ខេត្តបាត់ដំបង ៖ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាដែលមានកិច្ចសហការពីរដ្ឋបាលក្រុងបាត់ដំបងផង បានរៀបចំយុទ្ធនាការមួយ ក្រោមប្រធានបទ «សមភាពលំនៅឋាន»កាលពីចុងសប្តាហ៍នេះ នៅតាមសហគមន៍មួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងគោលបំណង«ជួយគាំទ្រដល់ប្រជាពលរដ្ឋ ដែលរស់នៅលើសំណង់បណ្តោះអាសន្ន» ។

ថ្លែងនៅក្នុងពិធីនេះ លោក តែម ផារ័ត្ន ប្រធានកម្មវិធីអភិវឌ្ឍន៍ដីធ្លីលំនៅឋាន និងទីក្រុងនៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានឲ្យដឹងថា យុទ្ធនាការសមភាពលំនៅឋាននេះ មានរៀបចំនូវកម្មវិធីនៃក្តីសង្ឃឹម ដែលប្រជាពលរដ្ឋក្នុងសហគមន៍សំណង់់បណ្តោះអាសន្ននឹងចូលរួមជាមួយសិល្បករក្នុងក្រុងបាត់ដំបង បង្កើតផ្ទាំងគំនូរតាមចិញ្ចើមផ្លូវប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្ហាញក្នុងសហគមន៍ ។

លោកថា ផ្ទាំងគំនូរសិល្បៈចំនួន០៤ផ្ទាំងដែលមានបង្កប់នូវអត្ថន័យ និងខ្លឹមសារយ៉ាងល្អប្រសើផង នឹងត្រូវដាក់តាំងបង្ហាញជាសាធារណៈ និងបង្ហាញនូវក្តីសង្ឃឹមនិងសេចក្តីប្រាថ្នា ក្នុងអនាគតរបស់គាត់ ដែលអាចទទួលបានលំនៅឋានប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ។ ដោយឡែក អ្នកស្រីយក់ ណំ អាយុ៥១ឆ្នាំ ពិការជើងទាំងពីរ ជាកីឡាករជម្រើសជាតិមួយរូបធ្លាប់បានចូលរួមប្រកួតកីឡាវាយប៉េង ប៉ុង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ថ្មីៗនេះ ដោយទទួលបានមេដៃអម្រិត ហើយស្វាមីរបស់អ្នកស្រីក៏បានចូលប្រកួតក្នុងកម្មវិធីនេះដែរ លើវិញ្ញាសារលេងអុក តែមិនទទួលបានជ័យជំនះនោះទេ ។

អ្នកស្រីយក់ ណំ ក៏ជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅលើសំណង់បណ្តោះអាសន្នក្នុងសហគមន៍វាសនាអមតៈ ស្ថិតនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ផងដែរ ។ អ្នកស្រីបានស្វាគមន៍ និងរីករាយក្រៃលែងចំពោះការរៀបចំនូវយុទ្ធនាការនេះ ដើម្បីប្រកាសឲ្យអាជ្ញាធរក៏ដូចជាពិភពលោកបានដឹងពីគោលបំណងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យមានការអភិវឌ្ឍន៍នៅនឹងកន្លែង និងផ្តល់ប្លង់កម្មសិទ្ធិ រស់នៅស្របច្បាប់។ ប៉ុន្តែបើសិនជាអាជ្ញាធរ ចង់ដោះដូរទៅ នៅកន្លែងផ្សេងត្រូវរៀបចំកន្លែងណាមានទីផ្សារសាលារៀន មន្ទីរពេទ្យ ទឹកភ្លើង ផ្លូវថ្នល់សួនច្បារកំសាន្ត ដូចប្រជាជនផ្សេងទៀតដែរ ។

អភិបាលរងក្រុងបាត់ដំបង លោក សេក ចន្ត្រា ដែលបានចូលក្នុងយុទ្ធនាការសមភាពលំនៅឋាននេះដែរ បានថ្លែងថា យុទ្ធនាការសមភាពលំនៅឋាននេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅលើសំណង់បណ្តោះអាសន្ននេះ ។ វាជាសារមួយបង្ហាញពីទឹកចិត្តរបស់ប្រជាពលរដ្ឋដែលពួកគាត់ចង់បាន និងអ្វីដែលធ្វើអោយជីវភាព របស់ពួកគាត់បានធូធារ ការរស់នៅមានភាពស្មើរគ្នារវាងគាត់និងប្រជាពលរដ្ឋទូទៅ ពិសេសអ្វីដែលពួកគាត់ចង់បានគឺកម្មសិទ្ធដីធ្លី និងការអភិវឌ្ឍន៍នៅនឹងកន្លែង ។

នៅចំពោះមុខសហគមន៍ដែលចូលរួមក្នុងពិធីនេះ លោក សេក ចន្ទ្រា បានថ្លែងថា យុទ្ធនាការនេះ វាជាសារមួយសម្រាប់ជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ វាក៏សម្រាប់ជូនដល់ក្រុមការងារថ្នាក់ជាតិ ជាពិសេសថ្នាក់រាជរដ្ឋាភិបាលបានឮបានដឹងនូវ អ្វីជាតម្រូវការ អ្វីជាសំណូមពររបស់ពួកគាត់ ដើម្បីថ្នាក់ដឹកនាំធ្វើសេចក្តីសម្រេចចិត្តនៅជំហ៊ានបន្ទាប់ ។

លោកអភិបាលរងក្រុង ក៏បានលើកឡើងដែរថា ក្រុងបាត់ដំបង មានប្រជាជនជាង៣៨១៦គ្រួសារមនុស្សរាយ១៦ ១៩៨នាក់ ដែលរស់នៅលើសំណង់ បណ្តោះអាសន្ន ដោយចងក្រងជាសហគមន៍ចំនួន១៦ ក្នុងក្រុងបាត់ដំបង ។ អាជ្ញាធរយល់ច្បាស់ណាស់ពីការលំបាករបស់ប្រជាពលរដ្ឋរស់
នៅសំណង់បណ្តោះអាសន្ននេះ គឺពិតជាមានការលំបាក ទាក់ទងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រឈមសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព ពិសេសអ្នករស់នៅក្បែរ ប្រឡាយទឹកស្អុយមានក្លិនមិនល្អប៉ះពាល់ដល់សុខភាព ។ ចំពោះការលើកឡើងរបស់ ប្រជាពលរដ្ឋដែលចង់អភិវឌ្ឍ៍នៅទីកន្លែងនេះ ក្នុងនាមអាជ្ញាធរក្រុងនឹងនាំយកសំណូមពរនេះដើម្បីបញ្ជូនដល់ថ្នាក់ដឹកនាំសុំគោលការណ៍សម្រេចចិត្តនៅពេលក្រោយ ។

លោកស្រី ប៊ឺណាដែត បូឡូឌូធី នាយិកាប្រចាំតំបន់មេគង្គនៃអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ និងជានាយិកានៃអង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានថ្លែងដែរថា អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិមានដៃគូរជុំវិញ ពិភពលោកបានចាប់ផ្តើមយុទ្ធនាការរយៈពេល៥ឆ្នាំ ដែលមានឈ្មោះ«សមភាពលំនៅឋានឬ «Home Eguals» ដើម្បីស្វែងរកនៅការផ្លាស់ប្តូរគោលនយោបាយក្នុងកម្រិតក្នុងស្រុក ថ្នាក់ជាតិ និងពិភពលោកដើម្បីបង្កើនលទ្ធភាពទទួលបានលំនៅឋានសមរម្យសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់សំណង់បណ្តោះអាសន្ន ៕


ចែករំលែកព័តមាននេះ