រាជធានីភ្នំពេញ ៖ លោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួន «ភ្នាក់ងារស៊ីសងល្បែ.ងខុសច្បាប់» ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ ចំណែក៦នាក់ទៀត ត្រូវតំណាងអយ្យការបានឱ្យវិលត្រឡប់ទៅផ្ទះវិញ តែកំណត់យកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿង «លេងល្បែ.ងស៊ីសងដោយខុសច្បាប់» នោះ ។

ដីកាបង្គាប់ឲ្យឃុំខ្លួនទៅលើឈ្មោះ ហុង សំអុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនត្រូវចោទបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ភ្នាក់ងារស៊ីសងល្បែ.ងខុសច្បាប់» ដែលប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិ មាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែ.ងស៊ីសង។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីល្បែ.ងស៊ីសងជល់មាន់ដោយខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន៧នាក់ ទាំងអ្នកលេង និងអ្នកមើលផ្លូវ រួមទាំងមាន់ចមនួន៥ក្បាល (ក្នុងនោះងា.ប់អស់២ក្បាល)។

ក្រោយបង្ក្រាប សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ហើយសំណុំរឿងនេះ បានស្ថិតនៅលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅមក៣ទៅ៤ថ្ងៃ ទើបតំណាងអយ្យការ ចោទប្រកាន់លើសំណុំរឿងនេះជាផ្លូវការ រួចចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ។
ទីបំផុត ចៅក្រមស៊ើបសួរ បានសម្រេចចេញដីការឃុំខ្លួន «អ្នកមើលផ្លូវឲ្យប្រព្រឹត្តល្បែ.ងស៊ីសងខុសច្បាប់ម្នាក់» ចំណែកអ្នកលេងចំនួន៦នាក់ទៀត ត្រូវតំណាងអយ្យការឲ្យវិលទៅផ្ទះវិញ ដោយរង់ចាំការកាត់ក្តីនៅថ្ងៃក្រោយ៕
ចែករំលែកព័តមាននេះ