រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះមានប៉េអឹម នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានបង្ក្រាបជនសង្ស័យប្លន់គ្រឿងអលង្ការមិនសម្រេចចំនួន២នាក់ កាលពីវេលាម៉ោង២អធ្រាត្រឈានចូលថ្ងៃទី៨ ឧសភា ២០១១ នៅចំណុចផ្ទះលេខ២០E1 ផ្លូវលេខ៥១ ភូមិទី១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និងដកហូតបានកាំភ្លើងខ្លីមួយដើមម៉ាកកា៥៤ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះនាង ចាន់ណាដែត ហៅជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ជាអង្គរក្សវរៈ១៦៦ កងដឹកជញ្ជូន ដកហូតបានកាំភ្លើងខ្លីមួយដើមម៉ាកកា៥៤ លេខ៤២៥៤១ បង់មួយ គ្រាប់ចំនួន៤គ្រាប់ ២-ឈ្មោះអ៊ីវ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះប៊ុន រ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលខណ្ឌចំការមន ឱ្យសមត្ថកិ្ចដឹងថា នៅវេលាម៉ោងប្រហែល១២យប់ថ្ងៃកើតហេតុ រូបគេ និងមិត្ត២នាក់ទៀត ម្នាក់ឈ្មោះសោម វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំសំណង់១២ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះសួន សារឿន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជាមួយជនខាងលើ ។ ពួកគេបាននាំគ្នាមកលេងផ្ទះស្រីស្នេហ៍ឈ្មោះនី ណារ៉ែន អាយុ២១ឆ្នាំ មុខរបរបម្រើការនៅក្លឹបកម្សាន្តមួយ ស្នាក់នៅផ្ទះកើតហេតុខាងលើ ខណៈពេលមកដល់ផ្ទះស្រីស្នេហ៍ ស្រាប់តែឃើញមានប្រុស២នាក់អង្គុយក្នុងផ្ទះនោះដែរ។ក្រោយមកជននោះបានដកកាំភ្លើងខ្លីម៉ាកកា៥៤ ភ្ជង់គំរាមឱ្យជនរងគ្រោះដោះគ្រឿងអលង្ការក្នុងនោះមាន ខ្សែ.កប្លាទីនមួយខ្សែ ទម្ងន់មួយតម្លឹង ខ្សែដៃមួយខ្សែទម្ងន់មួយតម្លឹង ចិញ្ចៀនដាំពេជ្រមួយវង់ និងទូរស័ព្ទ៣គ្រឿង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់សង្ស័យប្លន់ដែលឃាត់ខ្លួនបានពីរនាក់នោះគឺជាសង្សាររបស់ស្ត្រីឈ្មោះនី ណារ៉ែន ហើយជនរងគ្រោះក៏ជាប្រុសស្នេហ៍របស់ស្ត្រីនោះដែរ មុនពេលធ្វើសកម្មភាពប្លន់ ជនសង្ស័យបានហៅបុរសរងគ្រោះទៅផឹកស៊ីនៅហាងមួយក្បែរផ្សារស៊ីធីម៉ល ខណៈពេលផឹកស៊ីនោះ ពួកគេបានប្រកែកគ្នាយ៉ាងខ្លាំង ហើយក្រោយពីនោះបានត្រឡប់មកផ្ទះស្រីស្នេហ៍ឈ្មោះនី ណារ៉ែន ។ បន្តិចមកស្រាប់តែជនជាប់សង្ស័យឈ្មោះនាង ចាន់ណាដែតហៅជាតិ បានយកកាំភ្លើងខ្លីពីស្រីស្នេហ៍ឈ្មោះនី ណារ៉ែន ភ្ជង់គំរាមឱ្យជនរងគ្រោះដោះគ្រឿងអលង្ការប្រគល់ទៅឱ្យខ្លួនគឺយកកាំភ្លើងភ្ជង់ក្បាលបុរសរងគ្រោះទៀតផង។ ប៉ុន្តែជនរងគ្រោះបានរើបំរះរួច និងស្រែកឱ្យគេជួយរហូតសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានតែម្តង ៕
ចែករំលែកព័តមាននេះ