ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​និយាយ​អារម្មណ៍​ពិត មិន​ថា វា​ជា​អារម្មណ៍​ស្អប់ ឬ​ខឹង​ទេ អាច​នឹង​ធ្វើ​អោយ​មនុស្ស​ធូរទ្រូង និង​សប្បាយចិត្ត ដោយ​មិន​ទុក្ខ​អារម្មណ៍​ទាំងនេះ​អោយ​ឆេះ​រោល​ក្នុង​ទ្រូង​របស់​យើង ។ លទ្ធផល​ស្រាវជ្រាវ កាលពី​ពេល​ថ្មី​ៗ​នេះ…

ការ​និយាយ​អារម្មណ៍​ពិត មិន​ថា វា​ជា​អារម្មណ៍​ស្អប់ ឬ​ខឹង​ទេ អាច​នឹង​ធ្វើ​អោយ​មនុស្ស​ធូរទ្រូង និង​សប្បាយចិត្ត ដោយ​មិន​ទុក្ខ​អារម្មណ៍​ទាំងនេះ​អោយ​ឆេះ​រោល​ក្នុង​ទ្រូង​របស់​យើង ។

លទ្ធផល​ស្រាវជ្រាវ កាលពី​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា មនុស្ស​យើង​មាន​សុភមង្គល​ផ្លូវចិត្ត បើ​យើង​អាច​បញ្ចេញ​អារម្មណ៍​ពិត ។ មាន​ន័យ​ថា បើទុកជា​បញ្ចេញ​អារម្មណ៍​ពិត​នៅ​ក្នុង​ផ្លូវ​អវិជ្ជមាន​ក៏​ដោយ ។ ឧទាហរណ៍​ដូច​ជា​អារម្មណ៍​ខឹង និង​អារម្មណ៍​ស្អប់​ជាដើម ។ លទ្ធផល​នៃ​ការ​សិក្សា​ដែល​ប្រមូល​ចងក្រង ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ជា​អន្តរជាតិ រក​ឃើញ​ថា សុភមង្គល​ផ្លូវចិត្ត​មិនមែន​មាន​ត្រឹមតែ​ចិត្ត​ត្រេកអរ និង​ការ​អស់​ទុក្ខ​កង្វល់​នោះ​ទេ ។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ​, គេ​សាកសួរ​អ្នក​ដែល​ចូលរួម ដើម្បី​ចង់​ដឹង​ថា ទី​១- តើ​ពួក​គេ​ចង់​មាន​អារម្មណ៍​បែប​ណា និង​ទី​២- តើ​អារម្មណ៍​ជាក់ស្ដែង​របស់​ពួក​គេ​បែប​ណា ។

បន្ទាប់​មក​គេ​យក​មក​ប្រៀបធៀប​គ្នា ដើម្បី​ចង់​ដឹង​ថា តើ​ពួក​គេ​យល់​ថា ជា​ទូទៅ​មាន​សុភមង្គល​នៅ​ក្នុង​ជីវិត​កម្រិត​ណា ។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ជា​ទូទៅ​មនុស្ស​ចង់​មាន​អារម្មណ៍​សប្បាយ​ឱ្យ​បាន​ច្រើន ។ ប៉ុន្តែ​ពួក​គេ​នឹង​កាន់តែ​សុភមង្គល​នៅ​ក្នុង​ជីវិត​ខ្លាំង​បំផុត បើ​ពួក​គេ​អាច​បញ្ចេញ​អារម្មណ៍​ពិត​ទៅ​តាម​ចិត្ត​ចង់ ។ ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើងជា​ពហុ​វប្បធម៌​នេះ​ចូលរួម​ដោយ​និស្សិត​២៣០០ នាក់​មក​ពី​អា​មេ​រិ​ក​, ប្រេ​ស៊ី​ល​, ចិន​, អា​ល្លឺ​ម៉​ង់​, ហ្កា​ណា​, អ៊ី​ស្រា​អែ​ល​, ប៉ូ​ឡូញ និង​សិង្ហ​បុរី​។

ការ​បញ្ចេញ​អារម្មណ៍​អវិជ្ជមាន

បើ​យើង​បញ្ចេញ​អារម្មណ៍​ពិត ដែល​មាននៅ​ក្នុង​ចិត្ត​ទោះបី​អារម្មណ៍​នោះ​អវិជ្ជមាន​ក៏​ដោយ​ក៏​គ្រាន់បើ​ដែរ ។ នេះ​បើ​យោង​តាម​បណ្ឌិត​ម៉ា​យ៉ា ថា​មៀ (Maya Tamir) បង្រៀន​នៅ​សាកលវិទ្យាល័យ​ហេ​ប្រឺ (Hebrew) នៃ​ទីក្រុង​យេ​រូ​សា​ឡឹម ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី (BBC)​។ គួរ​ឱ្យ​ភ្ញាក់ផ្អើល​, ការ​សិក្សា​ស្រាវជ្រាវ​នេះ​រក​ឃើញ​ថា មនុស្ស​១១% មិនសូវ​ចង់​បញ្ចេញ​អារម្មណ៍​វិជ្ជមាន ដូច​ជា​ស្រឡាញ់ និង​អាណិត​ទេ ។ ចំណែក​មនុស្ស​១០%​ចង់​បញ្ចេញ​អារម្មណ៍​អវិជ្ជមាន​កាន់តែ​ច្រើន ដូច​ជា ស្អប់ និង​ខឹង ។

បណ្ឌិត​ថា​មៀ ពន្យល់​ថា «​អ្នក​ដែល​អាន​អត្ថបទ​និយាយ​អំពី​ការ​បៀ​.​ត​បៀ​.​ន​កុមារ ប៉ុន្តែ​គ្មាន​អារម្មណ៍​ខឹងសម្បារ ។ អ្នក​នោះ​អាច​នឹង​មាន​អារម្មណ៍​ថា​ខ្លួនឯង​គួរតែ​មានចិត្ត​ខឹង​ទើបត្រូវ​» ។ លោកស្រី​ថ្លែង​បន្ថែម​ទៀត​ថា ឧបមា​នារី​ម្នាក់​ចង់​ចាក​ចេញពី​ដៃគូ​ស្នេហា​ដែល​ចូល​ចិត្ត​ធ្វើបាប​នាង (abusive partner) ប៉ុន្តែ​នារី​នោះ​មិន​ដាច់​ចិត្ត​ដើរ​ចេញ ។ គ្រាន់តែ​នាង​កាត់​បន្ថយ​ការ​ស្រឡាញ់​ដៃគូ ក៏​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​មាន​សុភមង្គល​ជាង​មុន​ផង​ដែរ​។

ការ​មាន​អារម្មណ៍មិនល្អ​អាច​ជា​រឿង​ល្អ

បណ្ឌិត​អាណា អា​ឡិច​សាន់​ដ្រូ​វ៉ា (Anna Alexandrova) បង្រៀន​នៅ​វិទ្យាស្ថាន​វែ​ល​ប៊ី​អ៊ី​ង (Wellbeing) នៃ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ច (Cambridge) ថ្លែង​ថា ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឱ្យ​យើង​គិត​ឡើង​វិញ​ពី​សុភមង្គល​ផ្លូវចិត្ត ។ ការ​សិក្សា​នេះ​ធ្វើ​ឱ្យ​យើង​ចោទសួរ​ថា តើ​ត្រឹមត្រូវ​ដែរ​ឬទេ នូវ​រង្វាស់​សុភមង្គល​ចិត្ត​កាលពីមុន​ដែល​គិត​ចាប់ពី​ការ​បញ្ចេញ​អារម្មណ៍​វិជ្ជមាន​ទៅ​ការ​បញ្ចេញ​អារម្មណ៍​អវិជ្ជមាន ។ ប៉ុន្តែ​នៅ​ពេល​និយាយ​ពី​ការ​បញ្ចេញ​អារម្មណ៍​អវិជ្ជមាន​, ការ​សិក្សា​នេះ​អាច​វា​.​យ​តម្លៃ​បាន​អារម្មណ៍​ខឹង និង​អារម្មណ៍​ស្អប់ ។

លោកស្រី​ថ្លែង​ថា «​អារម្មណ៍​ខឹង និង​អារម្មណ៍​ស្អប់ អាច​ជា​ធាតុ​ផ្សំ​ធ្វើ​ឱ្យ​មនុស្ស​មាន​សុភមង្គល​ផ្លូវចិត្ត ។ ប៉ុន្តែ​អារម្មណ៍​អវិជ្ជមាន​ដទៃ​ទៀត​ដូច​ជា អារម្មណ៍​ភ័យ​ខ្លាច​, អារម្មណ៍​គិត​ថា ខ្លួនឯង​មាន​កំហុស និង​ការ​ថប់​បារម្ភ (anxiety) បើ​តាម​ការ​សិក្សា​នេះ​ហាក់ដូចជា មិនមែន​ជា​ធាតុ​ផ្សំ​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​សុភមង្គល​ផ្លូវចិត្ត​ទេ​» ។

សាស្ត្រាចារ្យ​ថា​មៀ ថ្លែង​ថា ការ​ស្រាវជ្រាវ​នេះ​មិន​និយាយ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត​ទេ ។ «​អ្នកមាន​បញ្ហា​ធ្លាក់ទឹក​ចិត្តច្រើន​មាន​ទំនោរ​ទៅ​រក​ការ​កើតទុក្ខ និង​មិនសូវ​សប្បាយចិត្ត​ទេ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​» ។

លោកស្រី​ថ្លែង​ថា ការ​សិក្សា​នេះ ជា​ការ​ដាស់សតិ​ឱ្យ​យើង​គិត​សា​រឡើង​វិញ​ថា​មិន​ចាំបាច់​គិត​ថា ត្រូវ​តែ​ធ្វើ​ឱ្យ​ចិត្ត​សប្បាយ​ជា​និច្ច​នោះ​ទេ ។ អ្នក​រស់នៅ​ប​ច្ចឹ​ម​ប្រទេស​ចង់​ធ្វើ​ចិត្ត​របស់​ខ្លួន​ឱ្យ​សប្បាយ​រហូត ។ ទោះបី​ធ្វើ​ចិត្ត​ខ្លួនឯង​ឱ្យ​សប្បាយ​រហូត​ហើយ​ហ្នឹង​ក៏​ពួក​គេ​មាន​អារម្មណ៍​ថា ហាក់ដូចជា​មិន​ទាន់​ស្ងប់ចិត្ត ។ ពួក​គេ​នៅ​តែ​ចង់ឱ្យ​ចិត្ត​សប្បាយ​ជាង​ហ្នឹង​ទៀត ។ ចំណុច​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​ពួក​គេ ជួនកាល​អាច​នឹង​មិនសូវ​មាន​សុភមង្គល​ផ្លូវចិត្ត​ទៅ​វិញ ។ មូលហេតុ​ដោយសារ​ចិត្ត​មិន​ស្ងប់​សុខ ។

សូ​ម្បី​តែ​នៅ​ក្នុង​មង្គលសូត្រ​ក៏​មាន​និយាយ​ថា ន​ត្ថិ សន្តិ ប​រំ សុ​ខំ «​ពុំ​មាន​សេចក្តីសុខ​ដទៃ​ឯណា​ក្រៅ​អំពី​សេចក្តី​ស្ងប់​ឡើយ​»៕ ដោយ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ