ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន និង​យុវតី​បាន​ក្លាយជា​កម្លាំង​ដ៏​សំខាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៣ ខែកក្កដា​ខាង​មុខ​នេះ ដោយសារ​តែ​ពួក​គេ​តំណាង​អោយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​មនុស្ស សរុប​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ។ គណបក្សកាន់អំណាច…

រាជធានី​ភ្នំពេញ ៖ យុវជន និង​យុវតី​បាន​ក្លាយជា​កម្លាំង​ដ៏​សំខាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៣ ខែកក្កដា​ខាង​មុខ​នេះ ដោយសារ​តែ​ពួក​គេ​តំណាង​អោយ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​មនុស្ស សរុប​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ។ គណបក្សកាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មើលឃើញ​ពីសារ​សំខាន់​របស់​យុវជន និង​យុវតី​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ដោយសារ​តែ​ពួក​គេ​មាន​ចំនួន​ច្រើន​ជាងគេ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ ។

បញ្ជី​បោះ​ឆ្នោត ឆ្នាំ​២០២២ ដែល​ប្រើ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ គឺ​មាន​អ្នកបោះឆ្នោត​សរុប ៩៧១០ ៦៥៥​នាក់ ។ ក្នុង​នោះ​មាន​ស្ត្រី ៥ ១៦១ ៩០៩​នាក់ ។ ក្នុង​ចំណោម​អ្នកបោះឆ្នោត​ទាំង​ជាង​៩​លាន ៧១​ម៉ឺន​នាក់​នេះ គឺ​មាន​អ្នកបោះឆ្នោត​ជា​យុវជន​ជាង​ពាក់កណ្តាល ។

សកម្មភាព​ជា​ច្រើន​ត្រូវ​គណបក្សកាន់អំណាច ឬ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​បាន​ធ្វើ​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​យុវជន និង​យុវតី ដើម្បី​អោយ​ពួក​គេ​យល់​ថា បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បោះ​ឆ្នោត​សម្រាប់​អនាគត​ខ្លួនឯង និង​សម្រាប់ ប្រទេស​ជាតិ​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​អំពី​គម្រោង​បណ្តុះបណ្តាល​ការងារ​ជូន​ដល់​យុវជន និង​យុវតី​ក្រីក្រ​ចំនួន​១,៥ លាន​នាក់ ។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ ក៏​កំពុង​បាន​ជួប​កម្មករ​រោងចក្រ​ប្រមាណ​ជា ២​ម៉ឺន​នាក់​ស្ទើរ​រាល់ថ្ងៃ ដើម្បី​បានដឹង​ពី​ការ​លំបាក និង​រក​ដំណោះស្រាយ​ជួយ​ដល់​ពួក​គេ ។ ទន្ទឹម​នោះ​សម្តេច​ក៏​បាន​សន្យា​ផង​ដែរ​ថា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ហើយ សម្តេច​នឹង​បន្ត​ជួប​កម្មករ​ប្រមាណ​២ សែន​នាក់​ទៀត ។ ​ជាមួយ​គ្នា​នោះ​យុវជន និង​យុវតី​ក៏​បាន​ត្រូវ​ផ្តល់​ឱកាស​ផង​ដែរ​អោយ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត ដើម្បី​ជួយ​ដល់​សង្គម និង​លើកមុខ​មាត់​ប្រទេស​កម្ពុជា ។ គណបក្ស​ប្រជាជន​ក៏​បាន​កសាង​បណ្តាញ​យុវជន​យ៉ាង​រឹង​មាំ​ផង​ដែរ ។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​លោក ហ៊ុន ម៉ា​នី កូនប្រុស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ប្រមូល ផ្តុំ​យុវជន ដើម្បី​អោយ​ពួក​គេ​ចូលរួម​ដល់​ការងារ​ស្ម័គ្រចិត្ត​ក៏​ដូច​ជា​ការងារ​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា ។ ក្រុម​យុវជន​នេះ មាន​បណ្តាញ​ដឹកនាំ​តាំងពី​ថ្នាក់​ជាតិ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ឯកជន​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​នៅ​តាម​ភូមិ ។

ក្រុម​យុវជន​ជា​ច្រើន​ទៀត​ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​យុវជន​ច្រើន​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​កូន​ៗ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ។ យុវជន​ទាំងស្រី​ទាំងប្រុស មានឱកាស​រួម​កម្លាំង​គ្នា​ធ្វើ​ការងារ​សង្គម ។ ក្នុង​នោះ គ្រូពេទ្យ​វ័យក្មេង​ក៏​បាន​ចូលរួម​ក្នុង​អង្គការ​សមាគម ដែល​មាន​ច្រើន​ក្រុម​ដែរ​ដូច​ជា គ្រូពេទ្យ​ធីតា រួម​ទាំង​ក្រុម​គ្រូពេទ្យ​របស់​កូន​ៗ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន ក្រុម​ផ្សេង​ទៀត ។

ជាមួយនឹង​ការ​យកចិត្តទុកដាក់​ខ្លាំង​ដល់​យុវជន និង​យុវតី​កម្ពុជា គេ​ជឿ​ថា គណបក្សកាន់អំណាច ឬ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ដណ្តើម​បានការ​គាំទ្រ​ពី​ពួក​គេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែ​ក្រោយ​នេះ ។ ដូច្នេះ វា​ស្ទើរតែ​គ្មាន​អ្វី​ស្រពេចស្រពិល​ទេ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដណ្តើម​បាន​ជ័យ​ជំនះ​ភ្លូក​ទឹក​ភ្លក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

បើ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​វិញ គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​អាសនៈ​នៅ​រដ្ឋសភា​ជា​បន្តបន្ទាប់ ។ ក្នុង​នោះ​ការ​បោះ​ឆ្នោត នៅ​ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៥១​អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប ១២០​អាសនៈ ។ ឆ្នាំ​១៩៩៨ ទទួល​បាន ៦៤​អាសនៈ​ក្នុង​ចំណោម​១២២​អាសនៈ ។ ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៧៣​អាសនៈ ក្នុង​ចំណោម​១២៣​អាសនៈ ។

ការ​បោះ​ឆ្នោត នៅ​ឆ្នាំ​២០០៨ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៩០​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ ។ ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ក្នុង​ចំណោម​១២៣​អាសនៈ ។ រីឯ​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ១២៥​អាសនៈ ក្នុង​ចំណោម​អាសនៈ​រដ្ឋសភា​សរុប​១២៥​អាសនៈ ។

ដូច្នេះ គេ​រំពឹង​ថា ក្នុង​នោះ​ការ​បោះ​ឆ្នោត​សកល​ដែល​មាន​១៨​គណបក្ស​ចូលរួម​នេះ​លទ្ធផល ក៏​នឹង​មិន​ខុស​ពី​ការ​បោះ​ឆ្នោត កាលពី​ឆ្នាំ​២០១៨ នោះ​ទេ ដោយសារ​តែ​គណបក្ស​១៧​ផ្សេង​ទៀត ហាក់ដូចជា​មិន​មាន​ធនធានមនុស្ស និង​ធនធាន​ផ្សេង​ទៀត ដើម្បី​ប្រកួតប្រជែង ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ ។ គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​អាច​ទទួល​បាន​អាសនៈ​នៅ​រដ្ឋសភា​ស្ទើរ​ទាំងអស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ