ខេត្តកំពង់ចាម ៖ យោងតាមការណែនាំរបស់លោកហ៊ុន ណេង អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន
ខេត្ត បានជំរុញឱ្យការិយាល័យប្រឆាំងគ្រឿងញៀនខេត្តយកចិត្តទុកដាក់ក្នុងវិធានការទប់ស្កាត់ចរាចរណ៍គ្រឿងញៀន ធ្វើយ៉ាងណាធានាឱ្យបាននូវភូមិឃុំមានសុវត្ថិភាព ។ ជាក់ស្តែងគ្រាន់តែនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១១ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចំនួន២កន្លែង ស្ថិតនៅចំណុចឆ្កែអើត ក្នុងភូមិរោងចក្រស្ករ ឃុំទ្រមូង ស្រុកមេមត់ ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់ ក្នុងនោះមានស្រ្តី៣នាក់ និងដកហូតបានថ្នាំញៀនក្រាមពណ៌.សប្រភេទមេតំហ្វេតាមីនចំនួន១៣កញ្ចប់ សើ្មនឹង១៤,២ក្រាម ឧបករណ៍សេពគ្រឿងញៀន ព្រមទាំងស្រោមអនាម័យមួយចំនួនទៀត ។
លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌ មានប្រសាសន៍ឱ្យដឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងភូមិរោងចក្រស្ករ ឃុំទ្រមូង បានរាយការណ៍មកកាន់រូបលោកថា នៅផ្ទះរបស់ឈ្មោះជិន ហុង ភេទប្រុស អាយុ២២ឆ្នាំ ស្ថិតក្នុងភូមិឃុំខាងលើ មានសកម្មភាពចែកចាយថ្នាំញៀន។ ក្រោយពីទទូលបានព័ត៌មាននេះ លោកក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រីនួន សាមិន ស្នងការនគរបាលខេត្តជាបន្ទាន់ ដើម្បីមានវិធានការចាត់កម្លាំងក្រោមឱវាទចុះទៅស៊ើបអង្កេតក៏បានឃើញពិតប្រាកដមែន ។ បន្ទាប់មក នៅថ្ងៃទី៥ ឧសភា រូបលោកបានដឹកនាំកម្លាំងក្រោមឱវាទ មានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងនគរបាលស្រុកមេមត់ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក និងលោករៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផង បានចុះទៅកាន់ចំណុចខាងលើ ។
ក្នុងប្រតិបត្តិការចំនួន២កន្លែងនេះមានមនុស្ស១០នាក់ត្រូវបានឃាត់ខ្លួនរួមមាន ១-ឈ្មោះជិន ហុង រឹបអូសបានថ្នាំញៀនក្រាមពណ៌សចំនួន៨កញ្ចប់(ក្នុងនោះ១កញ្ចប់ធំ កញ្ចប់ធុនកណ្តាល១ និង៦កញ្ចប់តូច) ២-ឈ្មោះថោ រតនា ភេទស្រី អាយុ២២ឆ្នាំ ជាម៉ែយ៉ែម និងជាប្រពន្ធរបស់ឈ្មោះជិន ហុង ៣-ឈ្មោះយិត វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់ ៤-ឈ្មោះឡុង ថេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសំបូរ ឃុំមេមត់ ស្រុកមេមត់ ៥-ឈ្មោះសាយ ស្រីពេជ្រ ភេទ ស្រី អាយុ២៣ឆ្នាំ រស់នៅភូមិរោងចក្រស្ករ ឃុំទ្រមូង ស្រុកមេមត់ ជាស្រ្តីរកស៊ីផ្លូវភេទ ៦-ឈ្មោះហេង ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិរោងចក្រស្ករ ឃុំទ្រមូង ស្រុកមេមត់ ជាស្រ្តីរកស៊ីផ្លូវភេទ ៧-ឈ្មោះ ទេស ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរោងចក្រ ស្ករ ឃុំទ្រមូង ស្រុកមេមត់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ធំ ៨-ឈ្មោះស៊ន សុថៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់ ៩-ឈ្មោះសោម ស្រស់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរោងចក្រស្ករ ឃុំទ្រមូង និង១០-ឈ្មោះទេស ចាន់ថុល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរោងចក្រស្ករ ឃុំទ្រមូង ។
លោកស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនចាប់តាំងពីថ្ងៃទី១៤ មេសា រហូតមកដល់ថ្ងៃទី៦ ឧសភា ២០១១ មានចំនួន១៩ករណី ឃាត់ខ្លួន មនុស្សបាន៦៤នាក់បញ្ចូនទៅឱ្យសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ