ខេត្តតាកែវ ៖ ទាំងមហាជន ទាំងភ្ញៀវទេសចរខ្មែរ និងបរទេស ដែលបានមកលេងប្រាសាទភ្នំជីសូ ស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានអោយដឹងថា ហេតុអ្វីបានជាអាជ្ញាធរពាក់ព័ន្ធហ៊ានយកបង្គោលអង់តែនអាយកូម មកដំឡើងក្បែរប្រាសាទបុរាណប្រវត្តិសាស្ត្រភ្នំជីសូ និងខ្ពស់ជាងកំពូលប្រាសាទថែមទៀត?។

បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា បង្គោលអង់តែនខាងលើនេះ មានអ្នកធំម្នាក់ជាអ្នកកាងដាច់មុខ ហើយបង្គោលនេះដែរ មានម៉ាស៊ីនហ្វ្រេកង់ រហូតដល់ទៅ៨ម៉ាស៊ីន ធ្វើអោយមានភាពអនាធិបតេយ្យដល់សន្តិសុខ សណ្ដាប់ធ្នាប់ជាច្រើន។
យោងតាមប្រភពដដែលបានបន្តទៀតថា នៅក្នុងឃុំរវៀងទាំងមូល អ្នកប្រើប្រាស់អាយកូម រួមមាន ៖ ទាំងប្រជាការពារ ទាំងអាជ្ញាធរ ទាំងចោរ ទាំងអ្នកញៀ.នថ្នាំ គឺសុទ្ធតែមានអាយកូមប្រើប្រាស់ ដោយគ្មានអ្នកណាទទួលខុសត្រូវនោះទេ។

ជុំវិញករណីខាងលើ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានអោយដឹងថា លោកទទួលស្គាល់ថា បង្គោលអង់តែន នៅលើកំពូលភ្នំជីសូ ពិតជាមានភាពអនាធិបតេយ្យពិតមែន តែលោកមិនមានចំណាត់ការទេ ព្រោះមានអ្នកធំម្នាក់ ជាអ្នកកាងដាច់មុខ។
លោក កេត ម៉ៅ បន្តទៀតថា ចំនួនអ្នកប្រើអាយកូម មានច្រើនរាប់មិនអស់ គឺជាកត្ដាធ្វើអោយមន្ត្រីពិបាកក្នុងការគ្រប់គ្រង ហើយការដំឡើងហ្វ្រេកង់មានច្រើនម៉ាស៊ីនណាស់ មិនដឹងច្បាប់ទម្លាប់គេបានមកពីណានោះទេ។

ជុំវិញករណីខាងលើនេះដែរ លោក ជេត ពិសិដ្ឋ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានអោយដឹងដែរថា តាមផ្លូវច្បាប់ការដំឡើង ឬសាងសង់អ្វីមួយធ្វើអោយប៉ះពាល់ដល់ប្រាសាទបុរាណ គឺមិនត្រូវអនុញ្ញាតនោះទេ។

លោកបន្តទៀតថា រឿងដំឡើងបង្គោលអង់តែន វិទ្យុទាក់ទង ឬបង្គោលអាយកូម អ្នកអនុញ្ញាតច្បាប់បានមានតែខាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តទេ ដែលជាអ្នកអនុញ្ញាតច្បាប់អោយ។ តែទោះជាយ៉ាងណា លោកនឹងចុះទៅពិនិត្យករណីខាងលើនេះ តែលោកមិនបានកំណត់ពេលវេលាជាក់លាក់ណាមួយទេ។ ដែលការនិយាយបែបនេះ គឺមន្ត្រីទទួលបន្ទុកបានសម្ងំសុខយ៉ាងត្រជាក់ពង…ហេ!ហេ!
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ