រាជធានីភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោងមួយរសៀលថ្ងៃទី៥ ឧសភា ២០១១ នៅចំណុចកាំជណ្តើរច្រកឌឿងហែមផ្លូវលេខ៤៩ ភូមិទី៧ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក្រោយពីសមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូច ដែលជននោះលាក់ទុកក្នុងហោប៉ៅខោ ។ ជនសង្ស័យនេះឈ្មោះអ៊ូ សុផាន ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូចដែលលាក់ទុកក្នុងហោប៉ៅខោ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅវេលាម៉ោងមួយរសៀលថ្ងៃទី៥ ឧសភា ២០១១ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដូនពេញបានប្រទះឃើញជនសង្ស័យម្នាក់ នេះ (អ៊ូ សុផាន ហៅពៅ) កំពុងឈរនៅច្រកកាំជណ្តើរឌឿងហែម ផ្លូវលេខ៤៩ (ប្លុកតាន់ប៉ា) ភូមិទី៧ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក៏បានធ្វើការឃាត់ខ្លួន និងឆែកឆេរស្រាប់តែប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៣កញ្ចប់តូច នៅក្នុងហោប៉ៅខោខាងមុខរបស់ជននោះ ។
ជនសង្ស័យអ៊ូ សុផាន ហៅពៅ បាននិយាយថា រូបគេគ្រាន់តែជួយឈរលក់ថ្នាំញៀនឱ្យមនុស្សម្នាក់ដើម្បីរកកម្រៃចាយប៉ុណ្ណោះ ហើយគេប្រកបមុខរបរលក់ថ្នាំញៀននេះអស់រយៈពេលជាងពីរខែមកហើយក្នុងមួយយប់លក់បានពី២កញ្ចប់ទៅ៣កញ្ចប់ មួយកញ្ចប់តូចតម្លៃពី២០.០០០រៀល។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពីបទជួញដូរថ្នាំញៀន៕
ចែករំលែកព័តមាននេះ