សប្រជាជន គឺគូសកាន់តែច្រើន ដើម្បីបង្ហាញពីក្តីស្រឡាញ់ ព្រោះពួកគេ មានវិធីសាស្ត្ររបស់គេ។ ចំពោះគណបក្សដទៃ ក៏ដូចគ្នាដែរ។ ដូច្នេះខ្ញុំអំពាវនាវទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងបណ្តាគណបក្សនយោបាយផ្សេងៗ រួមគ្នា ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ព្រោះនេះ ជាកិច្ចការ ដែលយើងត្រូវធ្វើរួមគ្នា ដើម្បីឱ្យការបោះឆ្នោតមួយ ធានានូវភាពរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវ ព្រោះក៏មានក្រុមបង្រៀនគូសសន្លឹកឆ្នោតតាមអនឡាញ។ ធ្វើការស្រាវជ្រាវជាបន្ទាន់។ តើនរណាខ្លះ ប្រើប្រាស់អនឡាញ ដើម្បីធ្វើកិច្ចការងារនេះ? អាននឹងមានវិធីរកឃើញចំពោះមុខសញ្ញានេះ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «យើងត្រូវចាប់ឱ្យបានអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជន ជាអ្នកគាំទ្រគណបក្សប្រជាជន ហើយទៅបង្រៀនប្រជាជនឱ្យគូសសន្លឹកឆ្នោតខុស។ ការចាប់បាននេះ វាជួយទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយជួយទៅដល់សមត្ថកិច្ច ដែលរៀបចំការបោះឆ្នោត ឱ្យអនុវត្តបានត្រឹមត្រូវនូវកិច្ចការ ដែលពួកគេត្រូវធ្វើ»។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ក៏ដូចជាគណបក្សដទៃទៀត ដែលចូលរួមធ្វើការបោះឆ្នោត ដោយសុច្ចរិត គឺមេត្តាណែនាំប្រជាជនឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជៀសវាងការគូស ដែលធ្វើឱ្យខូចសន្លឹកឆ្នោត ហើយក្លាយជាសន្លឹកឆ្នោតមិនបានការ តាមរយៈការពន្យល់ថា គេស្រឡាញ់គណបក្សនេះ ស្រឡាញ់គណបក្សនោះ ដូច្នេះត្រូវគូស ២ ឬ ៣ដង ហើយមានកន្លែងខ្លះ គឺបង្រៀនឱ្យសរសេរលេខ នៅលើសន្លឹកឆ្នោតគំរូនេះតែម្តង។ ដូច្នេះហើយ យើងត្រូវធ្វើការរួមគ្នា ដើម្បីប្រទេសជាតិរបស់យើង មានក្តីសុខសាន្ត ហើយសូមចាប់ឱ្យបានចំពោះជនប្រព្រឹត្តល្មើស ជាពិសេសគណបក្សប្រជាជន ត្រូវតែទទួលខុសត្រូវទៅលើការចាប់នរណា ដែលបន្លំខ្លួន ជាមនុស្សគណបក្សប្រជាជន ហើយទៅណែនាំប្រជាជន ឱ្យគូសសន្លឹកឆ្នោតខុស។ ជនទុច្ចរិតនេះ មិនត្រូវទទួលបានការអត់អោននោះឡើយ៕




ចែករំលែកព័តមាននេះ