សមត្ថកិច្ចប៉ូលិសបានចាប់ខ្លួនបុរសអាយុ៤០ឆ្នាំម្នាក់ ពីបទតាមឃ្លាំមើលក្នុងបំណងអាក្រក់លើនាងសេរ៉េណា កីឡាការិនីតឺន្នីស ជនជាតិអាេមរិក កាលពីថ្ងៃទី៣ ឧសភា កន្លងមក នៅក្បែរគេហដ្ឋានរបស់នាងក្នុងរដ្ឋផ្លរីដា ។
បុរសខាងលើត្រូវបានកងការពារសន្តិសុខនៅឯលំនៅឋានរបស់នាងសេរ៉េណា ធ្វើការត្រួតពិនិត្យប័ណ្ណបើកបរ ទើបនឹកឃើញពីបណ្តាំរបស់ប៉ូលិសដែលបញ្ជាក់ថា បុរសនេះជាអ្នកតាមឃ្លាំមើលនាងសេរ៉េណា ក្នុងផ្លូវអាក្រក់ និងបានសហការជាមួយប៉ូលិសធ្វើការចាប់ខ្លួនតែម្តង។
នៅក្នុងរបាយការណ៍បញ្ជាក់ទៀតថា សមត្ថកិច្ចប៉ូលិសថែមទាំងរកឃើញសំបុត្រស្នេហាដែលរៀបរាប់ចំណង់ចំណូលចិត្តរបស់គេជាមួយនឹងនាងផងដែរ ។ ចំណែកមេធាវីរបស់នាងសេរ៉េណា បង្ហើបឱ្យដឹងថា មានក្តីប្រកាសពីតុលាការឱ្យឃុំខ្លួនបុរសម្នាក់នេះហើយ ប៉ុន្តែកន្លងមកគ្មានអ្នកណាម្នាក់ប្រទះឃើញបុរសខាងលើនេះទេ ។
ប្រភពបន្តថា ជនសង្ស័យខាងលើព្យាយាមចូលទៅជិតនាងសេរ៉េណា ជាលើកដំបូងកាលពីខែតុលា ឆ្នាំ២០១០ និងបានចាប់ផ្តើមទង្វើបែបនេះជាថ្មីទៀត កាលពីថ្ងៃទី១៥ មេសា ខណៈពេលដែលនាងសេរ៉េណា ធ្វើដំណើរទៅកាន់ស្ថានីយវិទ្យុមួយកន្លែងហូលីវូដ ។
ស្របពេលជាមួយគ្នានេះ ក៏មានការរំពឹងទុកថា បុរសដែលលួចតាមឃ្លាំមើលខាងលើអាចត្រូវទទួលការផាកពិន័យទឹកប្រាក់ដល់ទៅ២៥.០០០ដុល្លារ រួមទាំងតុលាការបានហាមមិនឱ្យគេចូលទៅក្បែរនាងសេរ៉េណាទៀតផង ដោយស្ថិតនៅក្នុងរយៈចម្ងាយពី១៥០ម៉ែត្រឡើងទៅ ៕
ចែករំលែកព័តមាននេះ