ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ក្រុម​«​ហែក​»​តាម​តេ​ឡេ​ក្រាម​ដាក់​​ពន្ធនាគារ​ជា​បណ្តោះអាសន្ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិ​ដ្ឋ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិ​ដ្ឋ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​«​ហែក​»​តាម​តេ​ឡេ​ក្រាម​.​ឆបោក​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឆបោក​មាន ស្ថាន​ទម្ងន់ទោស​.​ចូល​ទៅ​ដល់​ឬ​ស្ថិត​នៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ស្វ័យប្រវត្ត​នៃ​ទ​ន្និ​ន័យ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ ១-​ឈ្មោះ YU YULONG ជនជាតិ​ចិន អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុម Hacker នៅ​ក្រៅប្រទេស ។ ២-​ឈ្មោះ មាស ស្រី​ចិន (​ហៅ​ស្រី​ពៅ​) ជនជាតិ​ខ្មែរ ប្រពន្ធ​របស់​ឈ្មោះ YU YULONG អ្នក​ទទួលខុសត្រូវ​បកប្រែ​ឆាត ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ ទាំង​អក្សរ​និង​សម្លេង ឲ្យ​ក្រុម Hacker ។ ៣-​ឈ្មោះ HUANG ZHENG LIANG ជនជាតិ​ចិន អ្ន​ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ រក​បណ្តាញ​បន្ថែម និង​ពេល​ខ្លះ ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម Hacker ។ ៤-​ឈ្មោះ ZHANG ZHAOCUN ជនជាតិ​ចិន អ្នក​ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ ។ ៥-​ឈ្មោះ LI QUEQIN អ្នក​ទទួលខុសត្រូវ​តម្កល់​ប្រាក់​នៅ​ធនាគារ ដើម្បី​ធានា​ប្រតិបត្តិការ​ឲ្យ​ក្រុម Hacker នៅ​ក្រៅប្រទេស ។

ទាំង​៥​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​បទល្មើស​ដូច​គ្នា​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​.​ចូល​ទៅ​ដល់​ឬ​ស្ថិត​នៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ស្វ័យប្រវត្ត​នៃ​ទ​ន្និ​ន័យ តាម​បញ្ញត្តិ​មាត្រា​២៩​មាត្រា ៣៧៧ មាត្រា​៣៧៨ មាត្រា​៣៨០ ចំណុច​៥ មាត្រា​៤២៧ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៣ ។

សូម​ជម្រាប​ទៀត​ថា ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​ករណី​ហែក​ចូល​តេ​ឡេ​ក្រាម​ជា​ច្រើន​ករណី​កើតឡើង បង្ក​ឲ្យ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​ខាតបង់​ប្រាក់​រាប់​ពាន់​ម៉ឺន​ដុល្លារ ដោយសារ​តែ​ការ​បោក​បញ្ឆោត ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ អាវុធហត្ថ​ភ្នំពេញ​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់ សុំ​ប្តឹង​ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​ខ្លួន និង​បាន​ឆាត​ទៅ​បងប្អូន​មិត្តភក្តិ​ជា​ច្រើន​ដើម្បី​ខ្ចីប្រាក់ ព្រមទាំង​ឆាត​ទៅ​គំរាម​ទារប្រាក់​អតិថិជន​ដែល​ជំពាក់​ខ្លួន​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏​មាន​អតិថិជន​របស់​ខ្លួន​ម្នាក់ ក៏​ត្រូវ​បាន​គេ​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​គាត់​ដូច​គ្នា ហើយ​បាន​ឆាត​មក​ខ្ចីប្រាក់​ខ្លួន​ចំនួន​៦០,០០០$ ហើយ​ខ្លួន​បាន​វេរ​ទៅ​ឲ្យ​អស់​១០,០០០$ ក៏​មានការ​សង្ស័យ ហើយ​ក៏​តេ​ទៅ​អតិថិជន​ផ្ទាល់​ដើម្បី​សួរនាំ ទើប​ដឹង​ថា​មានការ​ចាញ់បោក​ជន​សង្ស័យ​យ៉ាង​ពិតប្រាកដ ព្រោះ​អតិថិជន​របស់​ខ្លួន​បាន​អះអាង​ថា មិន​បាន​ឆាត​ខ្ចីប្រាក់​នោះ​ទេ គឺ​មាន​​គេ​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​គាត់​បាត់​ហើយ​។

តាម​រយៈ​វិធានការ​ជំនាញ និង​ការ​តាម​ប្រ​ម៉ា​ញ់​ជាប់​ប្រចាំ រហូត​ដល់​ថ្ងៃ​ទី​១៧,១៨ និង​១៩ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់ (​ខ្មែរ​០១​នាក់​, ចិន​០៤​នាក់​) ដែល​មានការ​ពាក់ព័ន្ធ​ជា​បណ្តាញ ជាមួយ​ក្រុម​Hacker នៅ​ឯ​បរទេស ធ្វើ​សកម្មភាព ហែក​ចូល​តេ​ឡេ​ក្រា​មនុស្ស​ជា​ច្រើន ដើម្បី​ឆបោក​ប្រាក់ ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន បាន​ឲ្យ​ដឹង​ថា ពួក​គេ​ស្គាល់​ក្រុម Hacker តាម​រយៈ​តែ​វី​ឆាត (WeChat) ប៉ុណ្ណោះ មិនដឹង​ថា​ពួក​នោះ​នៅ​ទីណា​ទេ គ្រាន់តែ​ធ្លាប់​ឭ​ពួក​វា​ប្រាប់​ថា​រស់នៅ​ប្រទេស​ថៃ ហើយ​ពួក​វា​ប្រាប់​ថា អាច​ហែក​តេ​ឡេ​ក្រាម​បាន តាម​​រយៈ​ផ្ញើ​សារ​ឬ​កម្មវិធី​អ្វីមួយ​ទៅ​បុគ្គល​ណា​ម្នាក់ ប្រសិនបើ​បុគ្គល​នោះ​ចូល​មើល នោះ​ពួក​វា​នឹង​ចូល​ទៅ​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទ​ឬ​ឈាន​ដល់​គ្រប់គ្រង​អា​ខោ​ន​ធនាគារ​បាន និង​ម្យ៉ាងទៀត​ប្រសិន​បើ​យើង​ថត​ស្កែ​ន​លេខ​តេ​លេ​ក្រាម​៥​ខ្ទង់​ផ្ញើ​ទៅ​ឲ្យ​ពួក​វា នោះ​ពួក​វា​ក៏​អាច​គ្រប់គ្រង Tele​gram យើង​បាន​ដូច​គ្នា ។

រាល់​ប្រតិបត្តិការ​ជោគជ័យ​ទាំងអស់ ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន ទទួល​បាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួល​បាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួល​បាន ២%, ឈ្មោះ LI QUEQIN ទទួល​បាន ២% នៅ​សល់​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ផ្ញើ​ទៅ​ឲ្យ ក្រុម Hacker តាម​រយៈ​ធនាគារ ហ៊ុយ​វ័ង​។

តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​បង្ក្រាប​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ដើរ​លឿន​ពេក ធ្វើ​ឲ្យ​មានកម្ម​វិធី​ជា​ច្រើន​ដែល​យើង​មិន​អាច​តាម​ទាន់​បាន ដូច្នេះ បងប្អូន​ដែល​ប្រើ​ទូរស័ព្ទ​ទាំងអស់ មិន​ត្រូវ​ចូល​មើល Link ឬ App ណាមួយ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ហើយ​ផ្ញើ​មក​ឲ្យ​យើង តាម​រយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏​ដូច​ជា​មិន​ត្រូវ ឆ្លើយឆ្លង​ជាមួយ​សារ​ទាំងឡាយ​ណា ដែល​ទាមទារ​ឲ្យ​យើង​បង្ហាញ​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន ទិន្នន័យ​ធនាគារ ឬ​ថត​ស្គ្រី​ន​ទូរស័ព្ទ របស់​យើង ទៅ​ពួក​គេ​នោះ​ឡើយ ហើយ​បើ​មាន​អ្នក​ស្គាល់​ផ្ញើ​សារ​ជា​អក្សរ​ខ្មែរ ឬ​អក្សរ​បរទេស​មក​យើង ដើម្បី​ខ្ចីប្រាក់ ឬ​ទារប្រាក់ ឬ​បង្ខំ​ឲ្យ​ទូទាត់​អ្វី​ផ្សេង​ៗ យើង​មិន​ត្រូវ​ផ្ទេរ​ប្រាក់​ទៅ​ភ្លាម​ៗ​នោះ​ទេ គឺ​ត្រូវ​ឆែក​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ជៀង​វាង​ការ​ខាតបង់ ឬ​ការ​ចាញ់បោក ដោយ​ប្រការ​ណាមួយ លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ