ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានអោយដឹងនៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនពិភពដីមាស ស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហាសតិអារម្មណ៏របស់លោក ពាក់ពន្ធ័នឹងដំណើរការនិតិវិធី លើបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពត ចំនួន ២៩៥គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥លានដុល្លារអាមេរិក ។ បើលោកមានបញ្ហាសតិអារម្មណ៏ គឺដោយសារការអាណិតប្រជាពលរដ្ឋ ដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស នេះឯង ។
ការចេញមកបញ្ជាក់ពីសំណាក់លោកស្នងការនគរបាលខេត្ដកំពត ខាងលើនេះ បន្ទាប់ពីក្រុមហ៊ុនពិភពដីមាសបានចេញសេចក្តីថ្លែងការណ៍បន្ទាន់ ប្រតិកម្មទៅនឹងសំណេររបស់ស្នងការនគរបាលខេត្តកំពត និងស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិនិត្យសតិអារម្មណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងដាក់ពិន័យលើវិជ្ជាជីវៈ ថែមទាំងប្តឹងទៅតុលាការ ។
សូមបញ្ជាក់ដែរថា នៅល្ងាចថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញលិខិត ២ដាច់ដោយឡែកពីគ្នា កោះហៅលោក ហ៊ី គឹមហុង និងលោក ចេង សង្ហាក់ ដែលជាអគ្គនាយក និងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ដើម្បីសាកសួរ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពត ពីបទ ឆបោកមានស្ថានទម្ងន់ទោស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ៕







ចែករំលែកព័តមាននេះ