ខេត្តកំពង់ចាម ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីកម្ពុជាបានបញ្ជាក់ សម្តេចនឹងបន្តចុះជួបកម្មករកម្មការិនីនៅតាមរោងចក្រ ដើម្បីសួរសុខទុកកម្មករ ប៉ុន្តែត្រូវផ្អាកត្រឹមថ្ងៃយុទ្ធនាការបោះឆ្នោត តែបន្តក្រោយក្រោយបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅខេត្តកំពង់ចាម ជិត២ម៉ឺននាក់ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសូមប្រាប់ឯក ឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា បើយើងជ្រុលតែធ្វើហើយ ត្រូវបន្តជួបទៀត(កម្មករ) យើងមានពេលហើយបើតាមខ្ញុំគិតគូរបស់ខ្ញុំយើងផ្អាកក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែពេលបោះឆ្នោតហើយយើងចាប់ផ្តើមវិញ» ។
សម្តេចតេជោបានលើកឡើងថា បើនៅបន្តជួបកម្មករនៅតាមរោងចក្រ នៅពេលយុទ្ធនាការបោះឆ្នោតនោះនឹងមានការផាកពិន័យជាមិនខាន ព្រោះខុសច្បាប់មិនអនុញ្ញាតឲ្យទេ ។ នៅ ពេលចុះយើងក៏មានការផ្តល់ជាប្រាក់កាក់ដល់កម្មករតិចតូច និងកម្មករដែលមានផ្ទៃពោះ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បើសិនចុះតាមរោងចក្រនៅក្នុងពេលយុទ្ធនាការបោះឆ្នោតបែរជាមានការផ្តល់លុយកាក់ដល់អ្នកមានផ្ទៃពោះ ឬមានម្ហូប អាហារ និងអ្វីទៀតនោះគេផាក និងប្តឹងយើងអីញ្ចឹងយើងត្រូវគោរពតាមការច្បាប់បោះឆ្នោត» ។
សម្តេចតេជោ ក៏បន្តថា នៅពេលជួបកម្មករចំនួន១៨លើក ហើយពេលនេះយើងជួបបាន១២លើកហើយនៅសល់ប៉ុន្មានកន្លែងទៀតអាចបន្តជួបកម្មករពីក្រោយបោះឆ្នោត ឬប្រកាសរាជរដ្ឋាភិបាលថ្មី ។
សម្តេចតេជោ បានបន្ថែមថា ដល់ក្រោយបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧ហើយ ប្រកាសរដ្ឋាភិបាលថ្មីរួចនឹងបន្តជួបកម្មករទៀត ដោយអាចជួបកម្មករពី៥ទៅ១០ កន្លែងទៀត ។
សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា ៖« យើងអាចទៅជួប៥ទៅ១០កន្លែងទៀត ក្រោ យបោះឆ្នោតខ្ញុំអាចទៅបានព្រោះមិនមានបញ្ហាទាក់ទិន«…»គ្រាន់តែយើងមិនធ្វើនៅក្នុងកំ ឡុងយុទ្ធនាការបោះឆ្នោត ប៉ុន្តែក្រោយបោះឆ្នោតគ្មានតម្រូវការណាស្វែងរកសំឡេងឆ្នោត នោះទេ» ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថា ការជួបកម្មករនេះ ដើម្បីចង់ដឹងពីស្ថានភាពរបស់កម្មករកម្មការិនីយ៉ាងណាម៉េចខ្លះ ដែលពួកគេជួបការលំបាកងាយស្រួលរកដំណោះស្រាយ ។ សម្តេចតេជោ បានបន្ថែមថា ការជួបកម្មករកន្លងមកត្រូវបានជួយដោះស្រាយបញ្ហាដែលរកម្មករដូចកន្លែងហូបអាហារ កន្លែងបំបៅដោះកូន បរិស្ថានក្នុងរោងចក្រ…។
សូមជម្រាបថា បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា យុទ្ធនាការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភានឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ