ខេត្តបាត់ដំបង ៖ ក្រុមជនលោ.ភលន់លួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក នៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ចំនួន០៤នាក់ និងត្រាក់ទ័រចំនួន៤គ្រឿង ដែលត្រូវកម្លាំងកងរាជអាវុធខេត្តចុះបង្ក្រាបកាលពីប៉ុន្មានថ្ងៃមុននេះ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជនសង្ស័យទាំង៤នាក់ជូនទៅឲ្យកម្លាំងជំនាញជលផល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឱ្យដឹង។

យោងរបាយការណ៍កងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រុមលួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានចំនួន០៤នាក់នេះ រួមមាន ៖ ១- ឈ្មោះ ឯម ប៊ុនថន ភេទប្រុស អាយុ៣៧ឆ្នាំ ជាមេខ្លោង រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ, ២- ឈ្មោះ ជឿន រ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ, ៣- ឈ្មោះ អួង យឿត ភេទប្រុស អាយុ៥០ឆ្នាំ និង៤- ឈ្មោះ ប៉ាន់ ភន ភេទប្រុស អាយុ៤០ឆ្នាំ ជនទាំង៣នាក់នេះជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រឈូសឆាយព្រៃលិចទឹក ឲ្យមេខ្លោងឈ្មោះ ឯម ប៊ុនថន។ ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចក៏រឹបអូសយកត្រាក់ទ័របានចំនួន០៤គ្រឿងផងដែរ។

ក្រុមជនល្មើសរំលោ.ភបំពានដីព្រៃលិចទឹកទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចុះទៅបង្ក្រាប កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ខណៈពេលក្រុមជនទុច្ចរិតទាំង៤នាក់នេះ កំពុងតែធ្វើសកម្មភាពឈូសឆាយទន្ទ្រានកាន់កា.ប់ដីព្រៃលិចទឹក នៅក្នុង «តំបន់២ និង តំបន់៣» ដែលជាដីរបស់រដ្ឋ នៅត្រង់ចំណុចអូរទំនប់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគងទំ ឃុំពាមឯក ស្រុកឯកភ្នំ។

បើតាមសេក្ដីរាយការណ៍បានឱ្យដឹង ទំហំដីដែលត្រូវក្រុមជនលោ.ភលន់ឈូសឆាយទន្ទ្រានយកជាក់ស្ដែងអស់ចំនួនជាង៣៩ហិចតា ក្នុងនោះទំហំដីព្រៃជាង២៩ហិចតា ស្ថិតក្នុង «តំបន់២» និងចំនួនជាង៩ហិចតាទៀត ស្ថិតក្នុង «តំបន់៣»។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា បើតាមការស៊ើបអង្កេត គឺជនសង្ស័យទាំង០៤នាក់ខាងលើនេះ មានឈ្មោះ ឯម ប៊ុនថន ជាមេខ្លោង នៃការប្រើប្រាស់ត្រាក់ទ័រឈូសទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់ហាមឃាត់ខាងលើនេះ។ ក្រុមនេះបានលួចធ្វើសកម្មភាពជាច្រើនខែកន្លងមកហើយ ក្រោយបញ្ចប់ការវាស់វែងរបស់ក្រុមការងារជំនាញថ្នាក់ជាតិ។ ហើយកម្លាំងកងរាជអាវុធហត្ថ ដែលជាកម្លាំងស្នូល មានភារៈកិច្ចក្នុងការតាមដាន និងបង្ក្រាបបទល្មើលនានា នៅតំបន់ទន្លេសាប ជាពិសេសបង្ក្រាបបទល្មើសរំលោ.ភដីព្រៃលិចទឹក បានធ្វើការស្រាវជ្រាវ និងតាមដានសកម្មភាពក្រុមជនល្មើសដែលព្យាយាមឆក់ឱកាសចូលទៅលួចឈូសឆាយរំលោ.ភយកដីព្រៃលិច រហូតឈានដល់ការបង្ក្រាបបានទាំងមនុស្ស រឹបអូសបានទាំងសម្ភារៈដែលប្រព្រឹត្តបទល្មើស។

ក្រោយបញ្ចប់ការសាកសួរបឋម ក្រុមជនរំលោ.ភបំពានដីព្រៃលិចទឹកចំនួន០៤នាក់ខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ក្រុមជនលួចដីរដ្ឋទាំង០៤នាក់នេះ រួមទាំងវត្ថុតាងផង ទៅឲ្យមន្ត្រីជំនាញជលផល ដើម្បីចាត់ការបន្តតាមនីតិវិធីហើយ៕

ចែករំលែកព័តមាននេះ