ក្រុងប៉ោយប៉ែត ៖ កាលពីរសៀលថ្ងៃទី៣ ឧសភា ប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងប៉ូលិសស្រុកម៉ាឡៃបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទចែកចាយថ្នាំញៀន ។ តាមការបំភ្លឺពីសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ ម្នាក់ឈ្មោះយ៉ាត សួង ភេទប្រុស អាយុ៣៩ឆ្នាំ និងម្នាក់ទៀតឈ្មោះថោង ប៊ុនរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិចាន់គិរី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ក្នុងពេលឃាត់ខ្លួននោះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៧គ្រាប់។
លោកអនុសេនីយ៍ឯក ធិន ស៊ីនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទីប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចរបស់លោកឃាត់ខ្លួននៅភូមិចាន់គិរីនោះ គឺអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការខេត្ត និងដើម្បីឱ្យក្នុងមូលដ្ឋានភូមិ-ឃុំមានសុវត្ថិភាព។ លោកប្រធានស្តីទីបញ្ជាក់ថា បើចង់ឱ្យភូមិ-ឃុំមានសុវត្ថិភាពគឺត្រូវតែទប់ស្កាត់រាល់បទល្មើសទាំងឡាយដែលកើតមាននៅក្នុងតំបន់ ជាពិសេសនោះ គឺទប់ស្កាត់បទល្មើស សេព និងចែកចាយជួញដូរថ្នាំញៀន ៕
ចែករំលែកព័តមាននេះ