ខេត្តតាកែវ ៖ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកកប្បាស បានអះអាងថា រឿងលោកអនុញ្ញាតឲ្យថៅកែដីឡូតិ៍ដាក់លូ លុបប្រឡាយកាលពីប៉ុន្មានខែមុន និងមានព័ត៌មានចុះផ្សាយល្បីដល់ក្រសួងមហាផ្ទៃផងនោះ ពេលនេះគឺចប់រួចរាល់អស់ហើយ ក្រោយលោកបានស្រាយបំភ្លឺទៅរដ្ឋបាលខេត្តតាកែវ និងក្រសួងមហាផ្ទៃតាំងតែពីខែឧសភា មកម្ល៉េះ។

លោកអភិបាលស្រុកបន្តថា លោកមិនខ្លាចទេ ព្រោះលោកបានបំភ្លឺរួចរាល់ហើយ ដោយឡែកការបែកធ្លាយលិខិតដែលក្រសួងមហាផ្ទៃដាក់មករដ្ឋបាលខេត្តតាកែវ មានវិធានការណ៍នោះ លោកថា មិនដឹងបែកធ្លាយមកពីណានោះទេ ហើយរឿងនេះលោកក៏បានដោះស្រាយចប់ហើយដែរ។

សូមបញ្ជាក់ថា ទីតាំងដាក់លូ លុបប្រឡាយ ដែលលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស អះអាងថា បានដោះស្រាយ និងបំភ្លឺជូនថ្នាក់លើសព្វគ្រប់ហើយនោះ គិតមកត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ គឺមិនបានកាយដីយកលូចេញវិញ ដើម្បីឲ្យមានសភាពដូចដើមនោះទេ គឺបានដាក់លូ និងចាក់ដីធំជាងមុនទៅទៀត។ ដោយមិនដឹងថា តើលោកអភិបាលស្រុក ដោះស្រាយក្នុងលក្ខខណ្ឌណានោះទេ?។

សូមរំលឹកថា ពលរដ្ឋ រួមទាំងមន្ត្រីរាជការជាច្រើននាក់បាននាំគ្នារិះគន់កប់ៗមាត់រឿងលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស ដែលបានឲ្យថៅកែដីឡូតិ៍លុបប្រឡាយដាក់លូមានទំហំតូចក្នុងប្រឡាយមេរំដោះទឹក ដែលមានទទឹង២៥ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដែលរឿងនេះ លោកអភិបាលស្រុកព្រៃកប្បាសជាច្រើនជំនាន់មកហើយ បានទប់ស្កាត់ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះ ព្រោះប្រឡាមេមួយនេះ មានសារៈសំខាន់ណាស់ក្នុងការរំដោះទឹក ឬស្តុកទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់។
គួររំលឹកថា ៖ រឿងថៅកែដីឡូតិ៍ដាក់លូ លុបប្រឡាយនៅស្រុកព្រៃកប្បាស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យរដ្ឋបាលខេត្តតាកែវដោះស្រាយ ៕
ចែករំលែកព័តមាននេះ