ខេត្តក្រចេះ ៖ កម្មករស៊ីឈ្នួលកាប់ព្រៃរានដីខុសច្បាប់បីនាក់ត្រូវបានមន្ត្រី រដ្ឋបាលព្រៃឈើស្វាយជ្រះ ឃាត់ខ្លួនកាលពីថ្ងៃទី៤ ឧសភា ខណៈពេលពួកគេកំពុងធ្វើសកម្មភាពកាប់រានលើដីព្រៃរបស់រដ្ឋនៅក្នុងភូមិសាស្រ្តភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ហើយជំនាញព្រៃឈើក៏បានកសាងសំណុំរឿងបញ្ជូនពួកគេទៅកាន់តុលាការកាលពីព្រឹកថ្ងៃទី៥ ឧសភា កន្លងមកនេះ។ អ្នកស៊ីឈ្នួលកាប់ព្រៃឱ្យគេដែលតុលាការឃុំខ្លួនមាន ១-ឈ្មោះអាង ស៊ី អាយុ១៩ឆ្នាំ រស់នៅ ភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ២-ឈ្មោះអាន ញ៉ាញ អាយុ៤៨ឆ្នាំ និង៣-ឈ្មោះប្រាក់ សុភាព អាយុ៤៥ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
តាមព័ត៌មានពីមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ បានឱ្យដឹងថា កម្លាំងមេព្រៃសហការជាមួយប៉ូលិសប៉ុស្តិ៍ស្វាយជ្រះ និងយោធាស្រុកចិត្របុរីបានឃាត់ខ្លួនអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យគេទាំងបីនាក់ពេលដែលពួកគេកំពុងធ្វើសកម្មភាពកាប់ព្រៃទំហំប្រមាណ៦ហិកតា នៅតំបន់ព្រៃបម្រុងអចិន្ត្រៃយ៍របស់រដ្ឋស្ថិតនៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល។ ក្នុងពេលឃាត់ខ្លួនអ្នកទាំងបីនោះ មេព្រៃដកហូតបានរណារយន្តចំនួនពីរគ្រឿងផងដែរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីបានឆ្លើយសារភាពថា ពួកគេបានស៊ីឈ្នួលកាប់ព្រៃក្នុងមួយហិកតាចំនួន៦ម៉ឺនរៀល។ ម្ចាស់ដីនេះឈ្មោះឃាន រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល។
លោកងិន ពេជ្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បានឱ្យដឹងថា លោកបានចោទ ប្រកាន់អ្នកទាំងបីពីបទកាប់រានដីព្រៃខុសច្បាប់តាមមាត្រា៩៧ច្បាប់ស្តីពីព្រៃឈើ ហើយបញ្ជូនពួកគេទៅចៅក្រម ភា ជា ជាចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត ហើយបានសម្រេចឃុំខ្លួនអ្នកទាំងបីបណ្តោះអាសន្ន។ ចំណែកម្ចាស់ដីក៏ត្រូវបានមន្ត្រីសមត្ថកិច្ចបង្ហើបឱ្យដឹងថា កំពុងរៀបចំសំណុំរឿងប្តឹងទៅតុលាការផងដែរ៕
ចែករំលែកព័តមាននេះ