ខេត្តតាកែវ ៖ ក្រោយពីមានការចុះផ្សាយពីសារព័ត៌មាននានា រឿងលោកអភិបាលស្រុកព្រៃកប្បាស ឱ្យថៅកែដីឡូតិ៍លុបប្រឡាយដាក់លូ កាលពីពេលកន្លងមក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបមកលោកអភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមពិនិត្យ និងដោះស្រាយ រួចរាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ដើម្បីក្រសួងមានវិធានការចាត់ការបន្ត។

សូមរំលឹកថា ពលរដ្ឋ រួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នារិះគន់កប់ៗមាត់រឿងលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស ដែលបានឱ្យថៅកែដីឡូតិ៍លុបប្រឡាយដាក់លូមានទំហំតូចក្នុងប្រឡាយមេរំដោះទឹកដែលមានទទឹង២៥ម៉ែត្រ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលរឿងនេះលោកអភិបាលស្រុកព្រៃកប្បាសច្រើនជំនាន់មកហើយបានទប់ស្កាត់ការដាក់លូលុបប្រឡាយ មេរំដោះទឹកមួយនេះ ព្រោះប្រឡាមេមួយនេះមានសារៈសំខាន់ណាស់ក្នុងការំដោះទឹក ឬស្តុកទឹកទុកឱ្យពលរដ្ឋប្រើប្រាស់។

ជុំវិញករណីខាងលើ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស ក៏បានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតច្បាប់ឱ្យថៅកែដីឡូតិ៍ចាក់លុបប្រឡាយដាក់លូនៅចំណុចខាងលើមែន ដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។ លោកអភិបាលស្រុកបញ្ជាក់ទៀតថា បើករណីចាក់ដីលុបប្រឡាយនេះ ត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។ រដូវបោះឆ្នោតជិតមកដល់ហើយ រដ្ឋអំណាចមូលដ្ឋានគួរតែប្រឹងប្រែងបំរើប្រជាពលរដ្ឋឱ្យបានល្អ ប៉ុន្តែផ្ទុយទៅវិញ លោកអភិបាលស្រុកព្រៃកប្បាស ធ្វើឱ្យពលរដ្ឋក្ដៅក្រហាយយូរមកហើយ ដោយសារតែត្រូវជាមួយអ្នកមានរំលោ.ភយកប្រឡាយបិទផ្លូវទឹក។
ពេលណាមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្ត។
ចែករំលែកព័តមាននេះ