រាជធានីភ្នំពេញ ៖ ក្រោយលាចាកសិក្ខាបទ លោកគ្រូ សាន សុជា បានបង្ហោះរូបភាពស្និទស្នាលជាមួយនារីៗក្មេងចាស់ ដោយខ្លះចាត់ទុកថា នារីដែលលោកគ្រូស្និទស្នាលនោះ ជាអនាគតភរិយាលោកគ្រូ ខ្លះក៏អះអាងថា ជាបងប្អូនបង្កើតរបស់លោកគ្រូជាដើម។
យ៉ាងណាមិញ ពេលមកដល់កម្ពុជា កាលពីសប្តាហ៍ទី២ នៃខែមិថុនានេះ លោកគ្រូ សាន សុជា ក៏បានបង្ហោះរូបភាពតោងស្បៃនារីរូបស្រស់ម្នាក់ នៅរង្វង់មូលព្រះថោង តោងស្បៃ នៅខេត្តព្រះសីហនុផងដែរ ។ ប្រាកដណាស់ សកម្មភាពស្និទ្ធស្នាល ល្អូកល្អើនជាមួយនារីៗមួយចំនួនធ្វើឲ្យមនុស្សម្នាជាច្រើននាក់ ដាក់មន្ទិលសង្ស័យជាច្រើនថា នោះជាអនាគតភរិយាលោកគ្រូ ។
យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងមកនេះ ក្រោយពីលាចាកសិក្ខាបទ លោកគ្រូ សាន សុជា បាននិយាយថា «ពិភពលោកនេះ ពោរពេញដោយការសម្តែង» ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយរវាងលោក លោក ជុន ច័ន្ទបុត្រ និងលោកគ្រូ សានសុជា ក្រោយពីលោកគ្រូ សាន សុជា ដែលបានលាចាកភេទជាសង្ឃ ក្លាយជាគ្រហស្ថ បានមានប្រសាសន៍ថា ពិភពលោកនេះ គឺពោរពេញដោយការសម្តែង ដូច្នេះសកម្មភាពខ្លះៗរបស់លោកគ្រូ គ្រាន់តែជាការសម្តែងដាស់តឿនមនុស្ស ។
ប្រាកដណាស់ មុននឹងលោកគ្រូបកស្រាយចំណុចនេះ គឺដោយសារតែលោកគ្រូត្រូវបានគេចោទជា សំណួរថា ថ្វីត្បិតតែលោកគ្រូ បង្ហោះរូបជាមួយប្អូនស្រីបង្កើតលោកគ្រូ ក៏ដោយចុះ ក៏មានមនុស្សជាច្រើនបញ្ចេញមតិរៀងៗដោយខ្លះថា ទោះជាប្អូនបង្កើតក៏ដោយចុះ ក៏មិនគួរស្និទ្ធស្នាលយកដៃដាក់លើគល់ភ្លៅ យកដៃច្បិចថ្កាល់ ដែលមើលទៅវាមិនសមរម្យ អ៊ីចឹងដែរ ?
ជាការឆ្លើយតប លោកគ្រូ សាន សុជា បានបញ្ជាក់ច្បាស់ៗថា «ខ្ញុំមានគោលគំនិតមួយមុននឹងបង្ហោះរូប (រូបជាមួយប្អូនស្រី) របៀបនោះ វាជ្រុលបន្តិច ខ្ញុំដឹងដែរ ប៉ុន្តែខ្ញុំក៏មានគោលគំនិតរបស់ខ្ញុំដែរថា ចង់ឲ្យមនុស្សយើងប្រើការគិតច្រើនជាងភ្នែក ពីព្រោះអ្វីដែលជាការសម្តែង មិនមែនជាការពិតទេ ពីព្រោះពិភពលោកនេះពោរពេញដោយការសម្តែង» ។
លោកគ្រូ សាន សុជា មានប្រសាសន៍បន្តថា «នេះជាមូលហេតុដែលខ្ញុំផុសរូបទាំងអស់ហ្នឹង ប៉ុន្តែប្រសិនបើប៉ះពាល់ដល់សតិអារម្មណ៍ នាំឲ្យកើតទុក្ខ ក្តៅក្រហាយអីច្រើន អាហ្នឹងខ្ញុំក៏សុំអធ្យាស្រ័យដែរ ។ តែចំពោះវត្ថុបំណងរបស់ខ្ញុំនេះ ចង់ពន្យល់រឿងផ្សេងទេ ដែលខ្ញុំផុសហ្នឹង»។
យ៉ាងណាមិញ សម្រាប់ជំនួបរបស់លោកគ្រូ សាន សុជា ជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជា ការទៅជួប លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រី ពេលលោកគ្រូ មកស្រុកខ្មែរនោះ គឺលោកគ្រូ សាន សុជា បញ្ជាក់ច្បាស់ៗថា នោះមិនមែនជាការសម្តែង តែជាការពិត ខ្ញុំទៅជួបមែនទែនតែម្តង ។
សូមរំលឹកថា ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសម្តេចតេជោថា អន្ទិតសាន សុជា បានធ្វើការទាក់ទងសម្តេច តាមទូរស័ព្ទរួចហើយ អន្ទិតសាន សុជា បានសុំជួបសម្តេចនៅគេហដ្ឋានសម្តេចផ្ទាល់ ។
គួរបញ្ជាក់ ៖ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ពីទឹកដីប្រទេសអូស្ត្រាលី ក្រោយសាងផ្នួសអស់រយៈពេល៣១ឆ្នាំ។ ព្រះភិក្ខុ សាន សុជា បញ្ជាក់ថា ការសម្រេចចិត្តលាចាកសិក្ខាបទនៅពេលនេះ គឺគោលការណ៍នៃដំណើរជីវិតផ្ទាល់ខ្លួនរបស់ព្រះអង្គតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ