រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា នៅអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញកម្មវិធីនយោបាយថ្មី គឺយុទ្ធសាស្រ្ត បច្ចកោណ ពុំមែនយុទ្ធសាស្រ្តចតុកោណ ដែលរាជរដ្ឋាភិបាលដឹកនាំឱ្យគណបក្សប្រជាជនកម្ពុជា បានអនុវត្តអស់រយៈពេល៤អាណត្តិមកហើយនោះទេ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍ ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណ ដែលបានអនុវត្ត៤ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរទៅជាយុទ្ធសាស្រ្តបច្ចកោណ គឺមានមុំ៥ មិនមែនមុំ៤ទេ។ យើងបានចាប់ផ្តើមអនុវត្ត ក្នុងរយៈមួយអាណត្តិនូវយុទ្ធសាស្រ្តត្រីកោណ បន្ទាប់ទៅយើងអនុវត្តយុទ្ធសាស្រ្តចតុកោណទី១ ទី២ ទី៣ និងទី៤»។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងឈានទៅរៀបចំយុទ្ធសាស្រ្តបច្ចកោណដែលក្នុងនោះបានប្រមូលនូវធាតុទាំងឡាយដែលមានក្នុង យុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត ដើម្បីឱ្យការដឹកនាំរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន។
សម្តេចបន្ថែមថា «យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែទៅដល់នាពេលនោះ ហើយយើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច នេះជាដំណើរការរបស់យើង យើងមិនធ្វើរបៀបកញ្ឆក់កណ្តៀតទេ»។
ជាមួយគ្នានោះដែរ សម្តេចបានបញ្ជាក់ថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ បន្ទាប់ពីចូលកាន់ដំណែង រដ្ឋាភិបាលនឹងពិនិត្យរៀបចំកែសម្រួលសមាសភាព ក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ឱ្យបានសមស្រប និងបន្តដាក់ចេញនូវ គោលការណ៍ និងវិធានការនានា ដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្រុមការងារចុះមូលដ្ឋានបន្តទៀត តាមរយៈការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេស ដែលមានចំណូលខ្ពស់៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ