ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានសមត្ថកិច្ចស្រុកភ្នំស្រួចចាប់ខ្លួនកាលពីព្រឹកម៉ោង៧ និង៣០នាទីថ្ងៃទី៣ ឧសភាត្រង់ចំណុចផ្លូវលំពីបទប្រើអំពើហិង្សាដោយចេតនាគិតទុកជាមុនគំរាមយកម៉ូតូពីអ្នករត់ឌុប។ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ។
តាមព័ត៌មានពីមន្ត្រីប៉ូលិសព្រហ្មទណ្ឌស្រុកភ្នំស្រួចបានឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួននោះឈ្មោះខាំ ឡេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងខ្នា ឃុំពោធិ៍ទ្រៀល ស្រុកបរសេដ្ឋ និងម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះត្រូវបានដកហូត ។ ជននេះបានប្រព្រឹត្តបទល្មើសគំរាមប្លន់យកម៉ូតូម៉ាកវ៉េវអាល់ហ្វាមួយគ្រឿង ពីជនរងគ្រោះ ឈ្មោះង៉ែត ឡាវ អាយុ២០ឆ្នាំ ជាអ្នករត់ម៉ូតូឌុប នៅក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ ខាំ ឡេង និងបក្សពួកម្នាក់ទៀតដែលគេចខ្លួនបាត់នោះបាននាំគ្នារៀបចំគម្រោងការហៅម៉ូតូឌុបនាំយកទៅប្លន់ ។ មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់បានហៅម៉ូតូឌុបរបស់ឈ្មោះង៉ែត ឡាវ ឱ្យឌុបពីរផ្សារត្រែងត្រយឹង លុះពេលឌុបដល់ចំណុចផ្លូវលំស្ងាត់អ្នកទាំងពីរ ក៏ឱ្យម៉ូតូឈប់ រួចក៏វាយទៅលើជនរងគ្រោះជាម្ចាស់ម៉ូតូបណ្តាលឱ្យដួល រួចក៏យកម៉ូតូជិះគេចខ្លួនតាមផ្លូវជាតិលេខ៤ ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមទាន់ ក៏ធ្វើការចាប់បក្សពួកជនសង្ស័យបានម្នាក់ និងដកហូតម៉ូតូជនរងគ្រោះបានមកវិញ រីឯម្នាក់ទៀតបានលោតចេញពីម៉ូតូរត់គេចខ្លួនបាត់។
ប៉ូលិសក៏បានធ្វើការប្រគល់ម៉ូតូវ៉េវអាល់ហ្វា ឱ្យទៅម្ចាស់ឈ្មោះង៉ែត ឡាវ វិញ ហើយ ចំណែកជនសង្ស័យខាំ ឡេង ត្រូវបានបញ្ជូន មកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់រួចនោះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន ព្រោះបានស្គាល់អត្តសញ្ញាណហើយ ៕
ចែករំលែកព័តមាននេះ