ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីយុវជនម្នាក់បានឡើងកា.ប់ទ្វាររបស់ផ្ទះអ្នកស្រុក ខណៈពេលដែលម្ចាស់មិននៅ ប៉ុនប៉ងលួចយកព្រទ្យសម្បត្តិ តែត្រូវទាហានការពារព្រំដែន ចាប់ខ្លួនបាន រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ បង្កឱ្យមានការការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិសំរោងសែនជ័យ២ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សេចក្តីរាយការណ៍បានបន្តថា ជនសង្ស័យខាងលើនេះមានឈ្មោះ យៀន យុត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ។
បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិ.តទៅកា.ប់គាស់សោរទ្វារផ្ទះរបស់ជនរងគ្រោះឈ្មោះ ស្រឿន ស្រៀន ភេទប្រុស អាយុ៣២ឆ្នាំ ខណៈពេលដែលម្ចាស់ផ្ទះចាក់សោរទុកចោលហើយទៅធ្វើការនៅភ្នំពេញបាត់ ក្នុងគោលបំណងចូលលួចយកទ្រព្យសម្បត្តិ តែត្រូវប្រជាពលរដ្ឋឃើញទាន់ ក៏ប្ដឹងអាជ្ញាធរភូមិ និងប្រាប់ទាហានវរៈ៤២៤ កងពលតូច៤២ ការពារព្រំដែនតែម្តង។
សមត្ថកិច្ចបន្តថា ពេលនោះក៏មានទាហាន១ក្រុមបានចាប់ខ្លួនជនសង្ស័យយកទៅឃុំទុកនៅក្នុងបន្ទាយ រហូតដល់រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ទើបក្រុមទាហាននោះ នាំយកជនសង្ស័យទៅប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល ដើម្បីចាត់ការតាមផ្លូវច្បាប់។

នៅចំពោះសមត្ថកិច្ច យុវជនជាជនសង្ស័យរូបនោះបានឆ្លើយសារភាពថា នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខ្លួនបានកាន់កាំបិ.តដើរទៅផ្ទះរបស់ឈ្មោះ ស្រៀន ដែលចាក់សោរទុកចោលគ្មានមនុស្សនៅ ហើយក៏ធ្វើសកម្មភាពកា.ប់គាស់សោរទ្វារផ្ទះ ដើម្បីចូលលួចទ្រព្យសម្បត្តិ។ តែពេលនោះក៏មានឈ្មោះ ទ្រី ជាទាហានវរៈ៤២៤ បានមកទាន់ រួចសួរថា «ឯងកា.ប់ផ្ទះគេធ្វើអី ឯងចង់ចូលទៅយកស្អី?» ខ្លួនក៏បានឆ្លើយថា «ប្អូនមានកា.ប់រកអី ប្អូនគ្រាន់តែកា.ប់លេងតើ»។
ជនសង្ស័យខាងលើសារភាពបន្តថា ពេលនោះឈ្មោះ ទ្រី ក៏បាននិយាយទៀតថា «ឯងកា.ប់លេងមិនដឹងផ្ទះគេផ្ទះឯងទេអី!» ខ្លួនក៏តបទៅវិញថា «បើចឹង បងឯងយកទូរស័ព្ទថតទុកជាភស្តុតាងទៅ»។ ពេលនោះឈ្មោះ ទ្រី ក៏បានយកទូរស័ព្ទថតមែន រួចខ្លួនក៏បានកាន់កាំបិ.តដើរចេញឆ្ពោះទៅទិសខាងកើត លុះដើរបានឆ្ងាយបន្តិច ស្រាប់តែមានទាហានជិះម៉ូតូ និងជិះឡានមកតាមយ៉ាងព្រោងព្រាត ព្រមទាំងស្រែកថា «ឈប់ៗ ទម្លាក់កាំបិ.តចុះ»។ គ្រាន់តែឮដូច្នោះភ្លាម ខ្លួនក៏ឈប់ និងបានទម្លាក់កាំបិ.តចោល ភ្លាម»នោះពួកទាហានក៏បាននាំគ្នាចូលមកចាប់ខ្លួនយកទៅឃុំទុកក្នុងបន្ទាយនៅជិតនោះដែរ»។
ក្រោយពីស្ដាប់ចម្លើយសារភាពរួច ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកព័តមាននេះ